អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ចិន​អាច​លើកលែង​ប្រាក់បំណុល​របស់​អាហ្រ្វិក ក្នុង​សម័យកូវីដ​ដែរឬទេ?

សំឡេង ០៦:០៧
ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង និង​បណ្តាប្រទេស​ដឹកនាំ​អាហ្រិ្វក​នៅក្នុង​កិច្ចប្រជុំ​តុមូល ចិន​អាហ្វ្រិក នៅ​ទីក្រុង​ប៉េកាំង ឆ្នាំ​២០១៨
ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង និង​បណ្តាប្រទេស​ដឹកនាំ​អាហ្រិ្វក​នៅក្នុង​កិច្ចប្រជុំ​តុមូល ចិន​អាហ្វ្រិក នៅ​ទីក្រុង​ប៉េកាំង ឆ្នាំ​២០១៨ AP - Lintao Zhang

នៅប៉ុន្មាន​សប្តាហ៍មកនេះ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​របស់​បណ្តាប្រទេស​អាហ្វ្រិក​បាន​ស្នើសុំ​ជំនួយ​ថវិកា ១០០​ពាន់លានដុល្លារ និង​សុំ​លើកពេល​សងការប្រាក់ ឬ​លុបចោល​ប្រាក់បំណុល​ទាំងស្រុង​តែម្តង ដើម្បី អនុញ្ញាត​ឲ្យ​អាហ្រ្វិក​អាច​ស្រោចស្រង់ សេដ្ឋកិច្ច ដែល​រងប៉ះពាល់​ដោយសារ​វិបត្តិកូវីដ។ នៅពេល​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G20​អធ្យាស្រ័យ ដល់​ប្រទេស​ក្រីក្រ ដោយ​លើកពេល ទារការប្រាក់ បំណុល ទៅ​នៅ​ឆ្នាំក្រោយ ថ្នាក់ដឹកនាំ​អាហ្រ្វិក វិញ បាន​សាកសួរ​ទៅ​មហាអំណាច​ចិន ដែល​នាំមុខ​គេ​ទាំង​ផ្នែក​ជំនួញ និង​បំណុល​នៅ​ទឹកដី​អាហ្វ្រិក។ នៅ​ពេល​វិបត្តិកូវីដ​កំពុង​គំរាមបំផ្លាញ សេដ្ឋកិច្ច នៅ​ទ្វីបអាហ្រ្វិក តើ​ចិនដែល​ជាម្ចាស់បំណុល​សំខាន់មួយ នៅទ្វីបអាហ្វ្រិក នឹង​​អាច​ធ្វើ​អ្វីខ្លះ សម្រាប់​ទ្វីបមួយនេះ?

ផ្សាយពាណិជ្ជកម្ម

អ្នកណាៗ​ក៏ដឹងដែរថា មហាអំណាច​ចិន​បាន​ក្លាយ​ជា​ប្រទេស​ម្ចាស់បំណុល ដ៏សំខាន់ របស់​ ប្រទេស​កំពុង​អភិវឌ្ឍន៍ និងបណ្តា​ប្រទេស​ក្រីក្រ ដែល​ភាគច្រើន​ស្ថិតនៅ​ទ្វីបអាហ្វ្រិក។ ទ្វីបអាហ្វ្រិក​តែមួយ ជំពាក់​បំណុល​ចិន ប្រមាណ ១៤៥ ពាន់​លាន ដុល្លារ ដែល​តំណាង​ឲ្យ​១ភាគបី នៃ​ទឹកប្រាក់បំណុល​សរុប ដែល​ចិន​ឲ្យ​បរទេស​ខ្ចី។ និយាយ​ត្រលប់​មកវិញ ​ចិន​គ្រប់គ្រង ៤០%​នៃ​ប្រាក់បំណុល សរុប​របស់​អាហ្វ្រិក។ ដូច្នេះ ចង់​ឬ​មិន​ចង់ ជំហរ​យ៉ាងណា​របស់​ចិន នឹង​ជះឥទ្ធិពល​ទៅលើ​ការសម្រេចចិត្ត ការជ្រើសរើស​ផ្លូវនយោបាយ​របស់​ទ្វីបអាហ្វ្រិក ដែល​កំពុងជួប​វិបត្តិសេដ្ឋកិច្ច បង្កឡើង​ដោយ​វិបត្តិកូវីដ។

នៅចំពោះមុខ​នៃ​ការឆ្លងរីករាលដាល​ជំងឺ​កូវីដ ១៩ ប្រទេស​ក្រីក្រ ដែល​ទន់ខ្សោយ ខាងផ្នែក​សុខាភិបាល​រួចហើយនោះ កំពុង​ឃើញ​សេដ្ឋកិច្ច​របស់ខ្លួន ធ្លាក់ចុះ​ដុនដាប​មួយ​កម្រិតទៀត។ ដើម្បី​ជៀសវាង​វិបត្តិ​សេដ្ឋកិច្ច នៅ​បណ្តាប្រទេស​ក្រីក្រ ដែល​ជា​ទូទៅ បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម អំពើហិង្សា និង​ធ្លាក់ចូល​ទៅក្នុង​ជម្លោះ​ប្រដាប់អាវុធ ស្ថាប័ន​ អន្តរជាតិ ដូចជាIMF ជាដើម បាន​អន្តរាគម ផ្តល់ជំនួយ​បន្ទាន់ ២១៥លាន​ដុល្លារ តាមរយៈ​ការសម្រាល​បន្ទុក​បង់ប្រាក់បំណុល របស់​ប្រទេស​ក្រីក្រ ​ចំនួន​១៩ នៅទ្វីបអាហ្វ្រិក នៅក្នុង​កាលៈទេសៈ នៃ​ការឆ្លងរាតត្បាត​ជំងឺ​កូវីដ។

នៅក្នុង​ការប្រជុំ កាលពី​ខែ​មេសា ក្រុមប្រទេស​មហាឧស្សាហកម្ម G20 ដែលនៅក្នុង​នោះ​មាន​ចិន ផងដែរ ក៏​បាន​សម្រេច​ផងដែរ​ថា ចាប់​ពី​ថ្ងៃទី១ ឧសភា ឆ្នាំ ២០២០ តទៅ រាល់​ការប្រាក់​នៃ​ប្រាក់បំណុល​ដែល​ក្រុម​ប្រទេស​ក្រីក្រ​ជាង​គេ​ក្នុង​លោក​ចំនួន ៧៧ ត្រូវបង់សង ទៅ​ឲ្យ​ប្រទេស​G20 នឹង​ត្រូវ​ ពន្យារ លើកពេល​ទៅ​ដល់​ខែ​មិថុនា ឆ្នាំ ២០២១។

ប្រទេស​ក្រីក្រ រារែក​មិនទាមទារ​សុំ​ព្យួរ​ការសងប្រាក់បំណុល ព្រោះ​គេ​ខ្លាច​ម្ចាស់បំណុល​សងសឹក

គំនិតផ្តួចផ្តើម​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម G២០ ដើម្បី​សម្រាល​បន្ទុក​បង់​ការប្រាក់បំណុល​របស់​បណ្តា ប្រទេស​ក្រីក្រ ​គួរ​ជា​ដំណឹងល្អ ព្រោះថា នៅក្នុង​ប្រទេស​ខ្លះ ដូចជា​នៅ​អេហ្ស៊ីប នីហ្សេរីយ៉ា ឬ​ហ្កាណា​ជាដើម ៣០ភាគរយ​នៃ​ថវិការដ្ឋ ត្រូវ​គេ​ដកទុក​សម្រាប់​បង់​សងប្រាក់បំណុល។ ប៉ុន្តែ នៅ​ជាង​មួយ​ខែ​ក្រោយ ការបើកភ្លើងខៀវ​របស់ក្រុមប្រទេស​អ្នកមាន មាន​តែ​ប្រទេស​កូន​បំណុល ជាង២០​ប៉ុណ្ណោះ ក្នុង​ចំណោមប្រទេស​ក្រីក្រ ចំនួន ៧៧ ដែល​បាន​ដាក់​ពាក្យ​សុំ​លើកពេល បង់ការប្រាក់ ឬ​សុំ​ឲ្យ​គេ​លុបចោល​បំណុល​ទាំងស្រុង​តែម្តង។ ហេតុអ្វី​បាន​ជា​ប្រទេស​កូនបំណុល មិន​ប្រញាប់រួសរាន់ ទាញយក​ប្រយោជន៍ ពីកម្មវិធី​អនុគ្រោះ​បង់ប្រាក់បំណុល របស់​ក្រុមប្រទេស​អ្នកមាន?

គេ​អាច​រកឃើញ​ចម្លើយ នៅ ​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ ដែល​ជា​អ្នកដាក់​ចំណាត់ថ្នាក់ របស់​ប្រទេស​នីមួយៗ ដោយ​ផ្អែក​ទៅលើសក្តានុពល​សេដ្ឋកិច្ច និង​សមត្ថភាព​ក្នុង​ការសងប្រាក់បំណុល។ នៅក្នុង​កំណត់ត្រា​មួយ ខ្លួន ទីភ្នាក់ងារ​Moody ធ្លាប់​បាន​សរសេរ​ថា ការសម្រាល​បន្ទុក​ប្រាក់បំណុល នឹង​ផ្តល់ប្រយោជន៍​ដល់​ប្រទេស​ដែល​មាន​ប្រាក់ចំណូលទាប ប៉ុន្តែ ជាមួយគ្នានោះ វា​ក៏អាច​បង្ក​ហានិភ័យ ព្រោះវា​ជា​សញ្ញាថា ប្រទេស​ដែល​សុំផ្អាក មិនបង់ការប្រាក់បំណុល គ្មាន​ប្រាក់​សម្រាប់​បង់​ឲ្យ​ម្ចាស់បំណុល​ឯកជន។ ការលើកឡើង​របស់ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​មិន​ខុសនោះទេ ព្រោះថា នៅក្នុងការសម្រេច​របស់G ២០ គេ​បាន​ចែងថា ការអនុគ្រោះ​ក្នុង​រឿង​សង​ការប្រាក់​បំណុល ធ្វើឡើង សម្រាប់​តែ​ប្រទេសណា​ដែល​សន្យា​ថា នឹង​យក​ថវិកា​ទៅ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​សម្រាប់​យក​ទៅ​សង​ម្ចាស់បំណុល​ផ្សេងទៀត​នោះទេ។

ដោយសារ​តែ​សុំ​សម្រាល​បន្ទុក​សង​ប្រាក់បំណុល ទីភ្នាក់ងារ​Moody បាន​ទម្លាក់ចំណាត់ថ្នាក់​របស់​ប្រទេស​ប៉ាគីស្ថាន និង​អេត្យូពី។ ឃើញ​គំរូនេះ ប្រទេស​ក្រីក្រ​ផ្សេងទៀត ត្រូវ​ប្រុងប្រយ័ត្ន មុន​នឹង​សុំជំនួយ ក្នុង​រឿង​សម្រាលប្រាក់បំណុល ព្រោះថា បើសិន​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ ដាក់​ចំណាត់ថ្នាក់​មិនល្អ សម្រាប់​ប្រទេស​ណាមួយ នោះ ប្រទេស​នោះ នឹងពិបាក​ទៅរកខ្ចីបំណុល​ពី​វិស័យ​ឯកជន ឬ​ក៏​អាច​ខ្ចី ប៉ុន្តែ ក្នុង​អត្រា​ការប្រាក់ខ្ពស់​ដែល​ជា​ហេតុធ្វើ​ឲ្យ​គេ​អាច​ធ្លាក់​ទៅក្នុង​វិបត្តិសេដ្ឋកិច្ច​ធ្ងន់លើសដើម។

អាច​និយាយ​បែប​ម្យ៉ាង​ថា បើសិន​យើង សុំលើកពេល សងប្រាក់បំណុល ឬ​បង់ មិន​ទៀងពេល ការប្រាក់​បំណុលទេ តើម្ចាស់បំណុល​ណា​នឹងទុកចិត្ត​ឲ្យ​យើងខ្ចីនោះ។ បើគេ​ឲ្យ​ខ្ចី ក៏គេ​ត្រូវ​គិត​ពីហានិភ័យដែរ។ ដូច្នេះ គឺមាន​តែ​ដំឡើង​អត្រាការប្រាក់ខ្ពស់ ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​របស់​កូនបំណុល។ មើល​ទៅលើ​ទំហំប្រាក់បំណុល ដែល​គេ​ត្រូវការ ពីវិស័យ​ឯកជន ប្រទេស​ក្រីក្រ​មិន​ចង់​ឲ្យ​ទីផ្សារហិរញ្ញវត្ថុ ឬ​ម្ចាស់បំណុល មកពី​វិស័យ​ឯកជន​ថ្នាំងថ្នាក់ចិត្ត​នោះទេ ជាពិសេស ម្ចាស់បំណុល​ដូចជា​ចិន​ជាដើម ដែល​ក្តោបក្តាប់​ប្រាក់​បំណុល​៤០%​របស់​អាហ្វ្រិក។

វិបត្តិកូវីដ​ធ្វើ​ឲ្យ ​ផលិតផលក្នុង​ស្រុក​សរុប​របស់ចិន ធ្លាក់ចុះ ខ្លាំង មិនធ្លាប់ តាំងពីការបិទបញ្ចប់​សករាជ​របស់​ម៉ៅសេទុង

ដរាបណា​ម្ចាស់បំណុល​ដូចជា​ចិន មិនទាន់ ចេញមុខ​មក​អះអាង​ថា យ៉ាងម៉េច នោះ ប្រទេស​កូនបំណុល នៅអាហ្វ្រិក ក៏មិនហ៊ាន​ធ្វើ​តាម ក្រុមប្រទេស​មហាឧស្សាហកម្ម ហ្សេ ២០ ដែល​សុំ​ឲ្យ​គេ​ដាក់ពាក្យ​សុំ​ផ្អាក ការបង់​ការប្រាក់បំណុល​ដែរ។

ថ្វីត្បិត​ថា ចិន​ស្ថិតក្នុង​ចំណោម​ប្រទេស​មហាឧស្សាហកម្ម G២០ ដែល​បាន​សម្រេច​សម្រាល​បន្ទុកសងការប្រាក់បំណុល​របស់​ប្រទេស​ក្រីក្រ ប៉ុន្តែ ចិន ដោយ​ផ្ទាល់ខ្លួន នៅមិនទាន់​សម្រេច​យ៉ាងណានោះទេ។ ភាគី​ចិន​គ្រាន់តែ​អះអាងថា នឹង​សិក្សា​ពីលទ្ធភាពនេះ ជាមួយ សហគមន៍អន្តរជាតិ។

ក្រសួង​ការបរទេស​ចិន ធ្លាប់​បាន​ប្រកាស​ថា បញ្ហា​ប្រាក់បំណុល​របស់​អាហ្វ្រិក គឺ​ស្មុគស្មាញ ហើយ​ប្រភេទប្រាក់បំណុល មាន​លក្ខណៈ​ខុសប្លែកគ្នា ទៅតាម​ប្រទេស​នីមួយៗ។ ការអះអាង​យ៉ាងដូច្នេះ អាច​បញ្ជាក់ថា ចិន នៅមិនទាន់​ត្រៀមខ្លួន ដើម្បី​សម្រាល​បន្ទុករបស់​កូនបំណុល​នោះ​ទេ។

ជា​ការពិត ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ មក​នេះ ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ឱ្យ​អាហ្វ្រិក ​ជាង​១៤០ពាន់​លាន​ដុល្លារ ​ដើម្បី​បាន​ជា​ថ្នូរ​មក​វិញ ការផ្តល់​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​វិនិយោគ។ ទង្វើ​របស់​ចិន គឺ​ជា​ផ្តល់​កម្ចី ដោយ​ភ្ជាប់ជាមួយ​លក្ខខណ្ឌ​វិនិយោគ នៅទឹកដីអាហ្វ្រិក។ វិបត្តិ​កូវីដ មិនត្រឹមតែ​ប៉ះទង្គិច សេដ្ឋកិច្ច​របស់​អាហ្រិ្វកនោះទេ ប៉ុន្តែ វាប៉ះពាល់​ផងដែរ ប្រាក់ចំណូល​របស់​ចិន ដែល​មកពីការវិនិយោគ នៅក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល នៅ​អាហ្វ្រិក។ ចិន​កំពុង​បារម្ភ​ខ្លាំង​ជាងគេ​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រាប់ពាន់​លាន​ដុល្លារ នៅ​ទ្វីបអាហ្វ្រិក ដែល​ជាប់គាំង ដោយសារ​តែ​វិបត្តិកូវីដ។ ដូច្នេះ ចិន​ដែល​មាន​សេដ្ឋកិច្ចក្នុងស្រុក ​ធ្លាក់ចុះថយ រួចទៅហើយ ដោយសារ​វិបត្តិកូវីដនោះ គឺ ពិបាក​នឹង​លើកលែង​ប្រាក់បំណុល​ដែល​អាហ្វ្រិក​ជំពាក់ខ្លួន។

នៅពេល​ប្រទេស​កូនបំណុល មួយចំនួន​ធំ ចាប់ផ្តើម​ដាក់ពាក្យ​សុំ​ឲ្យ​ម្ចាស់បំណុល លើកពេល​សងការប្រាក់ ឬ​លុបចោល​បំណុល​ទាំងស្រុង ប្រទេស​ម្ចាស់បំណុល​បែរ ជា​ត្រូវ​ប្រចាំគ្នា ព្រោះម្នាក់ៗ​ខ្លាច​ថា បើសិន​គេលុបចោល​បំណុល ឬ​ផ្អាកបំណុល ដល់​បណ្តា​ប្រទេស​អាហ្វ្រិក នោះ ប្រទេស​ចិន ដែល​នៅ​តែ​បន្តទារ​យក​បំណុល​ដដែល ពី​ប្រទេស​ក្រីក្រ នឹងជាអ្នកទទួល​ប្រយោជន៍​ពី​ការលុបចោលបំណុល ពីសំណាក់​ប្រទេស​ដទៃ។ គេ​បានឃើញ​គំរូបែបនេះ​ម្តងហើយ នៅពេល​សាធារណរដ្ឋ​កុងហ្គោ ធ្លាក់ខ្លួន គ្មាន​សមត្ថភាព សង​បំណុលចិន នៅឆ្នាំ​២០១៩។ កាលណោះ មូលនិធិ រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក​បាន​ចំណាយ ទឹកប្រាក់ ៤៤៩ លាន​ដុល្លារ ដើម្បី ជួយ សាធារណរដ្ឋកុងហ្គោ ដែល​ជាកូន​បំណុល​របស់​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ