អានតួអត្ថបទ
ជប៉ុន-កីឡាអូឡាំពិក-កូរ៉ូណា

ព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិក​នៅ​តូក្យូ​ ទំនងជា​ត្រូវលើកពេល​ដោយសារ​កូវីដ១៩​

ស្ត្រីម្នាក់ពាក់ម៉ាស់មុខ ដើរកាត់មុខនាឡិការាប់ថយក្រោយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅខាងក្រៅស្ថានីយតូក្យូនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ២០២០។
ស្ត្រីម្នាក់ពាក់ម៉ាស់មុខ ដើរកាត់មុខនាឡិការាប់ថយក្រោយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក នៅខាងក្រៅស្ថានីយតូក្យូនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ២០២០។ AFP - BEHROUZ MEHRI

ព្រោះតែវិបត្តិកូវីដ១៩ ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ដែលនឹងត្រូវប្រព្រឹត្តទៅ​នាខែកក្កដា ឆ្នាំ២០២០ ខាងមុខ ទំនងជាត្រូវពន្យារពេល។ ​ ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍​នេះ មានបំណងចង់​រក្សា​ការប្រកួតតាមកាលកំណត់ ក៏ប៉ុន្តែដោយរងសម្ពាធកាន់តែច្រើននៅថ្ងៃចន្ទ ទី២៣ មីនានេះ ជប៉ុនថា ការលើកពេលទំនងជារឿងជៀសមិនរួចនោះទេ។

ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូ ប្រហែលជាត្រូវពន្យារពេល ដោយជៀសមិនផុតនោះទេ ជាពិសេសបន្ទាប់ពីប្រទេសកាណាដា ព្រមទាំងអូស្ត្រាលី ប្រកាសដកខ្លួន មិនចូលរួមក្នុងការប្រកួតឡើយ។

ការប្រកាសរបស់កាណាដា និងអូស្ត្រាលីនេះ ហាក់កាន់តែដាក់សម្ពាធខ្លាំងឡើងៗ ដល់ប្រទេសជប៉ុន ក៏ដូចជា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឲ្យយល់ព្រមលើកពេល​នៃការប្រកួត។ ជាក់ស្តែង ខុសពីមន្ត្រីជប៉ុន ដែលកាលពីប៉ុន្មានសប្តាហ៍មុន បាននិយាយថា ការប្រកួត​កីឡា​អូឡាំពិក នៅតែប្រព្រឹត្តធ្វើដូចការគ្រោងទុក លោកនាយករដ្ឋមន្ត្រីជប៉ុន​ស្ហីនហ្សូ អាបេ ថា ការលើកពេល ប្រហែលជារឿងដែលជៀសមិនបាននោះទេ។

ថ្លែងនៅក្នុងរដ្ឋសភា នៅថ្ងៃចន្ទ ទី២៣ មីនានេះ លោកអាបេ​ បានមានប្រសាសន៍ ​ជាលើក​ដំបូងថា ការពន្យារពេល អាចនឹងកើតឡើង ប្រសិន​បើម្យ៉ាង ការប្រកួត មិនអាច​ប្រព្រឹត្ត​ទៅ តាម​បទដ្ឋានពេញលេញត្រឹមត្រូវ ព្រោះតែការ​ឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត ដោយសារតែ គេត្រូវគិតដល់សុវត្ថិភាពរបស់កីឡាករជាចំបង។

តែទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ បានទទូចដែរថា ព្រឹត្តិការណ៍ប្រកួត​កីឡាអូឡាំពិក អាចនឹងត្រូវលើកពេលបាន ក៏ប៉ុន្តែ គេមិនត្រូវលុបចោល​កម្មវិធីប្រកួត​ទាំងស្រុង​ជាដាច់ខាត។

ពាក់ព័ន្ធរឿងនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងថា ការពន្យារពេល​នៃការប្រកួត ពិតណាស់ គឺជាសេណារីយ៉ូមួយ ដែលអាចកើតឡើង​ពិតប្រាកដមែន ដោយហេតុថា ជីវិតមនុស្សសំខាន់ជាងអ្វីៗទាំងអស់។ ដោយឡែក IOC បានទទូចថាដែរ ការលុបចោលកម្មវិធីទាំងសុ្រងតែម្តង នឹងមិនអាចដោះស្រាយបញ្ហា​ណាមួយ​ ឬក៏ជួយអ្នកណាម្នាក់បាននោះទេ។

គួររំឭកជូនថា តាមការគ្រោងទុក ការប្រកួតកីឡាអូឡាំពិកនៅតូក្យូ នឹងផ្តើមប្រារព្ធនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខ។ មន្ត្រីជប៉ុន នឹងជួបពិភាក្សាជាមួយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ​ ជុំវិញជោគវាសនានៃការប្រកួតនេះ ហើយគេរំពឹងថា IOC ​ នឹងសម្រេចជាផ្លូវការ​ អំពីថាតើគួរ ឬមិនគួរ ពន្យារពេលនៃការប្រកួតកីឡាអូឡាំពិក ក្នុងរយៈពេល ៤ សប្តាហ៍ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ