អានតួអត្ថបទ
ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី បង្កើត​ពពកសិប្បនិម្មិតជំរុញ​ឱ្យ​មាន​ទឹកភ្លៀង ដើម្បី​ការពារភ្លើង​​ឆេះ​ព្រៃ​

អាជ្ញាធរឥណ្ឌូនេស៊ី បានដាក់ពង្រាយក្រុមពន្លត់អគ្គិភ័យ និងកម្លាំងសន្តិសុខ រាប់ម៉ឺននាក់ ដើម្បីពន្លត់អគ្គិភ័យ។
អាជ្ញាធរឥណ្ឌូនេស៊ី បានដាក់ពង្រាយក្រុមពន្លត់អគ្គិភ័យ និងកម្លាំងសន្តិសុខ រាប់ម៉ឺននាក់ ដើម្បីពន្លត់អគ្គិភ័យ។ AP

ចំនួន​ពីរសប្តាហ៍​ចុងក្រោយ​នេះ  អាជ្ញាធរឥណ្ឌូនេស៊ី​ បាននិងកំពុង​តែ​បំពេញ​យុទ្ធនាការ​​បង្កើតនិងប្រមូល​ពពកសិប្បនិម្មិត ដើម្បី​ទាក់​ទាញទឹកភ្លៀង សម្រាប់​បង្ការ​និង​ការពារការភ្លើង​ឆេះព្រៃ នារដូវ​ក្តៅ​នេះ​។ ការ​បង្កើត​ពពកសិប្បនិម្មិត​នេះ ជា​បច្ចេកទេសដោយ​​ប្រើប្រាស់សារធាតុគីមី​ សម្រាប់​បង្កើត​និង​ប្រមូល​ផ្តុំពពក ដើម្បីជំរុញ​ទាក់ទាញ​ឱ្យមានភ្លៀងធ្លាក់។​

ផ្សាយពាណិជ្ជកម្ម

«យើង​ចាត់​វិធានការ​​ដូច្នេះ គឺ​បង្ការ​ទុក​ជាមុន​ស្រេច​ឱ្យ​ហើយ កុំ​ឱ្យភ្លើង​ផ្តើមឆេះព្រៃទាន់។» នេះជា​ប្រសាសន៍​របស់​អ្នក​ទទួល​ខុស​ត្រូវឥណ្ឌូនេស៊ី ដែលនាំគ្នា​​ដុត​ដៃ​ដុតជើង​បំពេញ​យុទ្ធនាការបង្កើត​ភ្លៀង​​។​ អាជ្ញាធរ ក៏បានដាក់ពង្រាយក្រុមពន្លត់អគ្គិភ័យ និងកម្លាំងសន្តិសុខ រាប់ម៉ឺននាក់ ដើម្បីពន្លត់អគ្គិភ័យ។ អគ្គិភ័យ ​ដែល​បាន​ចាប់​ផ្តើម​ឆាបឆេះ​ព្រៃ​​ខ្លះៗមក​ហើយ ហើយការ​ឆេះខ្លះ​ គឺ​កើត​ដោយ​ចេតនាព្រោះ​តែ​ការដុត​សម្អាតព្រៃយកដី​ធ្វើ​ចម្ការដូងប្រេង​។

តាមរយៈ​វិធានការប្រមូលពពកយក​បង្កើតទឹកភ្លៀងរបស់ខ្លួន  ​ក្រុម​អាជ្ញាធរឥណ្ឌូនេស៊ី ដាក់​ក្តី​សង្ឃឹមថា ឆ្នាំ​នេះ​អាចនឹងជួយបញ្ជៀសគ្រោះមហន្តរាយ បានច្រើន ហើយអគ្គិភ័យ​ឆេះព្រៃ អាចនឹងមានតិច ជាងឆ្នាំមុន។ ប៉ុន្តែ គេក៏គ្មានភ្នែកទិព្វ ឆ្លុះមើលអនាគតបានច្បាស់ដែរ។ ទោះយ៉ាងណាក្តី ឥណ្ឌូនេស៊ី​​អះអាងថា វិធានការបង្កើតភ្លៀងនេះ អាច​នឹងបន្តធ្វើពេញមួយរដូវក្តៅតែម្តង ហើយ​ប្រហែលជាត្រូវធ្វើរហូតដល់ខែកញ្ញាឯណោះ។

គួរ​រម្លឹកជូន​ថា រដូវ​ក្តៅ កាលឆ្នាំមុន​ ភ្លើង​ឆេះព្រៃ​​ឥណ្ឌូនេស៊ី​ អស់​យ៉ាង​ហោច​ប្រមាណ ១លាន​៦សែនហិកតា ហើយ​តំបន់​ដែល​រងគ្រោះ​ឆេះ​ខ្លាំងជាងគេ គឺ​នៅកោះ​ស៊ូម៉ាត្រា និង​កោះ​ Bornéo។ ផ្សែងភ្លើង បង្ក​ជា​ផ្សែង​ពុល នាំឱ្យ​អាជ្ញាធរ​បិទ​សាលា​រៀនអស់​ជាច្រើន​កន្លែង​និង​ច្រើន​សប្តាហ៍។ ​ចំហាយ​ផ្សែងភ្លើង​ ​ក៏​បាន​ហោះហើរ​គ្របដណ្តប់​ដល់​ប្រទេស​ ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​បណ្តាល​ឱ្យ​ប្រទេស​ជិត​ខាង​ទាំង​នេះ ខឹង​សម្បារ​នឹង​ឥណ្ឌូនេស៊ី​ជាខ្លាំង។​

អ្នកតំណាងអង្គការ​ខាងបរិស្ថាន  Greenpeace ប្រចាំ​នៅ​ក្រុងហ្សាការតា បានកត់​សម្គាល់ថា នៅក្នុង​ដំណាក់​កាល​នេះ​ ប្រសិន​បើ​មានផ្សែង​ភ្លើង​កាន់តែខ្លាំង គឺ​នឹងកាន់តែ​លំបាក​ធ្ងន់ក​មួយ​ជាន់​ទៀត ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី​ ដែល​កំពុង​រងគ្រោះ​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​ស្រាប់​ផង។ ផ្សែង​ភ្លើង​ ផ្សែង​ពុល ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សួត ហើយវីរុសកូរ៉ូណា​ក៏​ស៊ីសួត​ដែរ ដូច្នេះ អាជ្ញាធរ​និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​តែ​រក​ផ្លូវ​បញ្ជៀស​ផលវិបាក​ផ្ទួន​គ្នា​បែបនេះ។ បើ​មិន​ដូច្នោះទេ ហេតុការណ៍​​អាក្រក់ ​នឹង​គំរាម​អាយុជីវិត​ ហើយ​និង​សុខុមាលភាពរបស់​ប្រជា​​ពលរដ្ឋ​រាប់​លាន​នាក់ នៅក្នុង​ប្រទេស​នេះ និង​នៅក្នុងតំបន់​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ