អានតួអត្ថបទ
វូហាន កូវីដ១៩

កូវីដ១៩៖ ចិន​នឹងធ្វើ​តេស្ត​រកមេរោគ លើ​អ្នក​​ក្រុង​វូហាន​ប្រមាណ​១១លាន​នាក់ ក្នុង​​រយៈពេល​​១០ថ្ងៃ​​

អ្នកជំនាញកំពុងធ្វើតេស្ត លើប្រជាជននៅវូហាន ថ្ងៃទី​១៣ ឧសភា ២០២០
អ្នកជំនាញកំពុងធ្វើតេស្ត លើប្រជាជននៅវូហាន ថ្ងៃទី​១៣ ឧសភា ២០២០ Hector RETAMAL / AFP

អាជ្ញាធរសុខាភិបាលចិន នៅក្រុងវូហាន បានប្រកាសឲ្យដឹង កាលពីថ្ងៃពុធ ទី​១៣ឧសភាថា គេនឹងបើកប្រតិបត្តិការធ្វើតេស្តស្វែងរកមេរោគកូរ៉ូណាថ្មី ទៅ​លើ​ប្រជាជនអ្នកក្រុងវូហានប្រមាណ​១១លាននាក់ តែក្នុងរយៈពេល​១០ថ្ងៃ។ ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនេះ គឺបន្ទាប់ពី​គេបានរកឃើញមានអ្នកឆ្លងជម្ងឺកូវីដ១៩ ចំនួន​៦នាក់ នៅក្នុងទីក្រុងវូហាននេះ កាលពីចុងសប្តាហ៍កន្លងទៅ ខណៈដែលទីក្រុងនេះ គ្មានអ្នកឆ្លងថ្មីសោះ គិតចាប់ពីដើមខែមេសាមក។

ផ្សាយពាណិជ្ជកម្ម

ទីក្រុងវូហាន ជង្រុកផ្តើមផ្ទុះចេញនៃមេរោគកូរ៉ូណាថ្មី ត្រូវបានបើកឲ្យដំណើរការឡើងវិញ កាលពីថ្ងៃទី​៨មេសា បន្ទាប់ពីបានបិទខ្ទប់អស់រយៈពេល​១១សប្តាហ៍។ គិតពីថ្ងៃទី​៣មេសាមក ទីក្រុងនេះ គ្មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មីទៀតទេ។ អ្វីៗហាក់បានចាប់ផ្តើម ដំណើរការឡើងវិញ ដោយសន្សឹម​ៗ។

ក៏ប៉ុន្តែនៅរវាងចុងសប្តាហ៍មុននេះ ស្រាប់តែគេបានរកឃើញ​មានអ្នកឆ្លងមេរោគកូរូណាវីរុស ចំនួន​៦នាក់ ដែលស្ថិតនៅក្នុងអាគាររស់នៅក្បែរៗគ្នា​។ ប្រការនេះ បានធ្វើឲ្យ​អាជ្ញាធរក្រុងវូហាន មាន​ការព្រួយបារម្ភ ថាអាចមានសំបុកចំលងកូវូណាវីរុសថ្មី នៅក្នុងទីក្រុងនេះ។

នៅថ្ងៃពុធទី១៣ឧសភា គណកម្មការប្រយុទ្ធប្រឆាំងជម្ងឺឆ្លងនៅក្រុងវូហាន បានចេញប្រកាសប្រាប់ថា អាជ្ញាធរនឹងបើកប្រតិបត្តិការយៈពេល១០ថ្ងៃ ដើម្បី​ធ្វើតេស្តស្វែងរកមេរោគ នៅ​ទូទាំងទីក្រុងវូហាន។ មហាយុទ្ធនាការនេះ គឺធ្វើទៅលើ​មនុស្សវ័យចំណាស់ជាអាទិភាព។ ក្រៅពីនេះគឺធ្វើទៅលើប្រជាជន​ដែលរស់នៅតំបន់ ដែលមានដង់ស៊ីតេមនុស្សចង្អៀតណែន និង​ទៅលើ​ប្រជាជន​ដែល​ជាពលករចំណាកស្រុក មកពីខេត្តផ្សេង។ ជាសរុប ការធ្វើតេស្តរយៈពេល១០ថ្ងៃនេះ គឺធ្វើ​ទៅលើ​មនុស្សប្រមាណ​១១លាននាក់។

ធ្វើតេស្តលើមនុស្ស១១លាននាក់ ក្នុងរយៈពេល​១០ថ្ងៃ គឺជាដំណឹងមួយ ដែលធ្វើឲ្យមហាជនគ្រប់គ្នា បើកភ្នែកធំៗ។ នៅតាមបណ្តាញសង្គម Weibo ប្រជាជនចិនបានចោទសួរថា តើបានប្រាក់ពីណា​ មកចំណាយ​ការធ្វើតេស្តដ៏ច្រើនបែបនេះ? ហើយថាតើអាចធ្វើទៅបានដែរឬទេ ១១លាននាក់ ក្នុងរយៈពេល១០ថ្ងៃ? អ្នកខ្លះទៀត លើកឡើងថា បើសិនចង់ធ្វើតេស្តក្នុងទ្រង់ទ្រាយធំ ហេតុអ្វីបានជាមិនធ្វើ នៅ​មុនពេលបើកទីក្រុងវូហានឡើងវិញ?

ដោយឡែក អ្នកជំនាញ​វិជ្ជសាស្ត្រចិនមួយចំនួន​ បានឆ្លើយប្រាប់កាសែត​ចិនជាភាសាអង់គ្លេស Global Times ថា ការធ្វើតេស្តទ្រង់ទ្រាយធំបែបនេះ គឺជាការសម្លឹងលោភលន់ពេកហើយ ព្រោះវាមិនប្រាកដថាអាចសម្រេចទៅតាមកម្មវត្ថុ ហើយ​មួយទៀតគឺចំណាយច្រើនណាស់។ អ្នកជំនាញបន្តថា គេគួរតែផ្តល់អាទិភាពធ្វើតេស្តនេះ ទៅលើ​មនុស្ស​ដែលប្រឈមខ្លាំង មានដូចជាគ្រូពេទ្យ បុគ្គលិកសង្រ្គោះតាមមន្ទីរពេទ្យជាដើម។

គួរបញ្ជាក់ថា ការផ្ទុះឡើងវិញនូវការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងក្រុងនេះ គឺជាគ្រោះថ្នាក់ធំបំផុត សម្រាប់ថ្នាក់ដឹកនាំថ្មី ដែលទើបតែទទួលទំនុកចិត្តពីប៉េកាំង។ លោក Wang Zhonglin អគ្គលេខាធិការបក្សកុម្មុយនីស្តប្រចាំក្រុងវូហាន បានប្រាប់កាសែត Changjiang ថា អាជ្ញាធរមិនអាចធ្វេសប្រហែស ត្រូវតែរួសរាន់ ដើម្បីកុំឲ្យ​អ្វីៗហួសពេល  ដូចកាលពី​លើមុន៕

Stephane Lagarde អ្នករាយការណ៍វិទ្យុបារាំងអ​ន្តរជាតិ RFI ប្រចាំក្រុងប៉េកាំង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ