អានតួអត្ថបទ
ចិន-ជំងឺ​រាតត្បាត

ចិន ៖​ អ្នក​ស្រាវជ្រាវរក​ឃើញ​វីរុស​ផ្តាសាយ​ជ្រូក​ថ្មី​ដែល​អាច​បង្ក​ជា​ជំងឺ​រាតត្បាតថ្មី

ចិន​សង្កេត​ឃើញ​មាន​វីរុស​ផ្តាសាយ​ជ្រូក​ថ្មី ដែល​អាច​បង្ក​ជា​ជំងឺ​រាតត្បាត​
ចិន​សង្កេត​ឃើញ​មាន​វីរុស​ផ្តាសាយ​ជ្រូក​ថ្មី ដែល​អាច​បង្ក​ជា​ជំងឺ​រាតត្បាត​ © REUTERS/Stringer

អ្នក​ស្រាវជ្រាវវិទ្យាសាស្ត្រ​​បាន​រក​ឃើញ ​វីរុស​ផ្តាសាយ​ជ្រូក​ ប្រភេទ​ថ្មី ដែល​មានសមត្ថភាព​និង​​លក្ខណៈគ្រប់​គ្រាន់​សម្រាប់​បង្កើត​ឱ្យ​មាន​ជំងឺ​រាត​ត្បាត ទៅ​ថ្ងៃ​មុខ។ នេះ​បើ​តាម​កា​រសិក្សា​​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ទី ២៩ មិថុនា ក្នុង​ទស្សនាវដ្តី​​វិទ្យាសាស្ត្រ​អាមេរិក Proceedings of the national academy of Sciences។ ​​ អ្នក​ស្រាវជ្រាវ​កំពុង​ដឹកនាំ​ធ្វើ​ការ​វិភាគជា​ច្រើន ដើម្បី​ត្រៀម​ទល់​ទល់​នឹងគ្រោះ​ហានិភ័យ​សុខភាព​មួយ​នេះ។​

ផ្សាយពាណិជ្ជកម្ម

កំពុង​និង​ទើប​រងការ​រាតត្បាត​ពី​កូវីដ១៩ អ្នកស្រាវជ្រាវពិត​​ព្រួយ​បារម្ភ​​ខ្លាច​មាន​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូកថ្មី​មួយ​​ប្រភេទ​​ទៀត​ ដែល​ទើបសម្គាល់ឃើញ​មាន​នៅ​ប្រទេស​ចិន។ ជា​​​វីរុស​ផ្តាសាយ​ជ្រូក​ថ្មី ដែល​មាន​គ្រប់​សណ្ឋាននិង​លក្ខណៈ​ ព្រម​ទាំង​មានអំណាចអាច​ក្លាយ​ជា​ជំងឺ​រាតត្បាត​ថ្មី នៅ​ថ្ងៃ​ខាង​មុខ​ផង។ នេះ​បើ​តាម​ការ​សិក្សា​ចេញ​ផ្សាយ​នៅ ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ​អាមេរិក PNAS (Proceedings of the National Academy of Sciences)។

វីរុស​ថ្មី​នោះ​មាន​ឈ្មោះ​ថា G4 ដែល​ស្ថិត​នៅក្នុង​​ចង្កោម​គ្រួសារតែ​មួយ​ជាមួយ​នឹងវីរុស​ផ្តាសាយ​ H1N1 ​ ដែលធ្លាប់​ឆ្លង​រាតត្បាត​កាលពី​ឆ្នាំ​២០០៩​​។ ជា​វីរុសរបស់​សត្វ​ជ្រូក តែ​​មាន​សមត្ថភាពចម្លង​ខ្ពស់​អាច​ឆ្លង​​មក​មនុស្ស​បាន​។ នេះ​បើ​តាម​សំណេរ​​លម្អិត​របស់ក្រុម​​អ្នកស្រាវជ្រាវ​នៃ​សកលវិទ្យាល័យ ​និង​មជ្ឈមណ្ឌល​ការពារប្រយុទ្ធ​ប្រឆាំង​ជំងឺ​ចិន។

ក្រុម​អ្នក​ស្រាវជ្រាវ​បានធ្វើ​ការ​សិក្សា​ ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៨ លើ​សត្វ​ជ្រូក​៣ម៉ឺន​ក្បាល​ ក្នុង​មណ្ឌល​សម្លាប់​សត្វ​ នៅ​តាម​​ខេត្តចំនួន​​១០​របស់​ចិន និ​ងក្នុង​មន្ទីរ​ពេទ្យ​បសុសត្វ​ ដើម្បី​ញែក​វីរុសផ្តាសាយ​ជ្រូកទាំង​ ១៧៩ ឱ្យ​នៅ​ដាច់​ពី​គ្នា។ ​ភាគ​ច្រើន​ជា​វីរុស​ប្រភេទថ្មី ដែល​សត្វជ្រូក​មាន​ផ្ទុក​ក្នុង​បរិមាណ​ច្រើន​តាំង​ពី​ឆ្នាំ​២០១៦​មក និង​ក្នុង​នោះ​មាន​មួយ​កំណាច​ជាងគេ គឺ G4 EA H1N1 ។

តាម​រយៈ​ការ​សិក្សា​ពិសោធន៍បែប​​ផ្សេងៗគ្នា​​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​និង​លើ​សត្វ​ furets (ដែល​ផ្តល់​រោគ​សញ្ញា​ដូច​មនុស្ស​ពេល​មាន​អាការៈផ្តាសាយ ៖ ក្តៅ​ខ្លួន​ កណ្តាស់ ក្អក) គេ​សង្កេតឃើញ​ថា វីរុស G4 មានលក្ខណៈឆ្លង​ខ្លាំង​ជាង​គេ ងាយ​ពង្រីក​ខ្លួន​ខ្លាំងនៅក្នុង​កោសិកា​មនុស្ស និង​បង្ក​ឱ្យ​មាន​រោគ​សញ្ញា​ផ្តាសាយ​ខ្លាំង​ជាង​វីរុស​ដទៃ។ ម្យ៉ាង​ទៀត តេស្ត​នៅ​ក្នុង​កែវ​បាន​បង្ហាញ​ អង់ទីក័រក្រោយ​មាន​ផ្តាសាយ​ធម្មតា​ហើយ​មិន​អាច​ទប់​ឈ្នះ​វីរុស ​ G4បានទេ។

ជាងនេះ​ទៅ​ទៀត ១០,៤% នៃ​បុគ្គលិក​ និ​ងកម្មករ​ធ្វើ​ការនៅកន្លែក​កាប់​​​ជ្រូក​បាន​ឆ្លង​​វីរុស​នេះ។ ប្រជាពលរដ្ឋ​ទូទៅ​ប្រមាណ​៤,៤%​ក៏​ទំនងជា​បាន​ឆ្លង​រួច​ហើយ​ដែរ។ មានន័យ​ថា​ វីរុស​ផ្តាសាយ​ជ្រូក​ថ្មី បាន​ឆ្លង​មក​មនុស្ស​រួច​ទៅ​ហើយ គ្រាន់​តែ​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​វីរុស​អាច​ចម្លងពី​មនុស្សទៅ​មនុស្ស​ប៉ុណ្ណោះ។ នេះ​បើ​តាមការ​អះអាង​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល ដែលព្រួយ​បារម្ភខ្លាច​ G4 ចេះសម្របខ្លួនទៅ​ជា​មានសមត្ថភាព​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស។ ​នៅ​ពេលណាមាន​ការចម្លងរវាង​​មនុស្សនិង​មនុស្ស ​នោះ​​នឹង​មាន​​​ជំងឺ​រាតត្បាតថ្មី​។ ហេតុ​ដូច្នេះ​ចាំ​បាច់​ត្រូវ​ដាក់​ឱ្យ​ដំណើការ​ភ្លាមប្រព័ន្ធ​​ត្រួតពិនិត្យ​​ និង​តាមដាន​ ​អ្នក​ធ្វើការពាក់ព័ន្ធ​នឹង​សត្វជ្រូក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ