អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូវីដ១៩៖ ការនាំ​​ចេញស្រូវ​អង្ករ របស់​ប្រទេសនៅ​​អាស៊ី​ ត្រូវ​កាត់​បន្ថយ​យ៉ាងខ្លាំង

សំឡេង ០៥:១៨
Une femme étale du riz pour le séchage dans une rizerie à la périphérie de Kolkata, en Inde.
Une femme étale du riz pour le séchage dans une rizerie à la périphérie de Kolkata, en Inde. REUTERS/Rupak De Chowdhuri

ដោយសារតែ​វិបត្តិ​កូរ៉ូណាថ្មី​ បណ្តាប្រទេស​នៅ​អាស៊ី ​កាត់​បន្ថយ​ការ​នាំចេញ​ស្រូវ​អង្ករ​ទៅ​លក់​នៅលើទីផ្សារ​ពិភពលោក។ ប្រទេស​ខ្លះ មាន​បញ្ហា​ដឹកជញ្ជូន​ដោយសារវិធានការ​បង្ខាំង​ប្រជាជន​ឱ្យ​នៅ​ក្នុង​ផ្ទះ ដែល​ធ្វើ​ឱ្យ​ស្ទះ មួយ​ផ្នែក​ ដល់​ដំណើរ​ចង្វាក់​ផលិត​កម្ម។ ទន្ទឹម​នឹង​នេះ​ ប្រទេស​​អាស៊ី​ខ្លះទៀត បាន​បញ្ចេញ​យុទ្ធនា​ការ​រក្សា​ស្បៀង​សម្រាប់​ផ្តត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​របស់ខ្លួន។​ ហេតុនេះហើយ ទើប​ធ្វើ​ឱ្យស្រូវ​​អង្ករ​ថៃ​បាន​ឡើង​ថ្លៃ​យ៉ាងខ្លាំង​ នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ។  

ផ្សាយពាណិជ្ជកម្ម

វៀតណាម​ កំណត់​កូតា និង​កាត់​បន្ថយ​ការ​នាំចេញ ដើម្បីរក្សា​ជង្រុក​ក្នុង​ស្រុក​

វៀតណាម ជាប្រទេសផ្គត់ផ្គង់អង្ករ ធំលំដាប់ទី៣លើពិភលោក បន្ទាប់ ថៃនិងឥណ្ឌា។ ប្រឈមនឹងវិបត្តិកូរ៉ូណាថ្មី វៀតណាម ជាងមួយសប្តាហ៍មកហើយ បានកំណត់កូតានិង​កាត់បន្ថយការនាំអង្ករចេញទៅលក់នៅបរទេស ។​ ពោលគឺវៀតណាមបន្ថយល្បឿនឬផ្អាកការផ្គត់ផ្គង់នាំអង្ករទៅលើនៅបណ្តាប្រទេស​នៅអាស៊ីអាគ្នេយ៍ ហើយនិងទ្វីបអាហ្វ្រិក។ គោលបំណងរបស់វៀតណាម គឺទុកអង្ករសម្រាប់ផ្គត់ផ្គង់ទីផ្សារស្បៀងនៅក្នុងស្រុករបស់ខ្លួនសិន ក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ១៩។ ប្រឈម​នឹង​វិបត្តិ​មេរោគ​ជារឿង​មួយ តែ​វិបត្តិ​គ្រោះ​រាំង​ស្ងួត​​ ក៏​ជា​ចំណោទមួយ​ដែរ ដែល​ប៉ះពាល់​ដល់​បរិមាណ​ទិន្នផល​ស្រូវ​អង្ករ​របស់​វៀតណាម​។​

ឥណ្ឌា​មាន​បញ្ហា​ដឹកជញ្ចូន​និង​ស្តុក​ ព្រោះតែវិធានការ​បង្ខាំង​ប្រជាជន​ឱ្យ​នៅ​ផ្ទះ​

ឥណ្ឌា​ ជា​ប្រទេសទី១លើពិភពលោក ខាងនាំអង្ករចេញលក់លើទីផ្សារ​អន្តរជាតិ​។​ ឥណ្ឌា​មិនកំណត់កូតានាំចេញដូចវៀតណាម​​ទេ ហើយឥណ្ឌា​មិនដាក់កំណត់ពេលវេលា​ត្រូវនាំចេញដែរ ក៏​ប៉ុន្តែផ្នែកប្រព័ន្ធដឹកជញ្ជូននិងផ្នែកខាងស្តុករបស់ឥណ្ឌា​ បានរអាក់រអួលដោយខ្លួនឯង។ នេះក៏ព្រោះ​តែវិធានការបិទខ្ទប់បង្ខាំងប្រជាជនឱ្យសម្ងំនៅក្នុងផ្ទះ។ វិធានការនេះដាក់រហូតដល់ថ្ងៃទី២១ មេសាខាងមុខឯណោះ​ ហើយក៏​ទំនងជាត្រូវពន្យារបន្តថែមទៀត។ ការណ៍នេះ ធ្វើឱ្យខ្វះខាតមធ្យោបាយ​ផ្នែកដឹកជញ្ជូន  ហើយនិង កម្មករ ក៏មិនគ្រប់គ្រាន់ដែរ។ ពោលគឺខ្វះ​ខាត​កម្លាំងពលកម្មសម្រាប់ផ្នែកកិនស្រូវ និងខ្វះកម្លាំងកម្មករសម្រាប់ផ្នែកផ្ទេរអង្ករចូលទៅ​កំពង់ផែនិងនាវា ជាហេតុ​ធ្វើ​ឱ្យ​ចង្វាក់ដឹកជញ្ជូននិង​នាំចេញ​ មិនបានរលូនដូចសព្វដងនោះឡើយ។ អ្នកជំនាញខាងរកស៊ីជួញដូរ​អង្ករ សង្កេតឃើញថា  ស្រូវនៅឥណ្ឌា មានពេញស្តុកពេញជង្រុកនៅឡើយ តែដំណើរ​ផលិតកម្មកិនស្រូវឱ្យចេញជាអង្ករ និង​ការ​នាំអង្ករ​ចេញ​ទៅក្រៅប្រទេស​ គឺមានភាពរកេតរកូតខ្លាំងណាស់ ក្នុងដំណាក់កាលនេះ។

ទន្ទឹម​នឹង​ការ​កំណត់​កូតានាំចេញ​​របស់វៀតណាម ហើយ​និង​បញ្ហា​ចង្វាក់​ផលិត​កម្ម​នៅ​ឥណ្ឌា គេ​ក៏សង្កេត​ឃើញថា ​​បណ្តាប្រទេស​ផ្សេងទៀត​នៅអាស៊ី បាន​កាត់​បន្ថយ​ល្បឿន​នៃការ​នាំ​ចេញអង្ករ​​។ ប៉ាគីស្ថាន បាន​ជួប​បញ្ហា​គ្រប់​គ្រប់​ស្តុក​និង​ផ្នែក​ដឹកជញ្ជូន​ ដូចករណី​ឥណ្ឌាដែរ។ កម្ពុជា  ផ្អាកការ នាំចេញស្រូវនិងអង្ករ«ស»  មិនឱ្យលក់ចេញទៅក្រៅប្រទេសចាប់ពីថ្ងៃទី៥ ខែមេសា   តែអង្ករក្រអូបនៅបន្តនាំចេញដដែល។ ភូមា​វិញ អ្នក​រកស៊ី​និងឈ្មួញ​អង្ករ ទាមទារ​អាជ្ញាបណ្ណ​និង​ចង់​នាំអង្ករ​ចេញដែរ តែ​រដ្ឋាភិបាល​ក្រុង Naypyidaw ​មិនទាន់​យល់​ព្រម។

ថៃ​ ជួប​គ្រោះ​រាំង​ស្ងួត ធ្វើ​ឱ្យ​តម្លៃ​អង្ករ​ឡើង​

ប្រទេស​ថៃ ​​​​កំពុងតែ​មាន​ទឹក​មាត់​ប្រៃ​ ព្រោះ​​ថៃ​នាំ​អង្ករ​ចេញ​លក់​នៅ​ក្រៅ​ស្រុក​ជាប្រចាំ​តាម​ធម្មតាមក​ហើយ។​  ​ ថៃ ​ជាប្រទេសនាំចេញអង្ករ និង​​ផ្គត់​ផ្គងអង្គរ លំដាប់​ទី​២ ក្នុង​ពិភពលោក​ ។ ក្នុងរយៈ​ពេល​បីសប្តាហ៍ចុងក្រោយ​នេះ​ អង្ករ​ថៃ​ បាន​ឡើង​ថ្លៃ​ច្រើន ពីតម្លៃ​៤១០ដុល្លារ ឡើង​ទៅដល់​​ ៦០០​ដុល្លារ​ក្នុងមួយ​តោន។ ការឡើង​ថ្លៃ​អង្ករ​នេះ គឺម​កពី​ប្រទេស​ផ្សេងៗ​បន្ថយ​ល្បឿន​នាំចេញ​ ជារឿង​មួយ ក៏ប៉ុន្តែ​ដោយសារតែ​បញ្ហា​ធម្មជាតិ​ ក៏​ជា​ចំណោទខ្លាំងដែរ។  នោះគឺ​បញ្ហាគ្រោះ​រាំងស្ងួត នៅបណ្តា​ប្រទេ​ស​អាស៊ីអាគ្នេយ៍​ ដែល​ធ្វើ​ឱ្យ​ ថៃ ក៏​ប្រមូល​ផលស្រូវ​បាន​​តិច​ជាង​ធម្មតា ហើយនេះ ​ក៏​ជាហេតុ​ដែល​ធ្វើ​ឱ្យ​អង្ករថៃ​​ ឡើង​ថ្លៃ​ដែរ។

«ស្តុកស្រូវ​របស់​ចិន អាច​ទប់​ទល់​ការ​ឡើង​ថ្លៃ​ស្រូវ​ អង្ករ​»

បើ​តាម​អ្នក​ជំនាញ តម្លៃ​អង្ករ​នឹង​មិន​អាច​ឡើង​ថ្លៃ​ជ្រុល​ហួស​ហេតុ​ពេកដែរ ព្រោះ​ ចិន ​អាច​ចាប់ផ្តើម​នាំចេញ​បាន​វិញ​ហើយ ហើយ​ម្យ៉ាង ចិន​ជាប្រទេស​ដែលបាន​នាំ​ចូល​ស្រូវ​អង្ករ ​ច្រើន​ជាង​គេ​លើ​ពិភពលោ​ក​។  អ្នក​ជំនាញសេដ្ឋកិច្ច Patricio Mendez del Villar យល់ថា ចិន ​អាច​ទប់​ទល់​​ការឡើង​ថ្លៃស្រូវ​អង្ករ ដោយអាច​នឹង​​បញ្ចេញ​ ​ស្រូវអង្ករក្នុង​ស្តុ​ក​​របស់ខ្លួន​។  

ក្នុងដំណាក់​កាល​នេះ គេ​មិន​ទាន់​អាច​និយាយ​ពី​បញ្ហា​​ខ្វះស្រូវ​អង្ករ​នោះទេ  ព្រោះ​ប្រទេសនីមួយៗ​​ដែល​ប្រើប្រាស់​ស្បៀងប្រភេទ​​នេះ សុទ្ធតែ​មាន​ជង្រុក​ស្តុក​រៀងៗខ្លួន។ សូម្បី​តែ ​ទ្វីប​អាហ្វ្រិក​ ក៏​នៅ​បន្ត​មាន​ស្រូវ​និងអង្ករ ក្នុង​ស្តុក ក្នុងជង្រុក​ច្រើន​​នៅឡើយ។ បណ្តាប្រទេស​នាំចេញ​អង្ករ​នៅអាហ្វ្រិក​ មិន​បាន​លើកទឹក​ចិត្ត​ឱ្យ​នាំចេញ​អង្ករ​ច្រើន​ទេ​ ហើយ​​​ក៏​បាន​ណែនាំ​ឱ្យ​ឈ្មួញ​​ក្នុង​ស្រុក ​ត្រៀម​ខ្លួន​រក្សា​ស្បៀង​​ រួច​ស្រេច​មក​ហើយ​ ដើម្បីទប់​ទល់​នឹងដំណាក់​កាល​លំបាក​នៃ​​វិបត្តិ​កូរ៉ូណាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ