អានតួអត្ថបទ
ជប៉ុន-កូរ៉ូណាវីរុស

Covid-19៖ ជប៉ុនបិទសាលារៀនជាបណ្តោះអាសន្ន ទូទាំងប្រទេស

សិស្សសាលា Ariake-nishi Gakuen School ពាក់ម៉ាសការពារ ក្នុង​ពេល​​​លេង​កីឡា ត្រៀម​អបអរកម្មវិធី​ប្រកួត​កីឡាអូឡាំពិក​ទីក្រុងតូក្យូ ​២០២០។ ថ្ងៃទី ​២៥កុម្ភៈ ២០២០​
សិស្សសាលា Ariake-nishi Gakuen School ពាក់ម៉ាសការពារ ក្នុង​ពេល​​​លេង​កីឡា ត្រៀម​អបអរកម្មវិធី​ប្រកួត​កីឡាអូឡាំពិក​ទីក្រុងតូក្យូ ​២០២០។ ថ្ងៃទី ​២៥កុម្ភៈ ២០២០​ REUTERS/Athit Perawongmetha

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណា លោកនាយករដ្ឋមន្ត្រីជប៉ុន បានចេញបញ្ជា កាល​ពីថ្ងៃ​ទី​២៧កុម្ភៈ ឲ្យ​សាលារៀន ពីថ្នាក់បឋម ដល់មធ្យមសិក្សា ទូទាំងប្រទេស ត្រូវបិទទ្វារជាបណ្តោះអាសន្នសិន​​។ លោកនាយករដ្ឋមន្ត្រីជប៉ុន អះអាងថា សុខភាព អាយុជីវិតរបស់កុមារ និងរបស់យុវជនជប៉ុន គឺជាអាទិភាពចំបង របស់រដ្ឋាភិបាល។

ផ្សាយពាណិជ្ជកម្ម

សាលារៀន ថ្នាក់មេតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅទូទាំងប្រទេសជប៉ុន នឹងត្រូវបិទទ្វារ ចាប់ពីថ្ងៃទី​២មីនា រហូតដល់ថ្ងៃវិស្សមកាលរដូវផ្ការីក នៅចុងខែមីនា។ រដ្ឋាភិបាលជប៉ុន បានចាត់ទុក ការការពារ​សន្តិសុខ និង​សុខភាពរបស់សិស្សានុសិស្ស ជាភារកិច្ចចំបងដែលត្រូវធ្វើ។ អាជ្ញាធរសុខាភិបាលជប៉ុន បានសន្និដ្ឋានថា ក្នុងរវាង២ ទៅ៣សប្តាហ៍ទៀត គឺជាពេលវេលាដ៏សំខាន់ ក្នុងការអង្កេតតាមដាន និងសន្មត់ថា អាជ្ញាធរអាចទប់មេរោគ​កូរ៉ូណាបាន ឬមិនបាន។

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន​ បានលើកឡើងថា វាជារឿងចាំបាច់បំផុត ដែលយើងត្រូវទប់ស្កាត់ កុំឲ្យមេរោគកូរ៉ូណា រីករាលដាលឆ្លងទៅកាន់តំបន់ ឬទីតាំងថ្មី។ មានន័យថា រដ្ឋាភិបាល ត្រូវតែចាត់វិធានការឲ្យតឹងតែងបំផុត​ មិនអាចធ្វេសប្រហែសបានទេ។ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ប្រាប់ទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែរ ថាឲ្យត្រៀមខ្លួន ព្រោះ​បញ្ហាកូរ៉ូណាវីរុសនេះ នឹងប្រាកដជាបង្កការលំបាក ដល់វិស័យសេដ្ឋកិច្ចរបស់ជប៉ុន។

គួរកត់សំគាល់ថា នៅថ្ងៃព្រហស្បតិ៍ទី ២៧កុម្ភៈ សាលារៀនរដ្ឋមួយចំនួនធំ នៅកោះ​ហុកកៃដូ ភាគខាងជើងប្រទេសជប៉ុន បានបិទទ្វាររួចទៅហើយ ក្រោមការបញ្ជារបស់អភិបាល​ខេត្ត។ ចំណែកក្រុងអូសាកា បានចេញប្រកាស​ បិទទ្វារសួនកុមារ សាលា​បឋមសិក្សា​ និងអនុវិទ្យាល័យ ទាំងអស់​ ចាប់ពីថ្ងៃសៅរ៍ទី២៩កុម្ភៈទៅ។

ដោយឡែក កាលពីថ្ងៃព្រសហ្បតិ៍ទី​២៧កុម្ភៈដែរ អាជ្ញាធរជប៉ុន បានចាប់ផ្តើម បញ្ជូនបុគ្គលិកនាវាទេសចរណ៍ Diamond Princess ទាំង២៤០នាក់ ដែលជាប់គាំងនៅកំពង់ផែក្រុងយ៉ូកូហាម៉ា។ បុគ្គលិកទាំងនោះ នឹងត្រូវយកទៅទុក នៅកន្លែងមានសុវត្ថិភាពបិទជិត ដើម្បីធ្វើការតាមដានសុខភាព រយៈពេល​១៤ថ្ងៃ។

សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ក្រៅពីអ្នកផ្ទុកមេរោគប្រមាណ​ជិត​៧០០ ដែលជាអ្នកដំណើរនៅលើនាវាទេសចរណ៍ Diamond Princess ជប៉ុនមានអ្នកផ្ទុកមេរោគកូរ៉ូណា ចំនួន​ជិត២០០នាក់ផ្សេងទៀត។ អ្នកស្លាប់សរុប មានចំនួន៨នាក់ ដែលក្នុងនោះ ៤នាក់ជាអ្នកដំណើរនៅលើកប៉ាល់ Diamond Princess។ ដោយឡែក អាជ្ញាធរជប៉ុន បានអះអាងថា មានករណីស្ត្រីអ្នកជម្ងឺម្នាក់ ដែលផ្ទុកមេរោគកូរ៉ូណា ហើយបានជាសះស្បើយ កាលពីដើមខែកុម្ភៈ។ ក៏ប៉ុន្តែពេលនេះអ្នកជម្ងឺដដែល បានរើ ឈឺឡើងវិញ។ នេះជាករណីទីមួយ​នៅជប៉ុន ខណៈនៅចិន ករណីរើឈឺឡើងវិញរបៀប​នេះ មានច្រើនករណី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ