អានតួអត្ថបទ

ច្បាប់សន្តិសុខជាតិចិនគ្រោងអនុវត្តលើ ហុងកុង បំផុសឱ្យមានប្រតិកម្មប្រឆាំងជាច្រើន​​ពីសហគមន៍អន្តរជាតិ

ភាពចម្រូងចម្រាស់នៅក្នុងសភាហុងកុង 18/05/2020.
ភាពចម្រូងចម្រាស់នៅក្នុងសភាហុងកុង 18/05/2020. REUTERS - TYRONE SIU

ច្បាប់សន្តិសុខ​ជាតិ ដែល​ចិនគ្រោង​អនុវត្ត​លើ ​ហុង​កុង ​កំពុង​បន្តបំផុស​ឱ្យ​​មាន​ប្រតិកម្ម​ប្រឆាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី ​អឺរ៉ុប អង់គ្លេស អូស្រា្តលី កាណាដា និង​អាមេរិក។ ​អាមេរិក ​ដែល​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ដាក់​ក្រុមហ៊ុន និង​ស្ថាប័ន​ចិន​ចំនួន ៣៣ ទៅ​ក្នុង​បញ្ជីខ្មៅ ​ពី​បទរួមចំណែក​នៅ​ក្នុង​ការ​រំលោភសិទ្ធមនុស្ស​។

ផ្សាយពាណិជ្ជកម្ម

អង់គ្លេស អូស្រា្តលី កាណាដា បាន​ចេញ​សេចក្តីថ្លែងការ​រួម​មួយ​ ថ្កោលទោស​ចិន ជុំវិញ​សេចក្តី​ស្នើ​ច្បាប់​សន្តិសុខ​ចិន ដែល​គ្រោង​អនុវត្ត​នៅ​លើ​ដែន​ដីពាក់​កណ្តាល​ស្វ័យត​ហុងកុង។ ប្រទេស​បច្ចិមលោក​ទាំងបី បាន​សម្តែងក្តី​សោកស្តាយ​ជាខ្លាំង និង​ព្រួយ​បារម្ភ​ជាពន់ពេក ​ចំពោះស្ថានការណ៍​ហុងកុង ដោយ​គូស​បញ្ជាក់ថា ច្បាប់​ថ្មី​របស់របប​​ក្រុង​ប៉េកាំង​នេះ គឺ​គ្មាន​ការ​ចូលរួម​សម្រេច​ពី​ពលរដ្ឋ​ហុង​កុង ហើយ​និងធ្វើ​ឱ្យ​ខូច​គោលការណ៍​ស្វ័យភាព​គ្រប់​គ្រង​របស់​ ហុងកុង។ ច្បាប់​សន្តិសុខ​ចិន ក៏​បំពានដែរទៅលើ​កិច្ចព្រមព្រៀង​របស់​ម្ចាស់អាណានិគម​អង់គ្លេស និង​ចិន​ ជុំវិញ​ករណីលក្ខន្តិកៈពិសេស​​ហុងកុង នៅឆ្នាំ១៩៩៧ដែរ​។ ទន្ទឹម​នឹងនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ នាយករដ្ឋមន្ត្រី​​កាណាដា លោក Justin Trudeau បាន​ស្នើឱ្យរដ្ឋអំណាច​​ចិន​ពិចារណាឡើងវិញ ហើយ​ជជែក​ពិភាក្សា​ជា​មួយ​ប្រជាពលរដ្ឋ​ហុងកុង​។​ ចំណែក​ កាណាដា នឹង​បន្ត​តាមដាន​សំណុំរឿង​នេះ​យ៉ាងកៀកកិត ជា​​បន្ត​ទៅទៀត។

ចំណែក​ភាគី​សហរដ្ឋអាមេរិក​វិញ  រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​អាមេរិក ​យល់ថា ច្បាប់សន្តិសុខ​ចិន​នេះ គឺ​សម្លាប់​ស្វ័យភាព​របស់​ ហុង​កុង​ យ៉ាងគំរោល​តែម្តង។ ប្រមុខ​ការ​ទូត​អាមេរិក Mike Pompeo បាន​ព្រមាន​ចិន និងថា សហអាមេរិក​ជំរុញ​ឱ្យ​ក្រុង​ប៉េកាំង​គិត​គូរ​ឡើងវិញ ហើយ​វិល​ត្រឡប់​មក​គោរព​កិច្ចព្រមព្រៀង​អន្តរជាតិ​ ដែល​ចែង​ពី​ស្វ័យភាពគ្រប់គ្រង​​របស់ ហុងកុង ដោយ​ធានា​នូវ​លទ្ធិប្រជាប្រធិបតេយ្យ​និងការ​គោរព​សិទ្ធ​ពលរដ្ឋ​។

ទន្ទឹម​នឹង​ការ​ព្រមាន​ សហរដ្ឋអាមេរិក ​ពីថ្ងៃ​សុក្រ ក៏បានចេញ​ចំណាត់​ការ​ ដាក់​ក្រុមហ៊ុននិងស្ថាប័នចិនចំនួន ៣៣ ទៅក្នុងបញ្ជីខ្មៅ​ ពីបទរួមចំណែកនៅក្នុងការរំលោភសិទ្ធមនុស្ស។ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំងនោះ មាន​មួយ ឈ្មោះ NetPosa ដែល​ជំនាញ​ខាងបច្ចេកវិជ្ជាបញ្ញាសិប្បនិម្មិត​ និងដែល​​បានប្រើ​ប្រព័ន្ធ​បច្ចេកវិជ្ជា​សម្រាប់​តាមដាន​ពលរដ្ឋ​ជន​ជាតិ​ភាគតិច អ៊ុយហ្គួរ​ ដែលនេះ ជាការ​រំលោភ​សិទ្ធមនុស្ស។​​

ទោះយ៉ាងណាក្តី បើ​តាមអ្នក​វិភាគនយោបាយភូមិសាស្ត្រ​មួយ​ចំនួន​ ចំពោះ​ ការ​​ដាក់​ក្រុម​ហ៊ុន​ចិន​ចូល​បញ្ជីខ្មៅ ករណី​សិទ្ធមនុស្ស​ និងករណី ​ហុងកុង​ នេះក្តី គេយល់ថា សហរដ្ឋ​អាមេរិក ​យក​មក​ធ្វើ​ជា​ខែល ជាលេស ដើម្បី​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន ដើម្បីបាន​ប្រយោជន៍​ ច្រើនជាងមុនសម្រាប់​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ