អានតួអត្ថបទ
ឥណ្ឌា-កូវីដ១៩

វិធានការទប់កូវីដ១៩ ៖ ឥណ្ឌាប្រឈមនឹងវិបត្តិខ្ទប់ពលករចំណាកស្រុក

អស់ការងារ​ធ្វើ​ដោយ​វិធានការ​ទប់ស្កាត់​កូវីដ១៩ ពលករ​ចំណាកស្រុក គ្មានលទ្ធភាព​និង​មធ្យោបាយ បង្ខំ​ចិត្ត​ដើរ​ត្រលប់ទៅ​ស្រុក
អស់ការងារ​ធ្វើ​ដោយ​វិធានការ​ទប់ស្កាត់​កូវីដ១៩ ពលករ​ចំណាកស្រុក គ្មានលទ្ធភាព​និង​មធ្យោបាយ បង្ខំ​ចិត្ត​ដើរ​ត្រលប់ទៅ​ស្រុក AFP

រដ្ឋាភិបាលឥណ្ឌា​បាន​ប្រកាស​បិទ​ខ្ទប់​ពលរដ្ឋ​ទូទាំង​ប្រទេសនៅ​តែ​ក្នុង​ផ្ទះ តាំង​ពី​ថ្ងៃពុធ​ទី ២៥​មីនា រហូត​ដល់​ថ្ងៃទី​១៥​មេសា។ ប៉ុន្តែ តើ​ត្រូវ​អង្គុយស្ងៀមចាំ​​ឱ្យដាច់​ពោះ​ស្លាប់ នៅ​នឹង​កន្លែង ឬ​ត្រូវ​ប្រថុយ​ដើរ​ត្រលប់​ទៅ​ស្រុក ?  ​​ប្រជាពលរដ្ឋ​​​ក្រីក្រ​ខ្លាំង គ្មានជំរើស​អ្វី​ក្រៅ​ពី​រំលោភ​បម្រាម​របស់​រដ្ឋាភិបាល​ទេ។ ពលករ​ឥណ្ឌា​ជា​ច្រើនម៉ឺន​នាក់ ​កំពុង​​ធ្វើ​ដំណើរ​ទៅត្រលប់​ទៅ​ស្រុក​កំណើតវិញ ខ្លះ​ដោយ​ថ្មើរ​ជើង ខ្លះ​ដោយ​ជិះកង់រមក... និង​ជា​ច្រើនសិប​នាក់​ទៀត​ត្រូវ​អាជ្ញាធរ​ចាប់​យក​ទៅ​ឃុំ​ឃាំង នៅ​ថ្ងៃចន្ទទី ៣០មីនា។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ខ្ទប់​ពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យ​ក្នុង​ផ្ទះ​រយៈ​ពេល​បី​សប្តាហ៍ បាន​បង្ក​បង្កើត​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ធ្វើ​ចំណាក​ស្រុក​មក​ធ្វើ​ការ​នៅ​តាមទីក្រុងធំដូច​ជា ក្រុង​ញូវដេលី ប៊ុមបេ ...។  

គេមិនដឹង​ថា​តើ​មានពលរដ្ឋ​ឥណ្ឌា​ធ្វើ​ចំណាកស្រុក​មក​រកការងារ​ធ្វើ​នៅ​ទីក្រុង​ប៉ុន្មាននាក់ អាច​ត្រលប់​ទៅ​ស្រុកកំណើតវិញ​បាន​ទាន់​ពេលវេលា និងប៉ុន្មាន​នាក់​ត្រូវ​ជាប់​កុន​ដោយ​បម្រាមរបស់​រដ្ឋាភិបាល​ទេ។ ​បើតាម​​សារព័ត៌មានក្នុង​​ស្រុក មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​កំពុងនៅ​​​តាម​ផ្លូវ​ នៅ​ឡើយ។

​​អត់​ការងារ​ធ្វើ ប្រជាពលរដ្ឋ​ចំណាកស្រុក​ គ្មានជំរើស​អ្វី​ក្រៅ​ពី​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​ទៅភូមិ​កំណើត​វិញ​ទេ ប៉ុន្តែ​ដោយ​ភាព​ក្រីក្រ មិន​អាច​​ ​ធ្វើ​ដំណើរ​ តាម​រថយន្តក្រុង​ រថភ្លើង​ ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ទាន់ពេលវេលា ពលករ​ជា​ច្រើន​រយ​នាក់​បាន​បង្ខំ​ចិត្ត​ ដឹកកូនដឹក​ចៅ ដើរ​ តាម​បណ្តោយ​ផ្លូវ​ថ្នល់​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ក្នុង​រយៈ​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ ខ្លះ​​គ្មានទឹក​និង​អាហារ​ទទួល​ទាន​ផង។ មាន​តែ​ថវិកា​បន្តិច​បន្តួច​ហើយ មិន​អាច​ទិញអ្វី​បាននៅ​តាម​ផ្លូវ និង​ត្រូវ​ជំនះ​ការ​ហាមឃាត់ទៀត។

ទូរទស្សន៍​ប្រចាំ​តំបន់​ភាគ​ខាង​ជើង​ប្រទេស (រដ្ឋ​ឧតាប្រាដែស) បាន​បង្ហាញ​រូបភាពគួរ​ឱ្យ​អាសូរក្រៃ ​ប៉ូលិស​បាញ់​ថ្នាំ​សម្លាប់​មេរោគ​លើ​ហ្វូង​ពលករ​ដែលកំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​​ដើម្បី​ទៅស្រុក។ កាលពីថ្ងៃអាទិត្យ​ទី ២៩​មីនា នៅ​រដ្ឋ​ស៊ូរ៉ាត ភាគ​ខាងលិច​ប្រទេស ក្រោយ​ពីបាន​ណែនាំ​ថាលែង​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំងហ្វូងៗ​មក ប៉ូលិស​ឥណ្ឌា​បានបាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បំបែក​ហ្វូង​មនុស្ស​ជាង​៥០០​នាក់ ដែលប្រមូល​ផ្តុំ​គ្នា​ស្រែក​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ ព្រោះអត់ការងារ​ធ្វើ។ ៩៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ថ្ងៃចន្ទ​ទី ៣០​មីនា យក​ទៅ​ឃុំឃាំង ពី​បទ​រំលោភ​​បម្រាម​រដ្ឋាភិបាល។

សម្រាប់​អាជ្ញាធរ​សុខាភិបាល ការ​ដឹក​ផ្ទេរ​ពលរដ្ឋ​ទាំង​ហ្វូងៗ ពីទី​ក្រុង​​ទៅ​ជនបទ​ គឺជា​ការ​នាំ​​មេរោគ​​ទៅ​​​ចម្លងគ្នា​​កាន់តែ​លឿន និងអាច​ធ្វើ​តំបន់​ជនបទ​រងបន្ទុក និង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ ទាំងក្នុង​វិស័យ​សុខាភិបាល ទាំង​ក្នុង​វិស័យ​ផ្សេងៗ​ទៀត។ ក្នុង​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​របស់​កូវីដ​១៩ រដ្ឋាភិបាល​បាន​ទម្លាយ​ថវិកា ២៣ពាន់​លាន​ដុល្លារ​ដើម្បី​ជួយប្រជាពលរដ្ឋ​ក្រីក្រ​ ក្នុង​ទម្រង់​ជា​ការ​ផ្ទេរសាច់​​ប្រាក់ឱ្យ ឬ​ជា​ជំនួយ​ឧបត្ថម្ភ ​និង​បាន​ស្នើ​ឱ្យអាជ្ញាធរ​មូលដ្ឋាន ផ្តល់​ជំនួយ​ជាស្បៀង​អាហារ និង​ជម្រកដល់​ពលករ​ចំណាកស្រុក ​​ដែល​ត្រូវធ្វើ​ដំណើរ​ត្រលប់​ចូល​ស្រុក​វិញ។

រហូត​មកទល់​ថ្ងៃចន្ទ​ទី ៣០​មីនា ឥណ្ឌា​មាន​រាប់​ឃើញ​អ្នក​ឆ្លង​កូរ៉ូណាវីរុស ចំនួន ១០៧១​ករណី ក្នុង​នោះ ២៩​នាក់​បាន​ស្លាប់។ ជា​អត្រា​ដ៏​ទាប​ណាស់​បើប្រៀប​ទៅ​នឹង​ចំនួនប្រជាពលរដ្ឋ​សរុប​ក្នុង​ប្រទេស និង​បើ​ប្រៀបទៅ​នឹង​អ៊ីតាលី​ឬ​អាមេរិក។ ប៉ុន្តែ​ ភ្នាក់ងារសុខាភិបាលខ្លាច​ក្រែង​ថា​​ឥណ្ឌា​អាច​នឹង​មាន​ផ្ទុះ​ករណី​កូវីដ១៩​ខ្លាំង​នៅ​រវាង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ហួស​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល​ដែល​​ទន់​ខ្សោយស្រាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ