អានតួអត្ថបទ
ចិន-កូវីដ១៩

ស្ថានភាព​កូវីដ​១៩ធូរ​ស្បើយ ចិន​សម្រេច​បើក​ទីក្រុង​វូហាន​​ឡើង​វិញ

មនុស្ស​ម្នា​ដើរ​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​វូហាន ខេត្ត​ហូពេ ប្រទេស​ចិន, ជា​ទី​ផ្ទុះ​ឡើង​ដំបូង​នូវ​មេរោគ​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ​១៩​។
មនុស្ស​ម្នា​ដើរ​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​វូហាន ខេត្ត​ហូពេ ប្រទេស​ចិន, ជា​ទី​ផ្ទុះ​ឡើង​ដំបូង​នូវ​មេរោគ​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ​១៩​។ REUTERS - Aly Song

នៅ​ប្រទេស​ចិន ទីក្រុង​វូហាន ដែល​ជា​ទី​ផ្ទុះ​ឡើង​ដំបូង​នៃ​មេរោគ​កូរ៉ូណា​ថ្មី ឬ ជំងឺ​កូវីដ​១៩ ត្រូវ​រដ្ឋ​អំណាច​បើក​ឲ្យ​ចេញ​ចូល​បាន​វិញ​ហើយ ចាប់​តាំង​ពី​ម៉ោង​១២​អាធ្រាត​ថ្ងៃ​អង្គារ​ទី​០៧​ ឈាន​ចូល​ថ្ងៃ​ពុធ​ទី​០៨​ខែ​មេសា​នេះ។ ការ​សម្រេច​បើក​ទីក្រុង​វូហាន​នេះធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ចិន​​​គ្មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ជា​លើក​ដំបូង នៅ​​ថ្ងៃ​អង្គារ​ទី​០៧​មេសា។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ត្រូវ​បិទដោយ​សារ​ជំងឺ​កូវីដ​១៩​អស់​រយៈ​ពេល​៧៦​ថ្ងៃ នៅ​ទី​បំផុត​ទៅ ទីក្រុង​វូហានត្រូវ​​បាន​បើក​ឲ្យ​ចេញ​ចូល​ជា​ប្រក្រតី​ឡើង​វិញ​ហើយ​។ ចាប់​តាំង​ពី​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី​០៨​មេសា ប្រជាជន​ដែលត្រូវ​ជាប់​នៅ​ទីក្រុង​វូហាន និង​ដែល​មាន​សុខភាព​ល្អ​ អាច​​ធ្វើ​ដំណើរ​ចាក​ចេញពី​ទីក្រុង​នេះ​ឆ្ពោះ​ទី​កាន់​ទី​ដៅ​រៀង​ៗ​ខ្លួន។ អាជ្ញាធរ​ទីក្រុង​វូហាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ប្រមាណ​៥​ម៉ឺន​៥​ពាន់​នាក់ នឹង​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​វូហាន​នៅ​ថ្ងៃ​ពុធ​នេះ។ ចំនួន​នេះគឺ​សម្រាប់​តែ​អ្នក​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប៉ុណ្ណោះ ដោយ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ និង​តាម​រថយន្ត​ឡើយ​។

ជា​ការ​កត់​សម្គាល់ វូហាន​បើក​ទីក្រុង​វិញ​មែន​ពិត ប៉ុន្តែការ​រឹត​ត្បិត​មួយ​ចំនួន​នៅ​តែ​បន្ត​មាន​សុពលភាព​ដដែល ហើយ​អាជ្ញាធរ​នៃ​ទីក្រុង​នេះ​បាន​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ឡើង​វិញ​នា​ពេល​អនាគត​។

សូម​រំឭក​ជូន​ថា ទីក្រុង​វូហាន​ដែល​មាន​ប្រជាជន​១១​លាន​នាក់ គឺជា​ទី​ដែលមេរោគ​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីដ​១៩ ផ្ទុះ​ឡើង​ដំបូង​បង្អស់​។ ករណី​ដំបូង​នៃ​ជំងឺ​នេះ ត្រូវ​គេ​រក​ឃើញ​នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៩​ ហើយ​អ្នក​ជំងឺ​គឺ​សុទ្ធ​តែ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​លក់​សាច់​ស្រស់​​មួយ​កន្លែង​ក្នុង​ទីក្រុង​វូហាន​។ រដ្ឋ​អំណាច​ចិន​បាន​សម្រេច​បិទ​ទីក្រុង​វូហាន​នៅ​ថ្ងៃ​ទី​២៣​ខែ​មករា​ឆ្នាំ​២០២០ ប៉ុន្តែ​ចំណាត់ការ​នេះ​ពុំ​អាច​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​បាន​ឡើយ​។

នៅ​​ប្រទេស​ចិន រហូត​មក​ទល់​ពេល​នេះ ជំងឺ​កូវីដ​១៩ បាន​ឆ្លង​រាល​ដាល​ទៅ​កាន់​មនុស្ស​ជាង​៨​ម៉ឺន​នាក់ និង​សម្លាប់​មនុស្ស​អស់​ចំនួន​៣​ពាន់​៣៣១​នាក់​ ក្នុង​នោះ​ទីក្រុង​វូហាន និង​ខេត្ត​ហ៊ូពេ មាន​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បង្អស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ