អានតួអត្ថបទ
កូវីដ១៩-ហ្វីលីពីន

កូវីដ១៩៖ លោកឌុយទែរតេបញ្ជាឲ្យប៉ូលិសបាញ់សម្លាប់អ្នកល្មើសនឹងបទបញ្ជាមិនឲ្យចេញពីផ្ទះ

លោក​ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន (រូបភាពឯកសារ)
លោក​ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន (រូបភាពឯកសារ) REUTERS/Erik De Castro

លោក​ប្រធានាធិបតី​ហ្វីលីពីន​បាន​ដាក់​បទបញ្ជា​ទៅ​កងកម្លាំង​ប៉ូលិស និង​ទាហាន នៅថ្ងៃ​ពុធ​នេះ​ថា ឲ្យ​បាញ់សម្លាប់​​​អ្នកណា​ដែល​​រំលោភលើ​បម្រាម​ ហើយ​បង្ក​បញ្ហា​ចលាចល នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បិទ ដើម្បី​បង្កា​ការ​រាតត្បាត​កូវីដ១៩។ មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ហ្វីលីពីន​មាន​អ្នក​ឆ្លង​កូវីដ១៩​ចំនួន​ ២៣១១នាក់ ស្លាប់ ៩៦នាក់។

ផ្សាយពាណិជ្ជកម្ម

នៅ​ប៉ុន្មាន​ម៉ោង មុន​ពេល​លោក​ឌុយទែរតេ​ចេញ​បទបញ្ជា​ឲ្យ​បាញ់​សម្លាប់​អ្នកល្មើស​នឹង​បម្រាម​មិន​ឲ្យ​ចេញ​ពីផ្ទះ ​មនុស្ស​ជាង២០នាក់ រស់នៅ​ក្នុង​សង្កាត់​ក្រីក្រ​មួយ ក្នុង​រដ្ឋធានី​ម៉ានីល ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ក្រោយ​ពី​ពួកគេ​នាំគ្នា​ធ្វើ​បាតុកម្ម​ ដោយ​រិះគន់​រដ្ឋាភិបាល​ថា មិនបាន​គិតគូរ​ផ្តល់​ជំនួយ​ជា​ម្ហូបអាហារ​ដល់​ប្រជាជន​ក្រីក្រ។

គួរបញ្ជាក់ថា នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ក្នុង​ចំណោម​ប្រជាជន​សរុប​ទាំង ១១០លាននាក់​នៅ​ហ្វីលីពីន មាន​ប្រមាណ​ជា​ពាក់កណ្តាល​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​បម្រាម​ឲ្យ​ស្ថិត​នៅតែ​ក្នុងផ្ទះ ហើយ​ក្នុង​ចំណោម​នោះ មាន​រាប់លាននាក់ ជា​ប្រជាជន​ក្រីក្រ ដែល​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព ដោយ​ការ​រឹតត្បឹត​មិន​ឲ្យ​ចេញក្រៅ។

ថ្លែង​តាម​កញ្ចក់ទូរទស្សន៍ លោក​ឌុយទែរតេ​បាន​ប្រាប់​ទៅ​កងកម្លាំង​ប៉ូលិស និង​ទាហាន ព្រមទាំង​មន្រ្តី​ភូមិ​​​ឲ្យ​បាញ់​សម្លាប់​​​អ្នកណា​ដែល​​បង្ក​បញ្ហា ឬ​ក៏​​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​របស់កងកម្លាំង​អាជ្ញាធរ។ លោក​ប្រធានាធិបតី​ហ្វីលីពីន​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា បើទោះបីជា​មាន​ការ​ចេញ​បម្រាម​ឲ្យ​ប្រជាជន​ស្ថិត​នៅតែ​ក្នុងផ្ទះ អស់រយៈពេល​ជាង​២សប្តាហ៍​មកហើយ​ក៏ដោយ ក៏ប៉ុន្តែ ​ការ​រីករាលដាល​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។

ការចេញបទបញ្ជា​ឲ្យ​បាញ់​សម្លាប់​អ្នក​ល្មើស​នឹង​បម្រាម​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ចេញ​មុខ​រិះគន់​តប​ទៅ​លោក​ឌុយទែរតេ​វិញ​ភ្លាមៗ ដោយ​បាន​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​គិតគូរផ្តល់​ជំនួយ​ដល់​ប្រជាជន​ដែល​កំពុង​តែ​ត្រូវការ​ជំនួយ​បន្ទាន់ ជាជាង​យក​ការ​គំរាម​កំហែង មក​ធ្វើ​ជា​ដំណោះស្រាយ។

អង្គការ Amnesty International ប្រចាំប្រទេស​ហ្វីលីពីន​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​បារម្ភ ដែល​លោក​ឌុយទែរតេ​យក​នយោបាយ​ដែល​លោក​ធ្លាប់​ប្រើ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន គឺ​បទបញ្ជា​ឲ្យ​បាញ់​សម្លាប់​​​ យក​មក​ប្រើ នៅ​ក្នុង​ស្ថានភាព​អាសន្ន ដូចជា​ករណី​កូវីដ១៩​នៅពេលនេះ។

ក៏ប៉ុន្តែ មន្រ្តី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ពន្យល់​ថា ការលើកឡើង​ ដោយ​ប្រើ​ពាក្យ​សម្តីធ្ងន់ៗ​របស់​លោក​ឌុយទែរតេ កាល​ពីថ្ងៃ​ពុធនោះ គឺ​គ្រាន់តែ​ជា​ការព្រមាន ដើម្បី​ឲ្យ​ប្រជាជន​​គោរព​តាម​បម្រាម​របស់​រដ្ឋាភិបាលតែ​ប៉ុណ្ណោះ ហើយ​មេប៉ូលិស​ហ្វីលីពីន​បាន​អះអាង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កងកម្លាំង​ប៉ូលិស​របស់​លោក​នឹង​មិនបាញ់​សម្លាប់​អ្នក​ល្មើស​នឹង​បម្រាម​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ