អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​ចាប់ផ្តើម​សាកល្បង​​វ៉ាក់សាំង​កូវីដ១៩​​លើ​អ្នក​ស្ម័គ្រចិត្ត​ជាង១០០នាក់

Coronavirus : les premiers essais cliniques d'un vaccin sont en cours
Coronavirus : les premiers essais cliniques d'un vaccin sont en cours © futura-sciences

មេរោគកូរ៉ូណាថ្មី បានរាតត្បាតស្ទើរតែទូទាំងពិភពលោក ដោយ​ចម្លងដល់មនុស្ស ចំនួនជាង៣៤ម៉ឺននាក់ ហើយសម្លាប់មនុស្ស ជាង១ម៉ឺន៥ពាន់នាក់ទៅហើយ។  ថ្ងៃ​ចន្ទ ទី​២៣មីនា  ប្រទេស​ចិន​ ​ប្រកាសជាផ្លូវការ​​ពីការ​សាកល្បង​វ៉ាក់សាំងប្រឆាំង​មេរោគកូវីដ-១៩ ជា​លើក​លើកដំបូង ដែល​ត្រូវ​ចាក់​ពិសោធ​លើ​មនុស្សអ្នក​ស្មគ្រចិត្ត​ប្រមាណ​ជាង​​១០០នាក់។ បើ​តា​មការ​បញ្ជាក់​របស់​រដ្ឋ​អំណាច​ចិន​  អ្នក​ស្មគ្រទទួល​ការ​ពិសោធ​ចាក់​វ៉ាក់​សាំងទាំង​អស់​​នោះ  ​ជា​អ្នក​ស្រុក​វូហាន​ ដែល​ជា​ទីកន្លែង​​ផ្ទុះ​ចេញ​មេរោគ​កូរ៉ូណាថ្មីតែម្តង​។  ការ​ប្រកាស​របស់​ចិន ពីការ​ពិសោធ​វ៉ាក់​សាំង​លើ​មនុស្ស​ ​នៅពេល​នេះ គឺបន្ទាប់ពី​អាមេរិក​ បាន​ប្រកាស​ពិសោធ​វ៉ា​ក់​សាំង​លើ​មនុស្ស​ដែរ ក្នុងក្រុង Seattle ​កាលពី​សប្តាហ៍​មុន។​ ទន្ទឹមគ្នានេះ ប្រទេស​ធំៗ​នៅ​អឺរ៉ុប ក៏បាន​ប្រកាស​ពីការ​ដំណើរ​រុករក​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ-១៩ ជា​ទ្រង់​ទ្រាយ​ធំ​ផងដែរ។ តើ​នៅក្នុង​ពេល​ដ៏ខ្លី​នេះ គេ​នឹង​អាច​រក​ឃើញ​ថ្នាំ​ ឬ​វ៉ាក់សាំង​បង្ការ​មេរោគ​កូរ៉ូណាថ្មី មែន​ឬយ៉ាងណា​?​

ផ្សាយពាណិជ្ជកម្ម

តើ​ការ​ពិសោធចិនបា​ន​លទ្ធ​ផល​យ៉ាងណា​ទៅហើយ?​

​ដូច​ជា​លឿន​ពេក​ ក្នុងការ​និយាយ​ពី​លទ្ធផល ក៏ប៉ុន្តែ នេះក៏​ជាការ​ចាត់ទុកថា មាន​ការ​វិវឌ្ឈ​ច្រើន​ដែរ ដែល​អ្នក​វិទ្យាសាស្ត្រ​ចិន ផ្តើម​សាក​ពិសោធ​វ៉ាក់សាំង​ទៅលើ​ខ្លួន​មនុស្ស។ ​ថ្ងៃ​សុក្រ​កន្លងទៅ ​ចិន​បាន​ផ្តើម​ចាក់​ពិសោធវ៉ាក់សាំង​ ជា​លើក​ដំបូង លើ​អ្នក​ស្រុក​វូហាន​ ចំនួន​១០៨នាក់ ដែល​ត្រូវ​បែង​ចែក​មនុស្ស​ជា​បី​ក្រុម​។ ពួកគេទាំង​នោះ ​មាន​អាយុ​ចន្លោះ​ពី​១៨ទៅ​៦០ឆ្នាំ។  នេះបើតាម​ការ​ផ្សាយ​ ក្នុង​​កាសែត​ផ្លូវការ របស់ បក្ស កុម្មុយនិស្ត ចិន ជាភាសា​អង់គ្លេស ឈ្មោះថា​ Global Times។

​រដ្ឋអំណាច​ទទួល​បន្ទុក​សុខាភិបាល​ចិន បាន​ចេញបញ្ជា​និងអនុញ្ញាត​ឱ្យ​ពិសោធ​វ៉ាក់​សាំង​លើមនុស្ស​​ ហើយ​ការ​ពិសោធនេះ ​ធ្វើ​ឡើងតាំង​ពី​​នៅ​ពេល​ដែលចិន​​ទទួល​បាន​ដំណឹងភ្លាម​​ថា សហរដ្ឋ​អាមេរិក​ ពីថ្ងៃទី​១៧មីនាសប្តាហ៍មុន​ បាន​ផ្តើម​ចាក់​វ៉ាក់សាំង​ពិសោធ​លើក​ខ្លួន​អ្ន​កស្មគ្រចិត្ត ចំនួន​៤៥នាក់​ នៅ​ក្រុង Seattle។ «ប្រទេស​ ចិន​ គឺ នឹង​មិនព្រម​ចុះចាញ់​ និង​បណ្តោយ​ឱ្យ​សហរដ្ឋ​អាមេរិក ​រក​ឃើញ​វ៉ាក់​សាំង​មុន​ខ្លួន​នោះទេ។» នេះតាម​ការ​យល់ឃើញ​របស់​កាសែត​  Global Times និងថា «ការ​រុករក​វ៉ាក់សាំង​បង្កា​រ​មេរោគកូរ៉ូណាថ្មី ហាក់​ដូច​ជា​ការប្រកួត​ប្រជែង​គ្នា​មួយ​ដែរ រវាង​មហាអំណាច​ទាំង​ពីរ អាមេរិក​និង​ចិន»។

 

ដំណើរការវិវឌ្ឍ​ក្នុងការរុករកវ៉ាក់សាំង​នៅ​អឺរ៉ុប

រុស្ស៊ី ជា​មហាអំណាច​ធំ​ដែរ បាន​ផ្តើម​ធ្វើការ​ស្ងាត់ៗ។  អ្ន​កវិទ្យាសាស្ត្រ​​រុស្ស៊ី​ បាន​ផ្តើម​ដំណើរការរុករក​ពិសោធ​វ៉ាក់​សាំង​តាំងពីខែ​មករាមកម្ល៉េះ ហើយ​រុស្ស៊ី​បាន​ចាក់​វ៉ាក់សាំង​ពិសោធ​សាកល្បង​ លើ​សត្វ​ជាច្រើន​រួច​មកហើយ។ លទ្ធផល​នៃការ​ពិសោធនេះ អាច​នឹងត្រូវ​រង់ចាំ​យូរ យ៉ាងហោច​ដល់​ខែ​មិថុនា​ឯណោះ ទើបបាន​ដឹង។ នេះបើតាម​ទីភ្នាក់​បារាំង​ AFP។

នៅស្រុកបារាំង   បារាំងបានផ្តើមបើកការសិក្សាពិសោធទ្រង់ទ្រាយធំ ដែលផ្តើមពីថ្ងៃទី២២ម្សិលមិញនេះ ដោយមានការប្រមូលផ្តុំមន្ទីរពិសោធន៍ជាច្រើនរួមគ្នា ដូចជា មន្ទីរពិសោធ៍នៅនៅប៉ារីស, លីយ៉ុង ណង់តឺ និង លីល ជាដើម ហើយនិងពួតដៃជាមួយមន្ទីរពិសោធន៍ជាងដប់ផ្សេងទៀត។ ក្នុងការសិក្សារបស់បារាំងនេះ ក៏នឹងសហប្រតិបត្តិការជាមួយប្រទេសជាច្រើននៅអឺរ៉ុប ដោយត្រូវពិសោធសាកល្បង និងតាមដានការពិនិត្យព្យាបាល លើអ្នកជំងឺកូវីដ-១៩ ចំនួន ៣ពាន់២រយនាក់ នៅអឺរ៉ុប ក្នុងនោះ អ្នកជំងឺចំនួន ៨០០នាក់ មកពីបារាំង។

ចំណែក មន្ទីរពិសោធន៍វេជ្ជសាស្ត្រ Sanofi របស់ក្រុមហ៊ុន​បារាំង​ កំពុង​សិក្សាវ៉ាក់​សាំង​បង្ការ​កូរ៉ូណាថ្មី​ ដោយ​យក​មូលដ្ឋាន​នៃការ​ផលិត Kevzara។​ Kevzara ជា​ប្រភេទ​ថ្នាំ ជំនួយ​ប្រព័ន្ធ​ការពារ​ខ្លួន​ និង​ជា​លទ្ធផល​ការងារ​ស្រាវជ្រាវ​រួម​គ្នា​របស់​ក្រុមហ៊ុន​ឱសថ​បារាំង​និង​អាមេរិក តាំង​ពី​ឆ្នាំ​២០១៧​មក ដើម្បី​ព្យាបាល​ជំងឺ​រលាក​សន្លាក់។ បារាំង​យល់ថា ការឈរ​លើ​មូលដ្ឋាន​ចាស់​ ដែល​មាន​ស្រាប់បែបនេះ វា​ងាយ​សស្រួល និង​ចំណេញ​ពេលវេលា ជាជាងការ​ត្រូវ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​មក ​តែម្តងនោះ។

រីឯ​​ក្រុមហ៊ុនរបស់​ អាល្លឺម៉ង់ វិញ ក៏​សកម្ម​ណាស់ដែរ រហូត​ដល់​ លោក ដូណាល់ ត្រាំ ចង់ចំណាយលុយ ទិញវ៉ាក់សាំង យកទៅអាមេរិក​ផ្តាច់មុខតែម្តង។

ក្នុង​ដំណើរ​ការ​រុករក​វ៉ាក់សាំងនេះដែរ​ សហភាព​អឺរ៉ុប បាន​សម្រេច​ឱ្យ​កញ្ចប់​ថវិកា​ចំនួន​១០លាន​អឺរ៉ុប​ ដែល​ជួយ​ដល់​គម្រោង​ស្រាវជ្រាវ នៅ​តាមមន្ទីរពេទ្យ ប្រមាណ​៣០០ និង​មន្ទីរពិសោធន៍​ ប្រមាណ​៩០០កន្លែង​។ ទោះយ៉ាងណាក្តី  វា​​ត្រូវ​ស៊ីពេល​យូរក្រែល​ដែរ​ សោភ័ណ។​

 

តើ​ត្រូវ​ការ​ពេល​វេលា​ប៉ុន្មានទៀត ទម្រាំ​រក​វ៉ាក់សាំង​បង្ការឃើញ?

ដំណាក់​កាល​ផលិត​វ៉ាក់​សាំង ​ស៊ីពេល​យូរណាស់ បើគោរព​តាម​ច្បាប់​និង​បទដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។ ទម្រាំ​ដល់​ដំណាក់កាល​​យក​វ៉ាក់សាំង​ទៅចាក់​ពិសោធ​លើ​ខ្លួន​មនុស្សបាន គឺប្រើ​ពេល​យូរណាស់។ ការដែល​អាមេរិក​និង​ចិន​ បាន​សាកល្បង​ពិសោធ​វ៉ាក់សាំង​លើ​មនុស្ស​ នៅពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ គឺចាត់ទុក​ថា លឿន​គ្រាន់​បើ​ហើយ។ 

តាម​​អ្នកជំនាញ ទាំង​បារាំង អឺរ៉ុប និងអាមេរិក​ក្តី គឺ​សុទ្ធ​តែ​យល់​ឃើញ​ដូចគ្នាថា ដំណើររក​រុក ទម្រាំឃើញ​វ៉ាក់សាំង​ និង​ថ្នាំ​បង្ការ​ដែល​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​និងត្រឹមត្រូវ អាច​​ទុក​ចិត្ត​បាន​នោះ  ​យ៉ាង​យោចណាស់ ក៏ត្រូវ​ចំណាយ​ពេល​វេលា ចំនួន​​១២ខែ ទៅ​១៨ខែដែរ (មួយ​ឆ្នាំ ទៅ​១ឆ្នាំ​កន្លះ)៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ