អានតួអត្ថបទ

សភាប្រជាជនចិនបើកកិ​ច្ចប្រជុំពេញអង្គ ដោយស្មឹងស្មាធ ១នាទីដើម្បីគោរពវិញ្ញាណ​ក្ខន្ធ ជនរងគ្រោះដោយកូវីដ

សភាប្រជាជនចិនបើកកិ​ច្ចប្រជុំពេញអង្គ ដោយស្មឹងស្មាធ ១នាទីដើម្បីគោរពវិញ្ញាណ​ក្ខន្ធ ជនរងគ្រោះដោយកូវីដ។
សភាប្រជាជនចិនបើកកិ​ច្ចប្រជុំពេញអង្គ ដោយស្មឹងស្មាធ ១នាទីដើម្បីគោរពវិញ្ញាណ​ក្ខន្ធ ជនរងគ្រោះដោយកូវីដ។ © REUTERS - CARLOS GARCIA RAWLINS

នៅរដ្ឋធានី​ប៉េកាំង​ កិច្ចប្រជុំសភាចិន​ ប្រចាំឆ្នាំ២០២០នេះ​ គឺធ្វើ​​យឺត​ពេល​ជាង​២ខែកន្លះ ដែល​ប្លែក​​ខុសពីរាល់ឆ្នាំ។ ការ​ខកខាននេះ ​​ដោយសារតែ​ការរីករាតត្បាតមេរោគ​​កូរ៉ូណាថ្មី រកឃើញ​ដំបូង​នៅ​ក្រុង​វូហាន​ ដែល​សម្លាប់​ពលរដ្ឋ​ចិន​អស់​ជាង ៤ពាន់​៦នាក់ (នេះបើ​តាមប្រភព​ផ្លូវការ​ពី​រដ្ឋអំណាច​ចិន​)។ ក៏ប៉ុន្តែ ការ​ជួប​ប្រជុំ​សមាជិក​សភាប្រជាជនចិន នៅពេល​នេះ  គឺ​ជា​សារ​បញ្ជាក់​ច្បាស់ថា រដ្ឋអំណាច​ចិន​ អាច​ទប់​ស្កាត់​ការ​រីករាលដាល​មេរោគ បាន យ៉ាងមាន​ប្រសិទ្ធភាព​ ហើយ​ក៏បង្ហាញដែរថា ស្ថានភាព​ប្រទេស​ជាតិ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតីឡើងវិញហើយ​។ ទោះយ៉ាង​នេះក្តី វិធានការ​សុវត្ថិភាព​និង​ការ​ពិនិត្យ​រក​មេរោគ គឺនៅតែបន្ត​យ៉ាង​សកម្ម​ដដែល​។

ផ្សាយពាណិជ្ជកម្ម

«បន្ទាប​ក្បាលបន្តិច​​ និង​ស្មឹងស្មាធ​១នាទី» ជាការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារកូវីដ១៩ នៅក្រុងវូហាន ខេត្តហូពេ និងនៅតំបន់ដទៃទៀត  ​ជាកាយវិការ​ឱន​លំទោនពីសំណាក់​ប្រតិភូ​អ្នក​តំណាង​ប្រជាជនចិន​ ដែល​មាន​វត្តមាន​ ចំនួន​២០៥៧​នាក់  នៅក្នុង​ឱកាស​បើក​អង្គប្រជុំ​សភា ថ្ងៃ​ដំបូង ថ្ងៃ​ព្រហស្បតិ៍​ ទី​២១ឧសភា​​។ ​ការ​ប្រុង​ប្រយ័ត្ន ខ្លាច​ឆ្លង​មេរោគកូវីដ១៩ ​នៅតែ​បន្ត​មាន ​ដោយ​យក​ចិត្តទុកដាក់ខ្ពស់​ ដ្បិតគេ​​ឃើញ​អ្នក​ចូលរួម​បន្ត​ពាក់​ម៉ាស់​ការពារ​គ្រប់ៗ​គ្នា​​ ហើយ​​ការ​ធ្វើ​តេស្ត​រក​មេរោគ និង​បំពាក់​ឧបករណ៍​ស្ទង់​កម្តៅ​ ជា​ប្រចាំ​ នៅ​ស្ទើរ​គ្រប់​ទិសទី​។

តាមគ្រោង នៅថ្ងៃសុក្រ នាយករដ្ឋមន្ត្រីចិន​ ធ្វើ​សុន្ទរកថា​បូក​សរុប​តុល្យការ​នៃ​ការ​ប្រយុទ្ធប្រយុទ្ធប្រឆាំង​មេរោគ​ ហើយ​និង​វាយ​តម្លៃ​លើ​ប្រព័ន្ធប្រកាស​អាសន្ន​សុខាភិបាល។​​ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីចិន ក៏បង្ហាញ​ផែន​ការ​ស្តារ​សេដ្ឋកិច្ច និង​បង្ហើបពីការ​​វាស់ស្ទង់​ ព្យាករណ៍​​កំណើន​សេដ្ឋកិច្ចចិន ប្រចាំ​ឆ្នាំ​២០២០​។

តាមសេចក្តីរាយការណ៍​របស់អ្នក​កាសែត​បារាំង Le Monde ឈរជើង​នៅប៉េកាំង​ សភាចិន​ អាចនឹង​​សម្រេច​អនុម័ត​ឱ្យប្រើ​ក្រម​រដ្ឋប្បវេណី ដែល​បាន​ព្រាង​និង​កែប្រែ បួន​ដង​រួចមកហើយ។ លើកទី៥នេះ ទំនង​ជាត្រូវ​សម្រេច​ហើយ ដែល​ក្នុងនោះ គេឃើញ​មាន​​ខ​សំខាន់ គួរ​កត់​សម្គាល់ មិនធ្លាប់​មាន​ តាំងតែពី​បដិវត្តន៍​វប្បធម៌ចិន​ គឺ មាន​ខចែងជាច្រើន​ពីការ​ធានាការពារ​​​សិទ្ធិ​ និងជីវិត​ឯកជន​របស់​ពលរដ្ឋចិន​​​។

មួយ​វិញទៀត តាម​ការ​ចុះផ្សាយ​របស់​កាសែត  The South China Morning Post  វិញ​ គឺ ​រដ្ឋអំណាច​ចិន ​នឹង​​ស្នើ​សេចក្តីព្រាង​ច្បាប់​ថ្មី នៅថ្ងៃ​សុក្រ​ ជុំវិញ​វិធានការ​ច្បាប់ហាម​ឃាត់អំពើ​អប្បគមន៍ ​ការ​ជ្រៀតជ្រែងលូក​ដៃ​ពីបរទេស និង​អំពើ​ភេរវ​និយម នៅលើ​ដែន​ដីតំបន់​ស្វ័យ​ត​ហុងកុង។ ហុងកុង ​ដែល​កាលពី​ឆ្នាំមុន មាន​​ផ្ទុះ​បាតុកម្ម​ប្រឆាំង​ចិន​យ៉ាង​កក្រើក​សម្បើម​អស្ចារ្យ​។

គួរ​ជ្រាបដែរ ថា​តាមធម្មតា កិច្ច​ប្រជុំសភាប្រជាជនចិន ប្រចាំឆ្នាំបែបនេះ​ អាចត្រូវប្រើពេលជាងពីរសប្តាហ៍ តែសម្រាប់​ឆ្នាំនេះ គឺ​ត្រូវកាត់បន្ថយ មកធ្វើ​ត្រឹមមួយសប្តាហ៍តែប៉ុណ្ណោះ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ