អានតួអត្ថបទ

កូវីដ​១៩៖ ជំនួយ​សម្ភារៈបរិក្ខារពេទ្យ ស្តែងពីឥទ្ធិពលអំណាច និងការទូត

យន្តហោះចិនមួយ បានដឹកជំនួយ​បរិក្ខារពេទ្យ​មកដល់​ព្រលានយន្តហោះខ្មែរ នៅថ្ងៃទី​២៣ មីនា ២០២០។
យន្តហោះចិនមួយ បានដឹកជំនួយ​បរិក្ខារពេទ្យ​មកដល់​ព្រលានយន្តហោះខ្មែរ នៅថ្ងៃទី​២៣ មីនា ២០២០។ REUTERS/Cindy Liu

ការ​ផ្តល់​ជំនួយ​សម្ភារៈបរិក្ខារពេទ្យ ដូចជា​ម៉ាស់ ឯកសណ្ឋានការពារ និង​បំពង់​ខ្យល់​ដកដង្ហើម ពីប្រទេសមួយ​ទៅប្រទេសមួយ​ គឺបាន​សម្តែង​ពី​​កិច្ចសហការ​ សាមគ្គីធម៌ និង​មនុស្សធម៌ ក្នុងគ្រាអាសន្ន​កូវីដ​១៩។ ក៏ប៉ុន្តែ​ ទង្វើនេះ ក៏​ស្តែងដែរ ពីការ​​លាត​សន្ធឹង​​ឥទ្ធិពលអំណាច និង​ការទូត​។ ជាក់ស្តែង​ ​ពេលស្រុកចិនកំពុងតែផ្ទុះមេរោគនិងវឹកវរខ្លាំងទប់ទប់នឹងកូរ៉ូណាវីរុស ប្រទេសស្វីសនិងជប៉ុនជាដើម បានផ្តល់ជំនួយបរិក្ខារពេទ្យដល់ចិន។ តែ​ពេលនេះ ចិនបានធូរស្រាលបន្តិច ចិនបាននិងកំពុងបន្តផ្តល់ជំនួយដល់ប្រទេសដទៃវិញម្តង​។ ប្រទេស​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ ក៏​បាន​ចូលរួម​ក្នុង​«ជំនួយ​ការទូតបែបថ្មី»​នេះដែរ​។​ 

ផ្សាយពាណិជ្ជកម្ម

ចិន​ផ្តល់​ជំនួយជា ​អ្នក​ជំនាញ​​គ្រូពេទ្យ និង​ជា​សម្ភារៈ​មកដល់​ប្រទេស​នៅអាស៊ី ដូចជាកម្ពុជាដើម។ ចិន​ក៏​បាន​ជួយ​ប្រទេស​ជាច្រើន​នៅអឺរ៉ុប ដូចជា​ អ៊ីតាលី អេស្ប៉ាញ ស៊ែរប៊ី (Serbie)... ហើយ​ជំនួយឯកជន​ចិន តាមរយៈ​មហាសេដ្ឋី ចេក ម៉ា ​បាន​ផ្តល់​ប្រទេស​ចំនួនជាង​៥០ រួម​ទាំង​បណ្តារដ្ឋនៅទ្វីប​អាហ្វ្រិក។ សេដ្ឋី​ចិន​ក៏​ធ្លាប់​បាន​ស្នើ​សុំ​ផ្តល់​ជំនួយ​ដល់​អង់គ្លេស​និងអាមេរិក​ទៀតផង។ ចំណែក​នៅ​វេណេស៊ុយអេឡា ជាដែនដី​កំពុងតែ​មានការ​ប្រទាញ​ប្រទង់​នយោបាយ ម្ខាង​បក្ស​ប្រឆាំង​គាំទ្រ​ដោយ​អាមេរិក ហើយ​ក្រុម​ខាងកាន់អំណាច គាំទ្រ​ដោយ​ប្រទេស​សង្គម​និយម ក៏​ចិន​បាន​ផ្តល់​ជំនួយ​ជាច្រើន​ដែរ​។ អ្ន​ក​ជំនាញ​ចិន ៨នាក់ ទាំង​គ្រូ​ពេទ្យ​និងអ្នក​វិទ្យាសាស្ត្រ​ បាន​ទៅ​ដល់ នៅ​ថ្ងៃ​ទី​៣០មីនា​កន្លងទៅថ្មីៗនេះ។

រីឯ​ ​គុយបា កូន​កោះ​សង្គមនិយម​ចាស់​វស្សា តែល្បី​ខ្លាំង​ខាង​វិជ្ជាវេជ្ជសាស្ត្រ​និង​សម្បូរ​គ្រូពេទ្យ បាន​ផ្តល់​ជំនួយ​ដល់ អង់ដ័រ (Andorre) និង ​អ៊ីតាលី​ ហើយ ​គុយបា​ ថែមទាំង​បាន​ស្នើ​សុំ​ផ្តល់​ជំនួយ​ជួយ​ប្រទេស​​បារាំង​។ រដ្ឋបារាំង​  បាន​យល់​ព្រម នៅថ្ងៃទី​៣១មីនា ឱ្យគុយបា​ជួយ​ផ្នែក​ពេទ្យ​ដល់ ដែនដីនាយសមុទ្រមួយ​ចំនួន​របស់បារាំង ដែលនៅជិតនឹងគុយបាតែប៉ុណ្ណោះ។ តែ​នេះជាឱកាស​ដែល​ គុយបា បាន​ឱកាស​ឃោសនា​ថ្វីដៃ​វិជ្ជាពេទ្យ​របស់ខ្លួន។​

តួកគី ជា​ប្រទេស​ធំ ដែល​ធ្លាប់​ត្រូវ​បស្ចិមលោក​ចោទថាផ្តាច់ការ​ខ្លាំង ពេ​លអាសន្ន​កូវីដ​១៩ តួកគី​បាន​ចេញមុខ​​ស្តែង​កាយវិការ​សប្បុរសធម៌​ផ្តល់​ជំនួយ​ ជា​គ្រឿ​ងបរិក្ខារពេទ្យ​ ដឹកតាម​យន្តហោះ​ទៅឱ្យ​ ​អេស្ប៉ាញ​ ហើយនាវាកាកបាទក្រហមរបស់​តួកគី នឹង​ធ្វើ​ដំណើរ​ទៅដល់ ​​អ៊ីតាលី នា​ប៉ុន្មាន​ថ្ងៃ​ទៀត​។ រុស្ស៊ី ក៏បាន​ជួយ​ដល់​អ៊ីតាលី​ខ្លះ​ដែរ។

​ជំនួយពី​ប្រទេស​សង្គម​និយមទៅឱ្យ​ប្រទេស​​នៅអឺរ៉ុប​ គឺបាន​ធ្វើ​ឱ្យ​ប្រមុខ​រដ្ឋ​បារាំង​ មិន​សូវ​ជាសប្បាយចិត្ត។ លោក អេម៉ានុយ​អែល​ ម៉ាក្រុង ​មានប្រសាសន៍ថ្មីៗនេះ ដាស់ពលរដ្ឋអ៊ីតាលី​ កុំ​ឱ្យ​ជឿលើការឃោសនា​បំពុល​ព័ត៌មាន​ ហើយ​គួរ​រម្លឹក​ដែរ ថា បារាំង​ អាល្លឺម៉ង់ និងប្រទេស​សមាជិ​ក​សហភាព​អឺរ៉ុប​ផ្សេងទៀត ក៏​បាន​ជួយ​ជំនួយ​អ៊ីតាលី ក្នុងគ្រា​អាសន្ន​នេះដែរ។ 

មិនតែប៉ុណ្ណោះ រដ្ឋបាល​ក្រុង​ប៉ារីស ឡុងដ៍ និង​ ប៊ែរឡាំង បាន​ធ្វើ​អំណោយ​បរិក្ខារពេទ្យ ទៅ​អ៊ីរ៉ង់ ដែល​រងគ្រោះ​ខ្លាំង​នៅ​ដើមបូព៌ា។ អំណោយ​នេះ បាន​ទៅដល់​ពី​ថ្ងៃ​អង្គារ ហើយ​លើសពីនេះ ប្រទេស​អឺរ៉ុប បាន​បបួលសហរដ្ឋ​​អាមេរិក​ឱ្យ​ព្យួរទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​អ៊ឺរង់ដែរ​ តែអាមេរិក​មិន​ព្រម។

ទោះយ៉ាងណាក្តី រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​ចូលរួម​ចំណែក​ក្នុង​ចរន្ត​ការទូត​ខាង​ជំនួយ​ពេទ្យ​នេះដែរ។ សហរដ្ឋ​អាមេរិក សម្រេច​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ ២៧៤លានដុល្លារ ដល់ប្រទេស​ជាង​៦០ ដែល​រងគ្រោះ​ដោយ​កូរ៉ូណាថ្មី។ នៅថ្ងៃអង្គារ រដ្ឋបាល​អាមេរិក បាន​ប្រកាសពីការ​ផ្តល់​ជំនួយ​១០០លាន​ដុល្លារ​ថែមទៀត ដល់​ប្រទេស​រងគ្រោះ​ខ្លាំង​នៅអឺរ៉ុប (អ៊ីតាលី បារាំង និងអេស្ប៉ាញ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ