អានតួអត្ថបទ
ប៉ាគីស្ថាន-គ្រោះថ្នាក់យន្តហោះ

យន្តហោះ​ប៉ាគីស្ថាន​ដឹក​អ្នក​ដំណើរ​ជិត​ ១០០​នាក់​ ធ្លាក់​នៅ​ជិត​អាកាស​យានដ្ឋាន​ក្រុង​ការ៉ាជី

ក្រុមអ្នកជួយសង្គ្រោះកំពុងខ្នះខ្នែងជួយទាញមនុស្សចេញពីគំនរយន្តហោះដែលបាក់បែក នៅពីថ្ងៃសុក្រ ទី២២ ឧសភា ឆ្នាំ២០២០។
ក្រុមអ្នកជួយសង្គ្រោះកំពុងខ្នះខ្នែងជួយទាញមនុស្សចេញពីគំនរយន្តហោះដែលបាក់បែក នៅពីថ្ងៃសុក្រ ទី២២ ឧសភា ឆ្នាំ២០២០។ AP - Fareed Khan

យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ប្រទេស​ប៉ាគីស្ថាន​ដែល​មាន​ផ្ទុក​មនុស្ស​ចំនួន​ ៩៨​ នាក់​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​មាន​មនុស្ស​រស់​នៅ​មួយ​ នៃ​ភាគ​ខាងត្បូង​ទីក្រុង​ការ៉ាជី​ កាល​ពីថ្ងៃ​សុក្រ​ ២២​ ឧសភា​ម្សិលមិញ​។ អាជ្ញាធរ​ប៉ាគីស្ថាន​ បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១១ នាក់​បាន​ស្លាប់​ ប៉ុន្តែ​គេ​បារម្ភ​ខ្លាច​ថា​ ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ដែល​ធ្លាក់​គឺ​ជា​ជើង​ហោះហើរ​ PK​ 8303​ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន​ និង​ជា​ប្រភេទ​យន្តហោះ​ Airbus​ A​320​។ យន្តហោះ​ មាន​ដឹក​អ្នក​ដំណើរ​សរុប​ទាំងអស់​ ៩១​ នាក់​ ហើយ​ ៧​នាក់​ផ្សេង​ទៀត​ជា​បុគ្គលិក​យន្តហោះ​។

យន្តហោះ​នេះ​ បាន​ហោះចេញ​ពី​រដ្ឋធានី​ឡាហ័រ​របស់​ប៉ាគីស្ថាន​ឆ្ពោះ​ទៅកាន់​ទីក្រុង​ការ៉ាជី​ និង​បាន​ផ្តើម​បាត់​សញ្ញា​ទាក់ទង​នៅ​ពេល​រៀប​ចុះ​ចត​នា​វេលា​​ម៉ោង​ប្រមាណ​ជា​ ២​ និង​៣០​ នាទី​រសៀស​ថ្ងៃសុក្រ​ម្សិលមិញ​ ម៉ោង​នៅ​ក្នុង​ស្រុក​ប៉ាគីស្ថាន​ឬ​ស្មើនឹង​ម៉ោង​ ៩​:៣០​ ព្រឹក​ ម៉ោង​សកល​។

គេ​នៅ​មិន​ទាន់​ដឹង​នោះទេ​ អំពី​មូលហេតុ​នៅ​ពី​ក្រោយ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​នេះ​។ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន​លោក​ អាប់ឌុលឡា​ ហាហ្វី​ (Abdullah Hafee) បាន​និយាយ​ថា​ នៅពេលនេះ​ វា​ឆាប់​រហ័ស​ពេក​ក្នុងការ​និយាយអំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ធ្លាក់​។

យ៉ាងណាក៏ដោយ មុនពេល​ធ្លាក់​ អ្នក​បើក​យន្តហោះ​បាន​និយាយ​ប្រាប់​ក្រុម​ត្រួត​ពិនិត្យ​ថា​ ខ្លួន​កំពុង​ជួប​បញ្ហា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​។ នេះ​ បើ​តាម​ការឲ្យ​ដឹង​ពី​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន​។

នៅកន្លែង​កើត​ហេតុ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ គេ​ឃើញ​ផ្ទះសម្បែង​ និង​រថយន្ត​ជាច្រើន​ត្រូវ​ខូច​ខាត​។ ចំណែកឯ​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​អ្នកស្រុក​វិញ​ ពួកគេ​បាន​ខិតខំ​យ៉ាង​ដុតដៃ​ដុត​ជើង​ ទាញ​មនុស្ស​ចេញពី​គំនរ​យន្តហោះ​ដែល​បាក់បែក​ ខណៈពេល​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្លត់​ភ្លើង​ដែល​កំពុង​ឆេះ​។

ដោយ​បង្ហាញពី​ភាពតក់ស្លុត​ចំពោះ​ឧប្បត្តិហេតុ​នេះ​ លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​អ៊ីមរ៉ាន ខាន់ បាន​និយាយថា​ ក្រុម​ជួយសង្គ្រោះ​កំពុង​ខ្នះខ្នែង​ជួយ​ជន​រងគ្រោះ​ ហើយ​អាជ្ញាធរប៉ាគីស្ថាន​នឹង​បើក​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធនឹង​រឿងនេះ​ឲ្យបាន​ឆាប់ៗ​។ ជាមួយគ្នានេះ​ លោក​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផងដែរ​។

គួរ​គូសបញ្ជាក់​ជូនថា​ គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅការ៉ាជី​ កើតឡើង​នៅពេល​ប្រជាជន​ប៉ាគីស្ថាន​ជាច្រើន ​នៅទូទាំង​ប្រទេស​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមកំណើត​ដើម្បី​ប្រារព្ធ​បុណ្យ​សាសនា​ Eid al-Fitr។

គួរ​ជ្រាបដែរថា​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ាគីស្ថាន​ ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក​រហូតដល់​ទសវត្សរ៍​ឆ្នាំ១៩៧០​។ ក៏ប៉ុន្តែ​ កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ​ បាន​ធ្លាក់ចុះ​ជា​លំដាប់​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​ និង​បញ្ហា​ចម្រូងចម្រាស​ជាច្រើន​ទៀត​ ដែល​ក្នុងនោះ​ក៏​មាន​ផងដែរ​ការ​ពន្យារ​ជើងយន្ត​ហោះហើរ​ជា​ញឹកញាប់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ