អានតួអត្ថបទ
សិង្ហបុរី-សេដ្ឋកិច្ច

សិង្ហបុរី៖ផលិផលសរុបក្នុងស្រុកសម្រាប់ឆ្នាំ ២០២០ អាចធ្លាក់ចុះដល់ទៅ ៧%

រដ្ឋាភិបាលសិង្ហបុរីថា ផលិផលសរុបក្នុងស្រុកសម្រាប់ឆ្នាំ ២០២០ អាចធ្លាក់ចុះដល់ទៅ ៧%
រដ្ឋាភិបាលសិង្ហបុរីថា ផលិផលសរុបក្នុងស្រុកសម្រាប់ឆ្នាំ ២០២០ អាចធ្លាក់ចុះដល់ទៅ ៧% Pixabay/Inkie

នៅ​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ ទី២៦ ឧសភា​ពី​ការ​អាច​ធ្លាក់​ចុះ​ផលិតផល​សរុប​ក្នុង​ស្រុក​រហូត​ដល់ ៧% សម្រាប់​ឆ្នាំ ២០២០។ អត្រា​ធ្លាក់​ចុះ​នេះ​មាន​ច្រើន​ជាង​ការ​រំពឹង​ទុក ហើយ​វិបត្តិ​កូវីដ១៩ គឺ​ជា​ដើមចម​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សិង្ហបុរី ក៏​ដូច​ជា​សេដ្ឋកិច្ច​នៅ​សឹង​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក។ គួរ​បញ្ជាក់​ថា សិង្ហបុរី​ជា​ទីតាំង​ឆ្លងកាត់​ផ្លូវអាកាស ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​គន្លឹះ​នៅ​អាស៊ី។ ជា​រឿយៗ ក្រុម​សេដ្ឋវិទូ​បាន​យក​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​សិង្ហបុរី​ដើម្បី​វាស់ស្ទង់​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក។

ផ្សាយពាណិជ្ជកម្ម

ដំណឹង​មិន​សូវ​ល្អ​មួយ​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​សេដ្ឋកិច្ច​សិង្ហបុរី​ដែល​បញ្ជាក់​ថា អត្រា​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​ឆ្នាំ ២០២០ អាច​ស្ថិត​នៅ​ចន្លោះ​ពី -៤% ទៅ -៧% ពោល​ច្រើន​ជាង​ការ​ព្យាករណ៍​លើក​មុន​ដែល​អាច​ស្ថិត​នៅ​ចន្លោះ​តែ​ពី -១% ទៅ -៤% ប៉ុណ្ណោះ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ផ្អែក​លើ​កត្តា​ខាង​ក្រៅ និង​កត្តា​ខាង​ក្នុង។ កត្តា​ខាង​ក្រៅ គឺ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ ហើយ​កត្តា​ខាង​ក្នុង គឺ​វិធានការ​ក្រុង​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩។ បើ​គិត​ពេញ​មួយ​ឆ្នាំ ២០២០ សិង្ហបុរី​បាន​ស្គាល់​អត្រា​កំណើន​សេដ្ឋកិច្ច​អវិជ្ជមាន​សម្រាប់​ត្រីមាស​ទី១ កន្លង​ទៅ​ដែល​មាន -០,៤%។

ទោះ​បី​ជា​តួលេខ​នេះ​មាន​តិច​ជាង​ការ​ព្យាករណ៍​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ដំណាច់​ខែ​មីនា​ក៏​ដោយ​ក៏​រដ្ឋាភិបាល​សិង្ហបុរី​មិន​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ដែរ។ មិន​សូវ​មាន​សុទិដ្ឋនិយម​ក៏​ព្រោះ​តែ​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ការ​វិវឌ្ឍន៍​នៅ​ពេល​ខាង​មុខ​ក៏​ដូច​ជា​កម្រិត​គ្រោះថ្នាក់​នៃ​ជំងឺ​កូវីដ១៩ រួម​ទាំង​ផ្លូវ​នៃ​ការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ គួរ​រម្លឹក​ថា សិង្ហបុរី​ក៏​ដូច​ជា​ប្រទេស​ជា​ច្រើន​លើ​លោក​បាន​បិទទ្វារ​ក្រុមហ៊ុន សហគ្រាស​មិន​ចាំ​បាច់ និង​ក្រុង​មនុស្ស​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរាលដាល​កូវីដ-១៩។ រដ្ឋអំណាច​សិង្ហបុរី​គ្រោង​នឹង​ដក​បំរាម​ខ្លះ​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ តែ​គ្មាន​ការ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​ក្នុង​ពេល​ដ៍​ខ្លី​ទេ។

ជា​ទីតាំង​ឆ្លងកាត់​ផ្លូវអាកាស ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​គន្លឹះ​មួយ​នៅ​អាស៊ី សិង្ហបុរី​ជា​ប្រទេស​សេដ្ឋកិច្ច​រង​គ្រោះ​ដំបូង​គេ​នៅ​ពេល​ដែល​ការ​ដោះដូរ​ពាណិជ្ជកម្ម​សកល​បាន​ជាប់គាំង​ដោយ​កូវីដ-១៩។ នេះ​ដោយ​មិន​បាន​រាប់បញ្ចូល​ទេ​ពី​ផលវិបាក​ដែល​សិង្ហបុរី​បាន​ទទួល​ពី​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​នៃ​ដោះដូរ​ពាណិជ្ជកម្ម​ក្នុង​លោក​ដោយ​មិន​បាន​ទាត់​ចោល​នូវ​រលក​នៃ​ការ​ឆ្លង​រាលដាល​កូវីដ ១៩ ជា​លើក​ទីពីរ​នៅ​អឺរ៉ុប ឬ​នៅ​សហរដ្ឋអាមេរិក​ដែល​អាច​ធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​រឹត​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ