អានតួអត្ថបទ

ការប្រកួតកីឡាអូឡាំពិក​នៅតូក្យូ ត្រូវលើកពេល​ទៅធ្វើ​នៅ ឆ្នាំ ២០២១

ស្រ្តីជប៉ុន​ពាក់ម៉ាស ការពារ​ពីការឆ្លងមេរោគកូរ៉ូណាវីរុស នៅទីក្រុង​តូក្យូ
ស្រ្តីជប៉ុន​ពាក់ម៉ាស ការពារ​ពីការឆ្លងមេរោគកូរ៉ូណាវីរុស នៅទីក្រុង​តូក្យូ REUTERS - ISSEI KATO

នៅក្នុងបរិបទ​ដែល​ពិភពលោក​កំពុង​ជួបវិបត្តិ​កូវីដ១៩ រដ្ឋាភិបាល​ជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក អន្តរជាតិ បាន​សម្រេច​រួមគ្នា និង​ប្រកាស​ជាផ្លូវការ​ថា នឹង​លើក​ការប្រកួត​កីឡាអូឡាំពិក តូក្យូ ទៅធ្វើ នៅ រដូវក្តៅ​ឆ្នាំ​២០២១ ឆ្នាំ​ក្រោយវិញ។ នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​រួម របស់​នាយករដ្ឋមន្រ្តី ជប៉ុន លោកស្ហ៊ីនហ្សូ អាបេ ហើយ​និង​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក អន្តរជាតិ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ 

ផ្សាយពាណិជ្ជកម្ម

ការប្រកួតកីឡាអូឡាំពិក នៅទីក្រុង តូក្យូ គ្រោងនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ២៤ កក្កដា ឆ្នាំនេះ ប៉ុន្តែ ទៅតាម​ការស្នើឡើង​របស់ភាគី ជប៉ុន តាមរយៈ លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ គណៈកម្មាធិការ​អូឡាំពិក អន្តរជាតិ បានសម្រេច​រួមគ្នា ថា នឹង​លើកពេល​ការប្រកួត​កីឡាអូឡាំពិក ទៅធ្វើនៅ​ពាក់កណ្តាល​ឆ្នាំក្រោយវិញ។

នៅក្នុង​សេចក្តីថ្លែងការណ៍រួម ចេញផ្សាយ កាលពីថ្ងៃ​អង្គារ ថ្នាក់ដឹកនាំ​ជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​អះអាង​ថា គេត្រូវ​លើកពេល​ការប្រកួត​កីឡាអូឡាំពិក ដើម្បី ការពារ សុវត្ថិភាព សុខភាព របស់​អត្តពលិក អ្នកចូលរួម នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក និង​សហគមន៍​អន្តរជាតិ​ទាំងមូល។

ភាគីជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បាន​យល់​ព្រមព្រៀង​គ្នា​ដែរ​ថា ទោះបី​ជា​ត្រូវ​លើកពេល​ទៅ​ប្រកួត​នៅឆ្នាំ​២០២១ ប៉ុន្តែ គេ​នឹង​រក្សា​ឈ្មោះ ដដែល គឺ​អូឡាំពិក​តូក្យូ ២០២០ ចំណែក ភ្លើងគប់ ដែល​ត្រូវ​គេ​កាន់ចេញពី​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ នឹង​ស្ថិតនៅក្នុង​ប្រទេស​ជប៉ុន រហូត​ដល់​ព្រឹត្តិការណ៍អូឡាំពិក​ឆ្នាំក្រោយ។

ជប៉ុន និង​គណៈកម្មាធិការ​កីឡាអូឡាំពិក​សម្រេច​លើកពេល រៀបចំ​ព្រឹត្តិការណ៍ អូឡាំពិក តូក្យូ ២០២០ បន្ទាប់ពីមាន ​ពហិការ​របស់​អូស្ត្រាលី កាណាដា និង​សហព័ន្ធ​កីឡាអត្តពលិកម្ម រួមទាំងសហព័ន្ធកីឡាហែលទឹក អាមេរិក ដែល​បាន​ទាមទារ​ឲ្យ​គេពន្យារពេល​រៀបចំ​ការប្រកួតកីឡាអូឡាំពិក ដោយសារ​វិបត្តិ​កូរ៉ូណាវីរុស។

 ចាប់តាំង​ពីកកើតឡើង នៅ​ឆ្នាំ ១៨៩៦ នេះជា​លើកទី១ ដែល​ការប្រកួត​កីឡាអូឡាំពិក​ត្រូវ​ប្រកាសលើកពេល នៅក្នុង​សម័យ​សន្តិភាព។ កន្លងមក ក្រៅតែ​ពី​សង្រ្គាម​លោក ការប្រកួត​កីឡាអូឡាំពិក នៅត្រូវរៀបចំ ជាធម្មតា បើទោះបី មានការគំរាមកំហែង​ភេរវកម្ម ឬ ពហិការ​របស់​ប្រទេសមួយចំនួន ដោយសារ​ហេតុផល​នយោបាយ​ក្តី។

នៅក្នុង​ប្រវត្តិ​របស់ខ្លួន​ដែលបានធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កីឡាអូឡាំពិក នេះជា​លើកទី២ ដែល​ជប៉ុន ជួប​សំណាង​អាក្រក់ ខកខាន​មិនបាន​រៀបចំ ទៅតាមកាលកំណត់។ នៅ​ឆ្នាំ ១៩៤០ ជប៉ុន ដែលត្រូវ​បាន​ជ្រើសរើស​ជា​ប្រទេស​អាស៊ី​ដំបូង គេ ដើម្បី​រៀបចំ​កីឡាអូឡាំពិក បាន​សម្រេច​ដកខ្លួន​ទៅវិញ ដោយសារ​ការដាក់សម្ពាធ​របស់​សហគមន៍​អន្តរជាតិ ក្នុង​រឿង​ដែល​ជប៉ុន​ចូលឈ្លានពាន​ប្រទេស​ចិន។

ការពន្យារពេល រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​លើកនេះ គឺ​ជាដំណឹងអាក្រក់​បំផុត សម្រាប់​ប្រជាជន​ជប៉ុន ដែល​ធ្លាប់​មាន​មោទភាព ធ្វើ​ជាម្ចាស់ផ្ទះ​JO ២០២០ និង​ជាពិសេស ទីក្រុង​តូក្យូ ដែល​បាន​ត្រៀមខ្លួន ៧ឆ្នាំមកហើយ និង​បាន​ចំណាយ​ថវិកា​ប្រមាណ ជាង ១២ពាន់​លាន​ដុល្លារ ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍ សំខាន់​មួយនេះ។ គេវាយតម្លៃថា ការលើកពេល​ការប្រកួតកីឡាអូឡាំពិក ទៅធ្វើ​នៅឆ្នាំក្រោយ នឹង​ធ្វើ​ឲ្យ​ជប៉ុន​ខាតបង់​ថវិកា ជាង ៦ពាន់​លាន​ដុល្លារ មុន​នឹង​ប្រមូលដើម មកវិញ នៅពេល​ការប្រកួតកីឡា​ចាប់ផ្តើម​ចេញជារូបរាង នៅឆ្នាំក្រោយ។ ការលើកពេល ការប្រកួតកីឡាអូឡាំពិក ជា​សុបិន​អាក្រក់ ផងដែរ សម្រាប់​ក្រុមហ៊ុនឧបត្ថម្ភ​កម្មវិធី ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម ដែលសង្ឃឹម​ទទួល​ផលចំណេញ ពីការផ្សាយ​ពាណិជ្ជកម្ម ក្នុង​ការប្រកួតកីឡាអូឡាំពិក ដែល​មានតែ​ក្នុង​រយៈពេល ៤ឆ្នាំម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ