អានតួអត្ថបទ

ផ្តល់ជំនួយជាម៉ាស​រាប់លានដល់​ប្រទេស​រងគ្រោះដោយសារ​កូវីដ​១៩ ជា​នយោបាយការទូតថ្មី​របស់​ចិន?

ម៉ាស​ផលិត​នៅទីក្រុង​សៀងហៃ
ម៉ាស​ផលិត​នៅទីក្រុង​សៀងហៃ REUTERS - ALY SONG

យន្តហោះ Air China ដែល​ដឹក​ម៉ាសការពារ​  ចំនួន ៥សែន ម៉ាស បាន​ចុះចត​នៅព្រលាន​យន្តហោះ​អន្តរជាតិ របស់ទីក្រុង​អាថែន ប្រទេស​ក្រិក កាលពី​ថ្ងៃ​សៅរ៍ម្សិលមិញ។ ម៉ាស​សម្រាប់ការពារ ពីមេរោគកូរ៉ូណា ជាអំណោយ​របស់​ក្រុមហ៊ុន​អគ្គិសនីរដ្ឋ​ចិន ដែល​មាន​ភាគហ៊ុន ២៥ភាគរយ នៅក្នុង​ក្រុមហ៊ុនផ្គត់ផ្គង់​អគ្គិសនី​ក្រិក។ នៅមុន​ប្រទេស​ក្រិក យន្តហោះ​ដឹកម៉ាស ចំនួន ១លាន​ម៉ាស បាន​ហោះចេញពីទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ពុធ កន្លងទៅ។ 

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន មិនថា ក្រុមហ៊ុន ឬ​រដ្ឋាភិបាល បាន​ចេញ​មុខ ផ្តល់ជំនួយ សំដៅ​បណ្តា​ប្រទេសអឺរ៉ុប កំពុង​ប្រឈម​ខ្លាំង​នឹង​វិបត្តិ​ជំងឺរាតត្បាត​កូវីដ​១៩។ នៅថ្ងៃ​សៅរ៍ ម៉ាស​ចំនួន​៥សែន ​ដែល​ជា​ជំនួយ​របស់ក្រុមហ៊ុន​អគ្គិសនីរដ្ឋ​ចិន ត្រូវ​បាន​ដឹក​ទៅដល់​ទីក្រុង​អាថែន និង​ត្រូវ​បញ្ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យ ជាទី​ម៉ាស​មាន​ការខ្វះខាត​ខ្លាំង​សម្រាប់​បុគ្គលិកពេទ្យ​ដែល​ត្រូវធ្វើការ​ជាមួយ​អ្នកជំងឺ​កូវីដ ១៩។

នៅ​សប្តាហ៍នេះ ក្រុមគ្រូពេទ្យ​ចិន​ពីរក្រុម​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីតាលី ក្នុង​កាយវិការ​សាមគ្គីភាព​ជាមួយអ៊ីតាលី ដែល​ជាប្រទេស​អឺរ៉ុប​លើកដំបូងគេ ដែល​បានចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជាមួយ​ប្រទេស​ចិន។ ចំណែក​មហាសេដ្ឋី​ជែក ម៉ា បាន​ប្រកាស​ផ្តល់​ជំនួយ ជា ម៉ាស​ចំនួន ២លាន សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប ដូចជា​ប៊ែលហ្ស៊ិក អេស្ប៉ាញ និង​អ៊ីតាលី។

បារាំង​វិញ ដែល​ខ្វះខាត​ម៉ាស និង​ប្រឈម​នឹង​ការលួចម៉ាស​ពីមន្ទីរពេទ្យ ទើប​បាន​ទទួល​ម៉ាស​សម្រាប់​បុគ្គលិកពេទ្យ ចំនួន ១លាន​ម៉ាស​ពីអង្គការ​ក្នុង​ស្រុកចិន ចំនួន​២។ អាច​ថា ជា​កាយវិការ​សងគុណ​វិញ ព្រោះ​រដ្ឋាភិបាល បារាំង កាលពីខែ​មុន បាន​បញ្ជូន​គ្រឿង​បរិក្ខាពេទ្យ ១៧​តោន ទៅ​ទីក្រុង​វូហាន ដែលរងគ្រោះ​មុនគេ​ដោយសារ​មេរោគកូរ៉ូណា។

បារាំង និងបណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ដែល​កំពុង​ជួបវិបត្តិ​ជំងឺ​រាតត្បាត​កូវីដ ១៩ ដោយសារ​ការកើនឡើង មិនឈប់ ទាំង​អ្នកស្លាប់ និង​អ្នកឆ្លង មេរោគកូរ៉ូណា កំពុង​ប្រឈម​នឹង​ការខ្វះខាត​ឧបករណ៍​ការពារ​ខ្លួន ដូចជាម៉ាស ហើយនិង​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ។

នៅ​សប្តាហ៍នេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី  អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen)​បាន​សរសេរ​ថ្លែង​ដឹងគុណ ប្រទេស​ចិន ដែល​សន្យា​ផ្តល់​ម៉ាស ២លានដល់​បណ្តា​ប្រទេស​អឺរ៉ុប។

សម្រាប់អ្នកជំនាញ ជាមួយ​នឹង​នយោបាយការទូត ជួយ ចែករំលែកម៉ាស​លើកនេះ ទីក្រុង​ប៉េកាំងបានឆ្លៀត​យក​បញ្ហាកូរ៉ូណា​លើកនេះ ដើម្បី​កែប្រែ​ជោគវាសនា​របស់​ចិន។ ចិន​ដែល​ធ្លាប់​រងការរិះគន់ ថា ជាប្រភព​មេរោគ​កូរ៉ូណា និង​បានបិទបាំង​បញ្ហា​នេះ នៅដំបូងទី នៅពេលនេះ បាន​ក្លាយ​ជា​ប្រទេស​មាន​សណ្តាន​ចិត្ត នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​អឺរ៉ុប។ ចិន​ជួយ​ប្រទេស​ដែល​ត្រូវការ​ខ្លាំង​ជំនួយ​គ្រឿងបរិក្ខាពេទ្យ សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩។ នេះគេ​នៅមិនទាន់​និយាយ​ពី​វិធានការ​ដាក់​បង្ខាំងមនុស្ស​ក្នុង​ផ្ទះ ដ៏​មាន​ប្រសិទ្ធិភាព ដែល​ប្រទេសកាន់តែច្រើន​បាន​អនុវត្តតាម ដើម្បី​កាត់បន្ថយ ការចម្លង​មេរោគកូរ៉ូណា។

ជាមួយ​នឹង​ជំនួយ​ម៉ាស និង​គ្រឿងបរិក្ខាពេទ្យ ចិនមិនត្រឹម​តែ​ទាក់ទាញ បណ្តាប្រទេស​អឺរ៉ុប ដែល​ធ្លាប់​រិះគន់​ចិន​តែប៉ុណ្ណោះទេ ប៉ុន្តែ​ចិន នៅបាន​កំពុង​បំបាក់មុខ​អាមេរិក​ដែល​ពេលនេះ កំពុង​វក់វី ដោយសារ​វិបត្តិមេរោគកូរ៉ូណាក្នុង​ស្រុក។ ដោយ​គ្មាន​ករណី​ឆ្លងថ្មី ក្នុង​ស្រុក​ទាល់តែសោះ ក្នុង​រយៈពេល ៣ថ្ងៃ​នេះ ចិន​បានងើប​ឈរ និង​ចេញមុខ​ជា​ប្រទេស​មហាអំណាច នៅមុខអាមេរិក ដើម្បី អន្តរាគមន៍ ជួយ​ប្រទេសផ្សេងទៀត ក្នុង​កាលៈទេសៈ​ដែល​មានការរាតត្បាត​របស់មេរោគកូរ៉ូណាថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ