អានតួអត្ថបទ
ជប៉ុន-កីឡាអូឡាំពិកក្រុងតូក្យូ

ការប្រកួត​កីឡា​អូឡាំពិក​ក្រុុងតូក្យូ ត្រូវ​លើកទៅ​បើកធ្វើ​នៅថ្ងៃ​ទី​​២៣​កក្កដា២០២១

កងប្រាំ ​ និម្មិតសញ្ញាកីឡាអូឡាំពិក នៅសង្កាត់ Odaiba Marine Park ទីក្រុង​តូក្យូ។
កងប្រាំ ​ និម្មិតសញ្ញាកីឡាអូឡាំពិក នៅសង្កាត់ Odaiba Marine Park ទីក្រុង​តូក្យូ។ REUTERS - Issei Kato

ជិតមួយសប្តាហ៍ បន្ទាប់ពីបានសម្រេច​លើកការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ទៅធ្វើនៅឆ្នាំក្រោយ ដោយសារតែកូរ៉ូណាវីរុស កាលពីថ្ងៃចន្ទទី៣០មិនា គណកម្មការរៀបចំ បានប្រកាសជាផ្លូវការ ដោយបានកំណត់ យកថ្ងៃទី២៣ ខែកក្កដា​ឆ្នាំ២០២១ ជាថ្ងៃផ្តើមបើកកីឡាអូឡាំពិកនៅក្រុងតូក្យូ។ គួតកត់សំគាល់ថា នេះគឺជាលើកទីមួយហើយ ដែលកីឡាអូឡាំពិក ត្រូវលើកពេលប្រកួត​ ហើយការលើកពេលនេះ នឹងបង្កជាផលវិបាកជាខ្លាំង ទាំងផ្នែកហិរញ្ញវត្ថុ ទាំងការរៀបចំទូទៅ។

ផ្សាយពាណិជ្ជកម្ម

ក្រោយការប្រជុំពិគ្រោះគ្នា រវាងគណកម្មារ​ររៀបចំកីឡាអូឡាំពិកតូក្យូ គណកម្មាធិការ​អូឡាំពិកអន្តរជាតិ ព្រមទាំងសហព័ន្ធកីឡាអន្តរជាតិទាំង៣៣ បានសម្រេចថា កីឡាអូឡាំពិកក្រុងតូក្យូ និងចាប់ផ្តើមបើក នៅថ្ងៃទី២៣កក្កដាឆ្នាំ២០២១ ហើយបិទបញ្ចប់ នៅថ្ងៃទី​៨សីហាឆ្នាំ២០២១។ ចំណែក ការ​ប្រកួត​កីឡាប៉ារ៉ាឡាំពិក ជនពិកា នឹងចាប់​ផ្តើមបើក នៅថ្ងៃទី​២៤សីហា២០២១។ នេះគឺជាការប្រកាស​ របស់លោក Yoshiro Mori ប្រធានគណកម្មការរៀបចំកីឡាអូឡាំពិកក្រុងតូក្យូ។

គួររំលឹកថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានលេចឮ ទាក់ទិននឹងកាលបរិច្ឆេទថ្មី។ បណ្តាាញព័ត៌មានខ្លះ បានលើកឡើងថា កីឡាអូឡាំពិកក្រុងតូក្យូ អាចនឹងត្រូវរៀបចំធ្វើនៅរវាងរដូវផ្ការីកឆ្នាំ២០២១ ព្រោះថាបើធ្វើ​នៅរដូវក្តៅ សីតុណ្ហភាព​ក្តៅខ្លាំង មានការលំបាកសម្រាប់ ទាំងកីឡាករ ទាំងអ្នកចូលរួមទស្សនាគាំទ្រ។ ដើម្បីបិទបញ្ចប់ពាក្យចចាម​អារ៉ាម គណកម្មការ​រៀបចំ​កីឡា​អូឡាំពិកតូក្យូ បានប្រកាសអំពីការសម្រេច រើសយកថ្ងៃទី​២៣កក្កដា២០២១ ជាថ្ងៃបើកការប្រកួត ពោលគឺមួយឆ្នាំគត់ ក្រោយកាលបរិច្ឆេទដែលគ្រោងធ្វើដំបូង។

គួរកត់សំគាល់ថា នេះជាលើកទីមួយហើយ ក្នុងប្រវត្តិសាស្ត្រ ដែលកម្មវិធីប្រកួតកីឡាអូឡាំពិក ត្រូវលើកពេល ដោយសារតែមេរោគរាតត្បាត។ បញ្ហានេះ បានបង្កើតជាផលវិបាកច្រើនខ្លាំងណាស់ ដល់ការរៀបចំទាំងមូល មិនថាសម្ភារៈ ហេដ្ឋរចនាសម្ព័ន្ធ និងការចាត់ចែងទូទៅ។ វិស័យពាក់ព័ន្ធ ជាពិសេសផ្នែកសណ្ឋាគារ បដិសណ្ឋារកិច្ច ត្រូវជួបនូវការលំបាក។

មួយវិញទៀត ការលើកកាលបរិច្ឆេទដល់ទៅមួយឆ្នាំនេះ ក៏បានធ្វើឲ្យប៉ះពាល់ ដល់កាលបរិច្ឆេទនៃ​ការ​ប្រកួតវិញ្ញាសារកីឡាមួយចំនួនផ្សេងទៀត។ ជាក់ស្តែង ការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកពិភពលោក ដែលគ្រោងធ្វើនៅរដូវក្តៅឆ្នាំ២០២១ ត្រូវបានគេសម្រេចលើកទៅធ្វើនៅឆ្នាំ​២០២២ ដើម្បី​កុំឲ្យ​ជាន់​គ្នាជាមួយកីឡាអូឡាំពិកក្រុងតូក្យូ។

លោក Yoshiro Mori ប្រធានគណកម្មការរៀបចំកីឡាអូឡាំពិកតូក្យូ បានប្រាប់ថា វាជារឿងចាំបាច់ ដែលត្រូវដឹងថ្ងៃកំណត់ថ្មីឲ្យបានឆាប់បំផុត ដើម្បី​រៀបចំការងារទាំងអស់ឲ្យទាន់ ព្រមទាំងទុក​ពេល​ឲ្យមានការប្រកួតជ្រើសរើស​ កីឡាករតំណាងជម្រើសជាតិ តាមប្រទេសនីមួយៗផង។ គណកម្មាធិការ​អូឡាំពិកអន្តរជាតិវិញ បានអះអាងថា កាលបរិច្ឆេទថ្មីនេះ នឹងទុកពេលឲ្យបានយូរបំផុត ដល់អាជ្ញាធរសុខាភិបាល តាមប្រទេសនីមួយ ធ្វើការប្រយុទ្ធប្រឆាំងយកឈ្នះ លើមេរោគកូវីដ១៩។

ទាំងគណកម្មការរៀបចំរបស់ជប៉ុន ទាំងគណកម្មាធិការអន្តរជាតិអូឡាំពិក សុទ្ធតែបានទទួលស្គាល់​ថា ការលើកពេល១ឆ្នាំនេះ នឹងបង្កើតភាពស្មុគស្មាញច្រើនណាស់ ដល់អ្នករៀបចំកម្មវិធី តែយ៉ាងណា គេសង្ឃឹមថា ការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅឆ្នាំ២០២១ នឹងគឺជានិម្មិតរូប នៃ​ជោគជ័យ កម្លាំងសាមគ្គីភាព ភាតរៈភាពរបស់មនុស្សជាតិទាំងមូល ដែល​រួមគ្នាយកឈ្នះ ម​េរោគកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ