អានតួអត្ថបទ
ចិន-ហុងកុង-ច្បាប់

អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ ខឹង​សម្បា​ចំពោះ​វិធានការ​របស់​ចិន​ក្នុង​ការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​

គណៈប្រតិភូអបអរសាទរនៅពេលដែលលោកប្រធានាធិបតីស៊ី ជីនពីង អញ្ជើញមកដល់សម័យប្រជុំសភាប្រជាជនចិន (NPC) នៅថ្ងៃសុក្រទី ២២ ខែឧសភាឆ្នាំ ២០២០។
គណៈប្រតិភូអបអរសាទរនៅពេលដែលលោកប្រធានាធិបតីស៊ី ជីនពីង អញ្ជើញមកដល់សម័យប្រជុំសភាប្រជាជនចិន (NPC) នៅថ្ងៃសុក្រទី ២២ ខែឧសភាឆ្នាំ ២០២០។ AP - Ng Han Guan

នៅក្នុង​ពេល​បើក​កិច្ចប្រជុំ​សភា​ពេញ​អង្គ​ នា​ព្រឹកថ្ងៃ​សុក្រ​ ទី​២២ ឧសភា​នេះ ​ចិន​បាន​ដាក់​ស្នើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ស្តីអំពី​សន្តិសុខ​ជាតិ​ហុងកុង​ទៅ​កាន់​សភា។ ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ បាន​លើក​ឡើងថា​ ច្បាប់​សន្តិសុខ​ជាតិ​នេះ​ គឺជា​វិធាន​មួយ​ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្វ័យភាព​ និង​សិទ្ធិសេរីភាព​របស់​ដែនដី​ហុងកុង​។ ​ដោយ​ក្តី​ខឹង​សម្បា​មិន​សុខ​ចិត្ត​ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ច្បាប់​សន្តិសុខជាតិ​របស់​ចិន​ប៉េកាំង​នេះ។

ផ្សាយពាណិជ្ជកម្ម

ច្បាប់​សន្តិសុខជាតិ​ហុងកុង​ ដែល​ដាក់​ស្នើ​ដោយ​បក្សកុម្មុយនិស្ត​ចិន ​គឺជា​ច្បាប់​ប្រឆាំង​ទៅនឹង​ អំពើ​ក្បត់ជាតិ​ សកម្មភាព​បះបោរ​ និង​ការ​ធ្វើ​វិទ្ធង្សនា​ ហើយ​ច្បាប់នេះ ​មិនចាំ​បាច់​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​យល់ព្រម​ពី​សមាជិក​សភា​តំណាងរាស្ត្រ​ហុងកុង​ឡើយ​។

បក្សកុម្មុយនិស្ត​ចិន​ បាន​ដាក់ស្នើឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​នេះ​ឡើង​ ក្រោយពី​មេដឹកនាំ​ចិន​លោក​ ស៊ី ជីនពីង​ បាន​ធ្វើការ​ព្រមាន​ម្តងហើយ​ម្តងទៀត​ ថា​អំណាច​កណ្តាល​ប៉េកាំង​ មិន​អាច​ឈរ​ទ្រាំមើល​ បាតុកម្ម​ប្រឆាំង​បះបោរ​ជាច្រើន​លើកច្រើនសា​នៅហុងកុង​បានទៀត​នោះ​ឡើយ​។

សណើ​ច្បាប់​ថ្មី​ខាងលើ​នេះ​ បាន​បង្កឲ្យ​មាន​ភាព​ចម្រូងចម្រាស​ និង​ការ​កើតទុក្ខ​មិន​សុខ​ចិត្ត​ជាខ្លាំង​ពី​សំណាក់​ក្រុម​អ្នក​ស្នេហា​លទ្ធិ​ប្រជាធិបតេយ្យ​ហុងកុង​។ ក្រុម​អ្នក​រិះ​គន់ ​បាន​​និយាយថា​ ប្រទេស​ចិន​កំពុងតែ​បំពាន​នឹង​ពាក្យសន្យា​ដែលថា​​អនុញ្ញាត​ឱ្យ​មាន​សិទ្ធិ​សេរីភាព​នៅ​ហុងកុង​ ដែលជា​ដែនដី​ពាក់​កណ្តាល​ស្វយ័ត​របស់​ប្រទេសចិន​។

មួយវិញទៀត​ ច្បាប់នេះ​ក៏​បាន​បញ្ឆេះ​កំហឹង​សាធារណៈ​ជន​ហុងកុង​និង​ទំនង​ជា​អាច​បង្ក​ឱ្យ​មាន​ផ្ទុះ​ការ​តវ៉ា​ជាថ្មី​ទៀតផង​។ អ្នក​ប្រជាធិបតេយ្យ​ហុងកុង​បាន​និយាយ​ថា​ បើ​មាន​ច្បាប់​សន្តិសុខ​ជាតិ​នេះ​មែន​ នោះ​វា​គឺជា​ថ្ងៃ​អវសាន​របស់​ទី​ក្រុងហុងកុង​ ហើយ​ក៏​ជា​ការ​បិទបញ្ចប់នៃ​នយោយបាយ​ប្រទេស​មួយ​ប្រព័ន្ធពីរ​ដែរ​។

អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ បាន​ប្រកាស​ថា​ នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅនឹង​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ចិន​កំពុង​ដាក់​ស្នើ​ទៅ​សភា​។ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​ល្បីល្បាញ​ម្នាក់​ គឺ​យុវជន​ ចូសសួរ​ វ៉ុង​ (Joshua Wong) បាន​និយាយ​ថា ​និន្នាការ​ថ្មី​របស់​ចិន​គឺជា​សារ​ប្រាប់​ច្បាស់​ណាស់​ថា​ ទីក្រុង​ប៉េកាំង​កំពុង​ព្យាយាម​បំបិទ​សំឡេង​របស់​អ្នក​តវ៉ា​ហុងកុង​ដោយ​កម្លាំង​និង​ការ​បន្លាច​។

គួរជ្រាបថា​ នៅថ្ងៃ​សុក្រនេះ​ដែរ​ នៅលើ​បណ្តាញ​អ៊ីនធ័រណែត​និង​តាម​កម្មវិធី​ជជែក​ជាច្រើន​ទៀត​ គេឃើញ​ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​បាន​ចាប់​ផ្តើម​អំពាវនាវ​កៀរគរ​ ឱ្យ​បន្ត​ចលនា​តវ៉ាជាថ្មី​។ ជា​ការ​តវ៉ា​បន្ត​ពី​ឆ្នាំ​មុន​ និង​ដែល​ត្រូវ​បាន​ ផ្អាក​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ដោយសារ​តែ​វិបត្តិ​កូវីដ​១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ