អានតួអត្ថបទ
ចិន-កូវីដ១៩

ចិន​ នឹង​ផ្តល់​ថវិកា​ចំនួន​ ២ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កូវីដ​១៩​

លោកស៊ី ជីនពីង ប្រធានាធិបតីចិន។
លោកស៊ី ជីនពីង ប្រធានាធិបតីចិន។ AFP - -

ប្រធានាធិបតី​ចិន​លោក​ស៊ី​ ជីន​ពីង​ កាលពី​ថ្ងៃចន្ទ​ទី១៨ ​ឧសភា​ម្សិលមិញ​នេះ​ បាន​ចេញ​មុខ​ការពារ​ចំណាត់ការ​របស់​ក្រុង​ប៉េកាំង​ ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត​សកល​កូវីដ​១៩​។ ទន្ទឹមគ្នានេះ​ លោក​ស៊ី​ ក៏បាន​ប្រកាស​ផងដែរ​ ផ្តល់​ជំនួយ​ថវិកា​ចំនួន​ ២ ​ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​រោគ​រាតត្បាត​សកល​នេះ​។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​របស់​លោក​ស៊ី​ខាងលើ​នេះ​ ធ្វើឡើង​តាមរយៈ​វីដេអូ​ពី​ចម្ងាយ​ នៅ​ពេល​ចាប់​ផ្តើម​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

ថ្លែង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ លោក​ប្រធានាធិបតី​ចិន​ បាន​និយាយថា​ ក្រុង​ប៉េកាំង​តែងតែ​មាន​តម្លាភាព​ និង​ទំនួលខុស​ត្រូវ​ខ្ពស់​ ព្រមទាំង​បាន​ចែក​រំលែក​ព័ត៌មាន​អំពី​មេរោគកូរ៉ូណាថ្មី​បាន​ទាន់​ពេលវេលា​។

ការ​លើកឡើង​របស់​លោកស៊ី​បែបនេះ​ ត្រូវ​គេ​ដឹង​ថា​ ជា​ការ​ឆ្លើយតប​ទៅកាន់​ទាំង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ ត្រាំ​ និង​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ម៉ៃក៏​ ប៉ុមប៉េអូ​។ គឺ​ឥស្សរជន​ជាន់ខ្ពស់​អាមេរិក​ពីរ​រូបនេះ​ហើយ​  ដែល​បាន​ចោទ​ប្រកាន់​ចិន​ ថា​ខ្វះ​តម្លាភាព​ជុំវិញ​បញ្ហា​កូវីដ​ និង​ថា​ វីរុស​នេះ​លេច​ចេញពី​មន្ទីរ​ពិសោធន៍​របស់​ចិន​នៅ​វូហាន​។ ក្រៅពីនេះ​ មេដឹកនាំ​ចិន​លោក​ស៊ី ជីនពីង​ ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​ ២​ ពាន់​លាន​ដុល្លារ​ផងដែរ​ ទុក​ជួយ​ក្នុង​កិច្ចការងារ​ឆ្លើយតប​នឹង​វិបត្តិ​កូវីដ​។

ជំហរ​របស់​ចិន​បែបនេះ​ ខុសគ្នា​ផ្ទុយ​ស្រឡះ​ ពី​សហរដ្ឋ​អាមេរិក​របស់​លោក​ដូណាល់​ ត្រាំ​ ដែល​កាលពី​ពាក់កណ្តាល​ខែ​មេសា​កន្លងទៅ​ បាន​ប្រកាស​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អង្គការ​សុខភាព​ពិភពលោក​ ក្រោមហេតុផល​ថា​ស្ថាប័ន​មួយ​នេះ​ ចាត់ចែង​ការងារ​មិន​បាន​ល្អ​ និង​លំអៀង​ទៅរក​ចិន​។

កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ លោក​ស៊ី ជីពីន​ មិន​បាន​បញ្ជាក់​ប្រាប់​ពិស្តារ​នោះទេ​ ថាតើ​ ចិន​នឹង​ផ្តល់​ជំនួយ​ទៅឲ្យ​ផ្នែកណា​ ស្ថាប័ន​ណា​ ឬក៏​ប្រទេស​ណាខ្លះ​។ តាមរយៈ​វីដេអូ​ពី​ចម្ងាយ​ ជាមួយ​នឹង​គំនូរ​នៃ​មហាកំផែង​នៅពី​ខាងក្រោយ​ លោកស៊ី​ មាន​ប្រសាសន៍​ថា​ ចិន​នឹង​ផ្តល់​ថវិកា​ចំនួន​ ២​ ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​២ ឆ្នាំ​ ដើម្បី​ជួយ​ក្នុងការ​ឆ្លើយតប​នឹងវិបត្តិកូវីដ​ និង​ការ​អភិវឌ្ឃន៍​សេដ្ឋកិច្ច​ឡើងវិញ​នៅតាម​បណ្តា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ ជាពិសេស​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ជា​ការ​គួរ​ឲ្យកត់​សម្គាល់​ លោកស៊ី​ ជីនពីង​ ក៏​បាន​អះអាង​ដែរ​ថា​ ចិន​គាំទ្រ​ដំណើរការ​ ស៊ើប​អង្កេត​ស្តីអំពី​កូវីដ១៩​ នៅក្រោយពេល​ដែល​វិបត្តិ​នេះត្រូវ​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​។

គួរ​រំឭក​ជូន​ថា​ នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​ ដែល​ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក​ និង​អូស្រ្តាលី​ផង​ បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​លើ​ប្រភព​ដើម​នៃ​មេរោគកូរ៉ូណាថ្មី​។ រឿង​នេះ​បាន​បណ្តាល​ឲ្យ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ប៉េកាំង​ កាន់តែ​កើនឡើង​ជា​លំដាប់​ផងដែរ​នៅ​មួយរយៈពេល​ចុង​ក្រោយនេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ