អានតួអត្ថបទ

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​៖ សន្តិភាព​ចាប់ផ្តើមមានពន្លឺហើយ

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកអាហ្សាវ ហ្គានី (Ashraf Ghani)។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកអាហ្សាវ ហ្គានី (Ashraf Ghani)។ REUTERS/Omar Sobhani

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកអាហ្សាវ ហ្គានី (Ashraf Ghani) បាននិយាយនៅថ្ងៃអាទិត្យទី២៨ កក្កដានេះថា សន្តិភាព កំពុងតែចាប់ផ្តើមមានពន្លឺឡើងវិញ ហើយការចរចាសំខាន់ៗជាមួយពួកតាលីបង់ នឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ការលើកឡើងបែបនេះរបស់លោកហ្គានី ធ្វើឡើងជួនចំពេលដែលរដូវកាលបោះឆ្នោតនៅក្នុងប្រទេសកំពុងចាប់ផ្តើមផងដែរ។

ផ្សាយពាណិជ្ជកម្ម

“សន្តិភាពចាប់ផ្តើមមានពន្លឺ ហើយការចរចានឹងប្រព្រឹត្តទៅ”។ នេះគឺជាសម្តីរបស់លោកហ្គានីនិយាយនៅឯកិច្ចប្រជុំមួយ ដើម្បីជូនដំណឹងអំពីការចាប់ផ្តើមនៃយុទ្ធនាការបោះឆ្នោតរយៈពេលពីរខែ។

លោកប្រធានាធិបតីហ្គានី បានលើកឡើងបែបនេះ គឺដោយសាររដ្ឋមន្ត្រីទទួលបន្ទុកសន្តិភាពអាហ្វហ្គានីស្ថាន លោក Abdul Salam Rahimi បានប្រាប់ឲ្យដឹងថា ការចរចាដោយផ្ទាល់ជាមួយក្រុមតាលីបង់ នឹងប្រព្រឹត្តទៅ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត។ កិច្ចចរចានេះ គឺជាផ្នែកមួយ នៃការស្វែងរកសន្តិភាព ដែលដឹកនាំដោយអាមេរិក។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Rahimi។

គួរបញ្ជាក់ជូនថា សន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចកើតមានឡើង គឺអាស្រ័យយ៉ាងសំខាន់ ទៅលើកិច្ចចរចារវាងពួកតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។ បច្ចុប្បន្ននេះ ពួកតាលីបង់ គ្រប់គ្រង ឬមានឥទ្ធិពលស៊ឹងតែពាក់កណ្តាលប្រទេសអាហ្វហ្គានីស្ថានទាំងមូលទៅហើយ។

នៅគ្រាកន្លងមក ពួកតាលីបង់ បានបដិសេធ មិនព្រមជួបពិភាក្សាជាមួយ រដ្ឋាភិបាលរបស់លោកហ្គានីឡើយ ដោយសារតែពួកគេចាត់ទុកថារដ្ឋបាលក្រុងកាប៊ុលថាជារដ្ឋាភិបាលមិនស្របច្បាប់។ ដូច្នោះហើយ នាខណៈនេះ សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការប្រកាសរបស់លោកហ្គានី អំពី ជំនួបរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់។

ទាក់ទងរឿងនេះ អ្នកជំនាញការទូតជាច្រើន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កិច្ចចរចារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ គ្រោងនឹងចាប់ផ្តើមនៅទីក្រុងអូស្លូ នាថ្ងៃទី ៧ ខែសីហា។

ចំណែក បេសកជនសន្តិភាពរបស់អាមេរិក លោក Zalmay Khalilzad ដែលកំពុងដឹកនាំជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពនេះ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញ ថា ការចរចា ថ្មីមួយ នឹងកើតមានឡើង លុះត្រាណា អាមេរិក និងពួកតាលីបង់ ត្រូវរ៉ូវគ្នា និងអាចសម្រេចបានកិច្ចព្រមព្រៀងនឹងគ្នាជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ