អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិនមានមោទនភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តែបានទទួលស្គាល់ពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាន

សំឡេង ០៥:២៩
នាយករដ្ឋមន្រ្តីចិនលោកលី ខឺជាំង
នាយករដ្ឋមន្រ្តីចិនលោកលី ខឺជាំង REUTERS - CARLOS GARCIA RAWLINS

នៅ​ក្នុង​ប្រទេស​ចិន សភាប្រជាជន​កំពុង​បន្ត​សម័យប្រជុំ​ពេញអង្គ​លើកទី១៣ នា​ថ្ងៃ​សៅរ៍ ទី២៣ ឧសភា។ ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​សភា​ទាំង ២ ៨៩៧នាក់​នា​ថ្ងៃ​សុក្រ ទី២២ ឧសភា នាយករដ្ឋមន្រ្តី​លោក​លី ខឺជាំង​បាន​ប្រកាស​ពី​ជោគជ័យ​របស់​ចិន​ក្នុង​ការ​ប្រឆាំង​ទប់​នឹង​ជំងឺ​កូវីដ-១៩ តែ​បាន​ទទួល​ស្គាល់​ថា ជោគជ័យ​លើ​ជំងឺ​ឆ្លង​រាតត្បាត​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន។ វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដែល​លោក​លី ខឺជាំង​ចង់​និយាយ គឺ​ផលិផល​សរុប​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ ៦,៨% ក្រោម​សូន្យ​សម្រាប់​ត្រីមាសទី១ ឆ្នាំ ២០២០។ ទន្ទឹម​គ្នា​នេះ លោក​លី ខឺជាំង​ក៏​បាន​បញ្ជាក់​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏​ដូច​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​មួយ​នេះ​ក៏​នៅ​មិន​ទាន់​ចប់​ជា​ស្ថាពរ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​លី ខឺជាំង លោក​មិន​បាន​ឲ្យ​តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​ចិន​អាច​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២០ និង​តួលេខ​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​ចិន​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​នៅ​ឆ្នាំ ២០២១ ទេ។ តាម​លោក​លី ខឺជាំង ចិន​កំពុង និង​ត្រូវ​ប្រឈម​នឹង​កត្តា​មួយ​ចំនួន​ដែល​ពិបាក​នឹង​ព្យាករណ៍​ទុក​មុន​បាន។ តែ​ទោះ​បី​ជា​លោក​លី ខឺជាំង​មិន​បញ្ជាក់​ក៏​គេ​អាច​និយាយ​បាន​ថា លោក​ចង់​និយាយ​សំដៅ​លើ​បរិបទ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​លើ​ពិភពលោក​បច្ចុប្បន្ន​ដែល​កំពុង​បន្ត​ស្រពិចស្រពិល និង​មិន​ច្បាស់លាស់​ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ចូរ​កុំ​ភ្លេច​ថា ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក បន្ទាប់​ពី​សហរដ្ឋអាមេរិក សេដ្ឋកិច្ច​ចិន​បាន​ពឹង​ផ្អែក​ខ្លាំង​លើ​សេដ្ឋកិច្ច​ក្នុង​លោក ពោល​មិន​អាច​ពឹង​ផ្អែក​តែ​ខ្លួន​ឯង​បាន​ឡើយ។ បើ​ក្រុម​ប្រទេស​ដៃគូ​សេដ្ឋកិច្ច​របស់​ចិន​សឹង​តែ​ទាំង​អស់​លើ​លោក​កំពុង​ជាប់គាំង និង​ជួប​វិបត្តិ​ហើយ ចិន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រោងចក្រ សហគ្រាស​ពិភពលោក​ក៏​ត្រូវ​ជាប់គាំង​ដែរ។

នៅ​ក្នុង​សុន្ទរកថា​តែ​រយៈពេល ៥៥នាទី​នៅ​ចំពោះ​មុខ​សមាជិក​សភា​ទាំង​ជិត ៣ ០០០នាក់ លោក​លី ខឺជាំង​បាន​ទទួល​ស្គាល់​ពី​ជោគជ័យ​របស់​ចិន​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ-១៩ តែ​ជា​ជោគជ័យ​មួយ​ដែល​ចិន​បាន​បង់​ក្នុង​តម្លៃ​មួយ​ថ្លែ​ណាស់។ តម្លៃ​ដែល​លោក​លី ខឺជាំង​ចង់​និយាយ គឺ​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​ត្រីមាសទី១ បាន​ដាំ​ក្បាល​ចុះ​ដល់​ទៅ ៦,៨% ក្រោម​សូន្យ។ នេះ​ជា​អត្រា​មួយ​ដែល​ចិន​មិន​ធ្លាប់​ជួប​ប្រទះ​ទាល់​តែ​សោះ​នៅ​ក្នុង​ប្រវត្តិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ការ​មិន​ឲ្យ​តួលេខ​ស្តីពី​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២០ និង​សម្រាប់​ឆ្នាំ ២០២១ ក៏​ជា​រឿង​មិន​មាន​ដែរ ព្រោះ​នៅ​ក្នុង​សម័យប្រជុំ​របស់​សភា​ប្រជាជន​ចិន​មុនៗ រដ្ឋាភិបាល​តែង​បាន​កំណត់ និង​ដាក់​ចេញ​នូវ​ទិសដៅ​ជា​តួលេខ។ តែ​បើ​ផ្អែក​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ កំណើន​សេដ្ឋកិច្ច​ចិន​សម្រាប់​ឆ្នាំ ២០២០ អាច​មាន​ត្រឹម ១,២% ពោល​តិច​ជាង​ឆ្ងាយ​ក្នុង​ឆ្នាំ ២០១៩ ដែល​មាន ៦,១%។

កូវីដ-១៩ បង្កើន​ភាព​ក្រីក្រ និង​អ្នក​ការងារ​ធ្វើ​នៅ​ចិន?

វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ផ្ទុះ​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់​យក​ឆ្នាំ ២០២០ ជា​ឆ្នាំ​នៃ​ការ​លុបបំបាត់​ភាព​ក្រីក្រ​ខ្លាំង​ជា​ផ្លូវការ។ តាម​ពិត អតីត​ប្រធានាធិបតី​ចិន​លោក​ហ៊ូ ជីនតាវ​បាន​ដាក់​ទិសដៅ​ក្នុង​ឆ្នាំ ២០១២ ពី​ការ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ចិន​ឲ្យ​បាន​ទ្វេដង​ក្នុង​ចន្លោះ​ឆ្នាំ ២០១០ និង​ឆ្នាំ ២០២០។ ទិសដៅ​មួយ​នេះ​ត្រូវ​បាន​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ស៊ី ជីនពីង​បន្ត​អនុវត្ត​ដោយ​ប្រែ​ទៅ​ជា​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រីក្រ។ តែ​បើ​តាម​មើល​ទៅ និង​ដោយ​យោង​លើ​កាលៈទេសៈ​បច្ចុប្បន្ន យុទ្ធនាការ​មួយ​នេះ​ប្រហែល​ជា​មិន​ទាន់​អាច​សម្រេច​បាន​ក្នុង​ឆ្នាំ ២០២០ ដោយ​ត្រូវ​បន្ត​ប្រើ​ពេល​បន្ថែម​ទៀត។

នៅ​ក្នុង​សុន្ទរកថា នាយករដ្ឋមន្រ្តី​ចិន​លោក​លី ខឺជាំង​មិន​បាន​និយាយ​ដល់​រឿង​ប្រកាស​ជោគជ័យ​នៃ​យុទ្ធនាការ​បំបាត់​ភាព​ក្រីក្រ​ខ្លាំង​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០២០ ទេ។ តែ​លោក​បាន​បញ្ជាក់​ថា កម្មវត្ថុ​ដែល​បាន​កំណត់​នៅ​មុន​វិបត្តិ​កូវីដ-១៩ នឹង​ត្រូវ​ផ្លាស់ប្តូរ​ដើម្បី​ចាត់​វិធានការ​អាទិភាព​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​ពិសេស​ក្នុង​វិបត្តិ​កូវីដ-១៩។ វិធានការ​អាទិភាព​ដែល​លោក​លី ខឺជាំង​បាន​លើក​ឡើង គឺ​ស្ថិរភាព​ការងារ និង​ថែរក្សា​សុខុមាលភាព​របស់​ប្រជាជន។ តាម​លោក​លី ខឺជាំង ចំនួន​អ្នក​អត់ការងារ​ធ្វើ​ដែល​បាន​កំណត់​ក្នុង​ឆ្នាំ ២០១៩ មិន​ឲ្យ​លើស ៥,៥% នឹង​ឡើង​ដល់ ៦%។ ចំណែក​អត្រា​ឳនភាព​សាធារណៈ​ដែល​បាន​កំណត់​ក្នុង​ឆ្នាំ ២០១៩ ត្រឹម ២,៨% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​នឹង​កើន​ជាង ៣,៦%។

លោក​លី ខឺជាំង​បាន​លំអិត​ថា រដ្ឋ​បាន​ចំណាយ​លុយ​ច្រើន​ណាស់​ដើម្បី​ទប់ស្កាត់​នឹង​ជំងឺ​កូវីដ-១៩ និង​ជួយ​ផ្តល់​សន្ទុះ​ក្នុង​វិស័យ​សេដ្ឋកិច្ច។

« យើង​បាន​ប្រឈម​មុខ​នឹង​ហានិភ័យ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​របស់​យើង ហើយ​ហានិភ័យ​នេះ​នឹង​បន្ត​មាន​នៅ​ឆ្នាំ​ខាង​មុខ » នេះ​ជា​ការ​ថ្លែង​របស់​លោក​លី ខឺជាំង។ ឃ្លា​របស់​លោក​លី ខឺជាំង​នេះ​ជា​សក្ខីកម្ម​បញ្ជាក់​ថា ឆ្នាំ ២០២១ ក៏​ចិន​នៅ​មិន​ទាន់​អាច​ងើប​រួច​ពី​វិបត្តិ​ដែល​ចិន​កំពុង​ជួប​ប្រទះ​ពេល​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ