អានតួអត្ថបទ
ឥណ្ឌា-បង់ក្លាដែស-គ្រោះធម្មជាតិ

ព្យុះស៊ីក្លូន​កំណាច​“អាំផាន​” សម្លាប់​មនុស្ស​យ៉ាងហោច​ ៨៤​ នាក់​នៅ​ឥណ្ឌា​និង​បង់ក្លាដែស

បុរសម្នាក់ដើរជាមួយកង់របស់គាត់នៅក្រោមដើមឈើដែលដួលរលំ បន្ទាប់ពីព្យុះស៊ីក្លូនអាំផានបោកបក់ក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌានាថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០។
បុរសម្នាក់ដើរជាមួយកង់របស់គាត់នៅក្រោមដើមឈើដែលដួលរលំ បន្ទាប់ពីព្យុះស៊ីក្លូនអាំផានបោកបក់ក្នុងរដ្ឋ West Bengal ប្រទេសឥណ្ឌានាថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២០។ REUTERS - RUPAK DE CHOWDHURI

មនុស្ស​យ៉ាងហោចណាស់​ ៨៤ នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​បង់ក្លាដែស​ ត្រូវ​បាន​សម្លាប់​ដោយ​ព្យុះ​ស៊ីក្លូន​ដ៏​កំណាច “អាំផាន” (Amphan)។ នេះ​ បើ​យោងតាម​តុល្យការ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី២១​ ឧសភា​ម្សិលមិញ​។ ក្រៅតែពី​បាន​សម្លាប់​ជីវិត​មនុស្ស​ចំនួន​រាប់​សិប​នាក់ ​ព្យុះ​ស៊ីក្លូន​នេះ​ក៏​បាន​បង្ក​ឲ្យ​ប្រជាជន​ឥណ្ឌា​ និង​បង់ក្លាដែស​ចំនួន​រាប់​ពាន់​នាក់​ផ្សេងទៀត​បាត់បង់​ទី​ជម្រក​ នៅ​ខណៈពេល​ដែល​ពួកគេ​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​ឆ្លង​កូវីដ​១៩​ ស្រាប់​ទៅ​ហើយ​នោះ​។

ផ្សាយពាណិជ្ជកម្ម

ព្យុះ​ស៊ីក្លូន​អាំផាន​ បាន​ផ្តើម​បោកបក់​ទៅ​លើ​ទីក្រុង​ និង​តំបន់​ឆ្នេរ​សមុទ្រ​ជាច្រើន​ ក្នុង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ក្បែរខាង​បង់ក្លាដែស​ តាំងពី​រសៀល​ថ្ងៃពុធ​ ទី​ ២០​ ខែ​ឧសភា​។

ផ្ទះ​សម្បែង​ជាច្រើន​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ​ ហើយ​ដើមឈើ​រាប់ពាន់​ដើម​ បូករួម​ទាំង​បង្គោល​ភ្លើង​អគ្គិសនី​ផង ​ត្រូវ​បាន​បោកបក់​ និង​ទាញ​ឲ្យ​ដួល​រលំ​ដោយសារ​តែ​កម្លាំង​ខ្យល់​ព្យុះ​ លាយឡំ​នឹង​ទឹកភ្លៀង​។ ជាមួយគ្នានេះ បណ្តាញ​អគ្គិសនី​ ហើយនិង​ចរន្ត​ទូរសព្ទ​នៅក្នុងតំបន់ជាច្រើន ក៏​ត្រូវ​បាន​កាត់​ផ្តាច់​ផងដែរ​។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ ប្រចាំនៅ​ប្រទេស​បង់ក្លាដែស​ បាន​ប៉ាន់ស្មាន​ថា​ មនុស្ស​ប្រមាណ​ជា​ ១០​ លាននាក់​រង​ផល​ប៉ះពាល់​ ពី​គ្រោះ​ធម្មជាតិ​មួយ​នេះ​ ហើយ​មនុស្ស​ប្រមាណ​ជា​ ៥០​ ម៉ឺន​នាក់​អាច​បាត់បង់​ផ្ទះ​សម្បែង​របស់​ពួកគេ​។

ប្រធាន​ក្រុមប្រឹក្សា​អគ្គិសនី​ជនបទ​បង់ក្លាដែស​ បាន​ឲ្យដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ យ៉ាងហោចណាស់​មនុស្ស​ ១០​ លាន​នាក់​ដែល​រស់នៅ​ក្នុង​បណ្តាស្រុក​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ប្រទេស​បង់ក្លាដែស ​គ្មាន​ភ្លើង​អគ្គិសនី​សម្រាប់​ប្រើប្រាស់​។

ខណៈ​ពេល​ដែល​ទាំង​ប្រទេស​ឥណ្ឌា​ និង​បង់ក្លាដែស​ នៅ​មិនទាន់​អាច​គ្រប់គ្រង​មេរោគកូវីដ​បាន​នៅឡើយ​ គេ​មាន​ការ​ព្រួយបារម្ភ​ថា​ គ្រោះ​ខ្យល់ព្យុះ​អំាផាន​ អាច​បង្ក​ជា​គ្រោះថ្នាក់​ទ្វេឡើង​សម្រាប់​ប្រទេស​ទាំងពីរ​។ ជាក់ស្តែង​ នៅ​ពេល​មនុស្ស​ជាច្រើន​ បាត់បង់​ទី​ជម្រក​ ហើយ​ត្រូវ​ទៅស្នាក់​នៅ​ជុំ​គ្នា​ណែនណាន់​តាន់តាប់​ឯ​ជំរំ​សុវត្ថិភាព​ ឱកាស​ក្នុងការ​ចម្លង​ និង​ឆ្លង​ជំងឺ​កូវីដ​ក្នុង​ចំណោម​ពួកគេ​មាន​ខ្ពស់​ខ្លាំង​ណាស់​។

មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ បាន​លើកឡើង​ថា​ ផលប៉ះពាល់​បង្កឡើង​ដោយ​ព្យុះស៊ីក្លូន​ អាំផាន​ គឺ​ធ្ងន់ធ្ងរ​ជាង​មេរោគកូរ៉ូណាថ្មី​ទៅ​ទៀត​។ ដើមឈើ​រាប់ពាន់​ដួល​រលំ​ ផ្លូវថ្នល់​ត្រូវ​រងការ​ខូចខាត​ដោយកម្លាំង​ទឹក​ជន់​ហូរ​ ហើយ​ផល​ដំណាំ​ជាច្រើន​ទៀត​ត្រូវ​ខូតខាត​ទាំងស្រុង​។

នាយករដ្ឋ​មន្រ្តី​ឥណ្ឌា​លោក​ ណារិនដ្រា​ ម៉ូឌី​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក៏​បាន​និយាយ​ដែរ​ថា​ លោក​នឹង​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ឥណ្ឌា​ ហើយនឹង​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ព្យុះស៊ីក្លូន​ជូន​ប្រជាជន​។

គួរជ្រាបថា​ អាំផាន​គឺជា​ព្យុះស៊ីក្លូន​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​មួយ​ និង​បាន​ផ្តើម​វាយ​ប្រហារ​ដំបូង​លើ​ឆ្នេរសមុទ្រ​បេងហ្គល​របស់​ឥណ្ឌា​ ក្នុង​ឆ្នាំ​១៩៩៩​។ ចំនួន​អ្នក​ស្លាប់​ ដោយសារ​ព្យុះអាំងផាន​ នៅ​ពេលនេះ​ មាន​ចំនួន​ទាប​ឆ្ងាយណាស់​ពី​អ្នកស្លាប់​ដោយសារ​ព្យុះ​​មុនៗ​។ ​នេះ ​គឺជា​លទ្ធផល​នៃ​ការព្យាករណ៍​អាកាសធាតុ​ និង​ផែនការ​ឆ្លើយ​តប​បន្ទាន់​របស់​អាជ្ញាធរ​ក្នុង​ស្រុក​ដែលមានលក្ខណៈល្អប្រសើរ​ជាង​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ