អានតួអត្ថបទ
ហុងកុង ចិន

ប្រជាជន​ហុងកុង​ជួបជុំគ្នា​រំលឹកខួប​​ ​បង្រ្កាបបាតុកម្ម​នៅ​ទីលានធានអានមិន​ បើ​ទោះបី​គ្មាន​ការ​អនុញ្ញាត​

យុវជនហុងកុង អុជទៀនពណ៌ស រំលឹកវិញ្ញាក្ខន្ធអ្នកស្លាប់ នៅទីលានធានអានមិន ឆ្នាំ១៩៨៩។ ហុងកុង ថ្ងៃទី​៤ មិថុនា ២០២០
យុវជនហុងកុង អុជទៀនពណ៌ស រំលឹកវិញ្ញាក្ខន្ធអ្នកស្លាប់ នៅទីលានធានអានមិន ឆ្នាំ១៩៨៩។ ហុងកុង ថ្ងៃទី​៤ មិថុនា ២០២០ REUTERS - TYRONE SIU

កាលពីល្ងាចថ្ងៃទី៤មិថុនា ដែលជាថ្ងៃរំលឹកខួបទី​៣១ នៃការបង្រ្កាប​បាតុកម្ម​នៅទីលានធានអានមិន ប្រជាជនហុងកុងរាប់ពាន់នាក់ បានប្រថុយ​បំពាននឹងការហាមឃាត់ ដើម្បីជួបជុំគ្នារំលឹកវិញ្ញាណក្ខន្ធបាតុករ​ដែលបានស្លាប់កាលពីឆ្នាំ១៩៨៩ នៅទីលានធានអានមិនទីក្រុងប៉េកាំង។  វាគឺជាការរំលឹកខួប ដែលស្ថិតក្នុងបរិបទមួយដ៏តានតឹងបំផុត រវាងហុងកុងនឹងប៉េកាំង។ សមត្ថកិច្ចហុងកុង បានបំបែកការជួបជុំនេះ ដោយមានប៉ះទង្គិចគ្នាខ្លះ ជាមួយក្រុមបាតុករ ដែលភាគច្រើនជាយុវជន។

ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី​៤មិថុនា ប្រជាជនហុងកុង តែងតែជួបជុំគ្នា ដើម្បីរំលឹកវិញ្ញានក្ខន្ធដល់អ្នកស្លាប់ ក្នុងហេតុការណ៍បង្រ្កាបបាតុកម្ម​នៅទីលានធានអានមិន ឆ្នាំ១៩៨៩។ តែឆ្នាំនេះ ការជួបជុំនៅហុងកុងត្រូវបានអាជ្ញាធរហាមឃាត់ ក្រោមហេតុផល​បង្ការការឆ្លងរាលដាល នៃមេរោគកូរ៉ូណាថ្មី។

ទោះជាយ៉ាងនេះក្តី ប្រជាជនហុងកុងរាប់ពាន់នាក់បាន​ចេញមកជួបជុំគ្នា ក្នុងបរិយាកាសស្ងប់ស្ងាត់  និង​ស្មឹងស្មាត នៅវេលាម៉ោងប្រមាណ៨យប់។ ពាក់អាវយឺតខ្មៅ ដែលមានសរសេរអក្សរពីលើថា « ការពិត » ប្រជាជន​ហុងកុងបានអុជទៀនពណ៌ស ដើម្បីជាការឧទ្ទិស ដល់វិញ្ញានក្ខន្ធរបស់អ្នកស្លាប់នៅទីលានធានអានមិន ដែលបានពលីជីវិត ដើម្បីសិទិ្ធសេរីភាព​ និងលទ្ធិប្រជាធិបតេយ្យ។

នៅសង្កាត់ ម៉ុងកុក ដែលជាសង្កាត់ជំនួញ នគរបាលហុងកុង បានធ្វើការបំបែកក្រុមបាតុករ ដោយចោទថាពួកគេ បានរារាំងការធ្វើចរាចរណ៍តាមផ្លូវសាធារណៈ។ សមត្ថកិច្ចហុងកុង បានប្រើ​ឧស្ម័នបង្ហូរទឹកភ្នែក និងបានឃាត់ខ្លួនមនុស្សជាច្រើននាក់។ នៅទីលានវិកតូរីយ៉ា កណ្តាលក្រុងហុងកុងវិញ មនុស្សម្នា បានរុះរើ​រនាំ ដែលសមត្ថិកិច្ចដាក់ឃាំងជុំវិញទីលាន ហើយបាននាំគ្នាចូលទៅអង្គុយ ជុំគ្នានៅក្នុងទីលាន​នោះ។

បុរសចំណាស់វ័យ៧៤ឆ្នាំម្នាក់ បានថ្លែងប្រាប់អ្នកកាសែតថា ៣០ឆ្នាំមកហើយ ដែលគាត់តែងតែមានវត្តមាននៅទីនេះ នៅថ្ងៃទី៤មិថុនា។ ខួបលើកទី៣១ឆ្នាំនេះ កាន់តែមានន័យខ្លាំងណាស់ សម្រាប់ហុងកុង ព្រោះថាហុងកុង កំពុងតែរស់ក្នុងកណ្តាប់ដៃសង្កត់សង្កិនសិទ្ធិសេរីភាព ដូចនៅទីលានធានអានមិនកាលពីឆ្នាំ១៩៨៩។

បុរសវ័យ៥៣ឆ្នាំម្នាក់ទៀត បានលើកឡើងថា លោកមិនជឿទេ ថាគេហាមឃាត់ការជួបឃជុំនេះ ដោយសារតែខ្លាចឆ្លងជម្ងឺកូវីដ១៩។ តាមពិតនោះ គឺគេចង់កៀបសង្កត់ផ្លូវនយោបាយ មកលើ​ប្រជាជនហុងកុងច្រើនជាង។ ស្ត្រីអាយុ៧០ម្នាក់ទៀត លើកឡើងថា ការជួបជុំនេះ គឺដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅទីលានធានអានមិន គ្មានអ្វីខុសឆ្គងដែលត្រូវហាមឃាត់នោះទេ។

គួរបញ្ជាាក់ថា បច្ចប្បន្ននេះ ភាពតានតឹងនយោបាយ​រវាងប្រជាជនហុងកុង និងអំណាចនយោបាយបក្សកុម្មុយនីស្ត កាន់តែឡើងកំដៅខ្លាំងឡើង។ ចិនទើប​តែ​បានអនុម័តច្បាប់សន្តិសុខជាតិ ប្រឆាំងនឹងសកម្មភាពបះបោរ ទាំងឡាយណានៅហុងកុង។ ហើយនៅថ្ងៃទី​៤មិថុនានេះដែរ សភាហុងកុង ដែលស្ថិតក្រោមចំណុះប៉េកាំង បានអនុម័តច្បាប់ផ្តន្ទាទោសការមិនគោរពភ្លេងជាតិចិន នៅហុងកុង។ ច្បាប់ទាំងនេះ សុទ្ធតែត្រូវបានក្រុមប្រជាធិបតេយ្យហុងកុង ចាត់ទុកថាគឺជាឧបករណ៍វាយបំបាក់សិទ្ធិសេរីភាព របស់​ប្រជាជន​ហុងកុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ