អានតួអត្ថបទ
ជប៉ុន-កូវីដ១៩

ជប៉ុន ត្រៀម​បញ្ចេញ​ថវិកា​ដ៏ច្រើន​ដើម្បី​ជួយ​សេដ្ឋកិច្ច​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩​

លោកស្ហីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។
លោកស្ហីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន។ REUTERS - ISSEI KATO

នាយករដ្ឋមន្រ្តីជប៉ុន លោកស្ហីនហ្សូ អាបេ នៅថ្ងៃសៅរ៍ ទី២៨ មីនា បានសន្យាថានឹងចាត់​វិធានការប្រកបដោយអានុភាពខ្ពស់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ កុំឲ្យរងគ្រោះខ្លាំង ពីជំងឺរាតត្បាតកូវីដ១៩។ ខណៈពេលដែលការរីករាលដាលនៃកូវីដ១៩ នៅតែបន្តមាន​នៅក្នុង​ប្រទេស លោកអាបេ បានមានប្រសាសន៍​ដែរថា ជប៉ុនត្រូវការតៀមខ្លួន ត្រៀមលុយ​ឲ្យហើយស្រេច​ មុនអ្វីៗត្រូវ​ហួស​ពេល។

ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រីជប៉ុនស្ហីនហ្សូ អាបេ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃសៅរ៍ម្សិលមិញថា ជប៉ុន កំពុងស្ថិត​ក្នុងដំ​ណាក់ កាល​​គ្រោះថ្នាក់ ហើយលោកចង់និយាយត្រង់ៗពីបញ្ហានេះ។

បញ្ហាដែលលោកអាបេ ចង់និយាយត្រង់ៗនោះ គឺការកើនឡើងនៃការឆ្លងរាលដាលជំងឺកូវីដ១៩  ដែលជាកត្តាជះឥទ្ធិពលអាក្រក់ ដល់សេដ្ឋកិច្ចជប៉ុន ដែលជាប់ចំណាត់​ថ្នាក់លេខ៣ នៅក្នុងពិភពលោក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK គិតត្រឹមសៅរ៍ ទី២៨ មីនា ឆ្នាំ ២០២០ ករណី​ឆ្លងកូវីដ១៩ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ជាង ១ ៧០០ ករណី ដោយកើនឡើងដល់ទៅ ២០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃចុងក្រោយនេះ។ ចំនួននេះ នៅមិនទាន់រាប់បញ្ចូលអ្នកដំណើរ តាមនាវាទេសចរណ៍ ដែលត្រូវបានបង្ខាំង កាលពីខែកុម្ភៈនោះទេ។

លោកអាបេ បានមានប្រសាសន៍ថា ជំងឺរាតត្បាត កំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ ហេតុដូចនេះហើយ រដ្ឋាភិបាលនឹងបញ្ចេញ​បញ្ចប់ថវិកាដ៏ច្រើន ដើម្បីជួយការពារសេដ្ឋកិច្ច កុំឲ្យលិចលង់ដោយសារកូវីដ១៩។

ទំហំនៃកញ្ចប់ថវិកាដែលត្រៀមបញ្ចេញ បើតាមលោកស្ហីនហ្សូ អាបេ នឹងមានចំនួនលើសពី ថវិកាដែលជប៉ុនបានប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ ២០០៨ ដែលមានចំនួន ៥២៨ ពាន់លានដុល្លារ ទៅទៀត។

ផ្នែកមួយនៃវិធានការនេះ ក៏មានផងដែរ ការអនុញ្ញាតឲ្យក្រុមហ៊ុនសហគ្រាសខ្នាតតូច អាចខ្ចីលុយ ពីស្ថាប័នហិរញ្ញវត្ថុឯកជនក្នុងប្រទេសជប៉ុន ដោយមិនគិតការប្រាក់អ្វី​ទាំងអស់។

គួរជ្រាបថា រដ្ឋាភិបាលជប៉ុន ចង់សម្រេចឲ្យបាននូវវិធានការ​ស្រោចស្រង់សេដ្ឋកិច្ច​ក្នុង​រយៈពេល​ ១០ ថ្ងៃខាងមុខ និងព្យាយាមឲ្យសភា យល់ព្រមអនុម័តលើសំណើនេះ​ឆាប់ៗ តាមដែលអាចធ្វើទៅបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ