អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជំនួបកំពូល​រវាង​បារាំង​និង​ក្រុម​ប្រទេស​តំបន់​សាហ៊ែល ​ដើម្បី​កំណត់​ពី​អន្តរាគមន៍​របស់​យោធា​បារាំង

សំឡេង ០៧:៤៣
ទាហានកុម្មង់ដូពិសេស​​បារាំង នៅក្នុងប្រតិបត្តិការ Barkhane នៅតំបន់សាហ៊ែល
ទាហានកុម្មង់ដូពិសេស​​បារាំង នៅក្នុងប្រតិបត្តិការ Barkhane នៅតំបន់សាហ៊ែល Reuters

ប្រឈម​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ កាន់តែ​ច្រើនឡើង ​នៅ​ប្រទេស​អាហ្វ្រិក ​តំបន់​សាហ៊ែល ​ នៅ​ថ្ងៃ​ចន្ទ​ទី១៣​មករា​នេះ ​លោក​អេម៉ានុយអ៊ែល ម៉ាក្រុង ​បើក​ជំនួបកំពូល​មួយ ​នៅ​ទីក្រុងប៉ូ ​ភាគ​និរតី​ប្រទេស​បារាំង​ ជាមួយ​នឹង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​សាហ៊ែល​នេះ (ម៉ាលី​ បួគីណាហ្វាសូ ​នីហ្សេ​ ឆាដ​ និង​ម៉ូរីតានី)។ បើ​តាម​ប្រភព​ច្បាស់ការ ​ជំនួបកំពូល​នេះ​ គឺ​ប្រធានាធិបតី​បារាំង​ ត្រូវការ​ឲ្យ​ប្រទេស​តំបន់​សាហ៊ែល​ បញ្ជាក់​ឲ្យ​ច្បាស់ ទាក់ទិន​នឹង​វត្តមាន​របស់​កងទ័ព​បារាំង ​នៅតាម​ប្រទេស​ខ្លួន ​ព្រមទាំង​គូសវាស​រក​ដំណោះស្រាយ ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមឧទ្ទាម​ភេរវកម្ម​នៅ​តំបន់​សាហ៊ែល។

ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ​២០១៤ បារាំង​បាន​បញ្ជូ​នកងទ័ព​ចំនួន​ ៤៥០០នាក់ ​នៅ​ក្នុង​ប្រតិបត្តិការ​ «Barkhane » នៅតំបន់​សាហ៊ែល  (Sahel) ដែលមាន​ប្រាំប្រទេស​ គឺ​ម៉ាលី បួរគីណាហ្វាសូ​ នីហ្សេ ឆាត និង ​ម៉ូរីតានី។ ប្រទេស​ទាំង៥​នេះ ​ស្ថិត​ក្នុង​តំបន់​មួយ​ ដែល​រង​ការ​វាយប្រហារ​ ពី​ក្រុម​ឧទ្ទាម​ជីហាត​ភេរវកម្ម។ ក្រុមខ្លះ​ គឺជាផ្នែក​របស់​ក្រុម​អ៊ីស្លាម​អាល់កាយដា​ និង​ក្រុម​ខ្លះទៀត ​ជាក្រុម​អង្គការ​រដ្ឋអ៊ីស្លាម។

បារាំងត្រូវការ​ឲ្យ​ក្រុម​ប្រទេស​សាហ៊ែល ទទួល​ស្គាល់​ថា​ចង់ឲ្យ​បារាំងជួយ

បារាំង ​បាន​ចាប់ផ្តើម​ចោទ​សួរ​ពី​បញ្ហានេះ​ គឺ​បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ឧត្ថម្ភាគចក្រ​កងទ័ព​បារាំង​បុកគ្នា​ស្លាប់​ទាហាន​បារាំង ​ចំនួន​១៣នាក់​នៅ​ប្រទេស​ម៉ាលី​កាលពីថ្ងៃទី​២៥វិច្ឆិកា​ ឆ្នាំ​២០១៩។ មតិ​សាធារណៈ​បារាំង​ ចាប់ផ្តើម​ចោទសួរ ​ថាតើ​គួរយក​ជីវិត​ទាហាន​បារាំង​ ទៅ​ចោល​នៅ​តំបន់​សាហ៊ែល​នេះ​ដែរ ​ឬទេ? ​ហើយ​ថា​តើ​វា​មាន​ប្រយោជន៍​សម្រាប់​បារាំង?

ជំនួបកំពូលនៅ​ទៅក្រុងប៉ូ (Pau) ភាគនិរតី​បារាំង  អ្វីដែល​ជា​កម្មវត្ថុ​យ៉ាងច្បាស់ ​របស់​លោក​ប្រធានាធិបតី​បារាំង​ គឺ​បារាំង ​ចង់ឲ្យ​ក្រុម​ប្រទេស​សាហ៊ែល​ទាំង៥ ប្រកាស​ឲ្យ​ច្បាស់ ​ពី​គោល​ជំហរខ្លួន​ ក្នុង​ការ​សុំ​ឲ្យ​បារាំង ​បន្ត​ធ្វើ​អន្តរាគមន៍​យោធា​នៅក្នុង​ប្រទេស​ខ្លួន​តទៅទៀត។ ពោល​គឺ​មិនមែន​បារាំង ​សម្រេច​លើក​ទ័ព​ទៅ​អន្តរាគមន៍​ដោយ​ខ្លួនឯង​ទេ ​តែ​គឺ​ប្រទេស​ទាំង​៥នេះ ​ដែល​ត្រូវការ​ជំនួយ​របស់​បារាំង ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាត​ភេរវកម្ម។

បញ្ហាមួយទៀត នោះ ​គឺនៅ​តាម​ប្រទេស​តំបន់​សាហ៊ែល​ទាំង៥​ គឺ​ប្រជាជន​គេ​ ក៏​បាន​ផ្ទុះ​កំហឹង ​ទាមទារ​ឲ្យ​បារាំង ​និង​កងទ័ព​បរទេស​ផ្សេងទៀត​ ត្រូវ​ដកទ័ព​ចេញ។ ជាក់ស្តែង ​នៅ​ម៉ាលី ​ទីក្រុង​បាម៉ាកូ ​មាន​ប្រជាជន​ជាច្រើន​ពាន់​នាក់​ បាន​ធ្វើ​បាតុកម្ម​ កាលពី​ថ្ងៃ​អាទិត្យ ទី១២មករា ​ប្រឆាំង​នឹង​វត្តមាន​របស់​កងទ័ព​បារាំង​។ ដូច្នេះ ​នៅក្នុង​ជំនួបកំពូល ​នៅ​ទីក្រុង ប៉ូ​ នៅថ្ងៃទី​១៣មករា​នេះ លោក​ប្រធានាធិបតី​បារាំង​ ត្រូវការ​ចម្លើយ​ឲ្យច្បាស់ ​ពី​មេដឹកនាំ​ប្រទេស​ទាំង៥​នេះ​ ថាតើ​ ចង់ឲ្យ​កងទ័ព​បារាំង​នៅទៀត​ ដែរឬទេ?

កងទ័ពបារាំង គ្មានបានការ?

យ៉ាងណាក៏ដោយ ​បើយើង​ក្រឡេក​មើល​ស្ថានភាព​ជាក់ស្តែង​ យើងឃើញ​ថា ​ការ​វាយ​ប្រហារ​របស់​ក្រុមជីហាត​ភេរវកម្ម ​ ហាក់​មិន​បាន​ចុះថយទេ​ ផ្ទុយទៅ​វិញ​គឺ​មាន​កាន់​តែ​ច្រើន ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ផង។ ជាក់ស្តែង ​ការវាយប្រហារ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩មករា ​ នៅបន្ទាយ Chinégodar ​ ក្នុង​ប្រទេស​នីហ្សេ ​ដែល​បាន​សម្លាប់​ទាហាន​នីហ្សេ​ចំនួន​ប្រមាណ​៨៩នាក់  និង​ការវាយប្រហារ​នៅ​បន្ទាយ Inates​ កាល​ពីថ្ងៃ​ទី ​២២ធ្នូ ​ស្លាប់​ទាហាន​នីហ្សេ ចំនួន​៧១។​ បញ្ហានេះ ​បានធ្វើឲ្យ​មាន​មតិខ្លះ​យល់ថា​ កងទ័ព​បារាំង​គ្មានបាន​ការ​ គួរតែ​ដក​ចេញទៅ។

តែសួរត្រលប់​ទៅវិញថា ​ក្នុង​កាលៈទេសៈ ​ដែល​ក្រុម​ឧទ្ទាម​ជីហាត​ភេរវកម្ម ​កំពុង​តែ​មាន​កម្លាំ​ង វាយ​ប្រហារ​កាន់តែ​ខ្លាំង  ​តើយើង​គួរឲ្យ​បារាំង​ដកទ័ព​ចេញ​ដែរ​ ឬទេ? មាន​កងទ័ព​បារាំង​នៅជួ​យ ​នៅ​ទប់​មិន​ទាំង​ចង់​បាន​ផង​ ចុះ​ទំរាំ​តែអត់ ​កងទ័ព​បារាំង ​ទៀត?

ប្រមាណ​សប្តាហ៍មក​នេះ​ នៅតាម​ប្រទេស​សាហ៊ែល​ទាំង​៥ ​គឺមាន​ភាព​ស្រពិចស្រពិល​ខ្លាំង​ ដោយសារ​តែ​មាន​អ្នក​នយោបាយ​ខ្លះ ​បាន​បំផុះ​គំនិត​ប្រឆាំង​នឹង​បារាំង​ ប្រឆាំង​នឹង​កងទ័ព​បារាំង។ តែបើ​តាម​ការ​សង្កេត​ របស់​អ្នក​វិភាគ ​និង​មន្ត្រី​រដ្ឋាភិបាល​បារាំង ​បានលើក​ឡើង​ ថា ​មេដឹកនាំ​ប្រទេសសាហ៊ែល​ ទាំង៥ ​ហាក់​បាន​សម្រេចចិត្ត​ច្បាស់​ហើយ​ថា ​ពួកគេ​ពិត​ជា​មិនចង់​ឲ្យ​បារាំង​ដកទ័ព​ចេញ​ពេល​នេះទេ។

លោក​ Mahamoudou Issofou ​ប្រធានាធិបតី​ប្រទេស​នីហ្សេ ទើបតែ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង ​RFI ​ថា “ប្រទេស​តំបន់​សាហ៊ែល ​ត្រូវការ​ជំនួយ ​ត្រូវការ​អន្តរាគមន៍ ​របស់​កងទ័ព​បារាំង​និង​កងទ័ព​បរទេស ​ឲ្យកាន់​តែ​មាន​ប្រសិទ្ធិភាព ​ដើម្បី​អាច​កំទេច​ក្រុម​ជីហាត​ភេរវកម្ម​បាន។ បើគ្មាន​កងទ័ព​បារាំង​ជួយ​តាំងតែ​ពី​ឆ្នាំ​​២០១៤​ទេ ​ម្លេះ ​ក្រុម​ជីហាត​ភេរវកម្ម ​គ្រប់គ្រង​តំបន់​សាហ៊ែល​នេះ ​ទាំងមូល​បាត់​ទៅ​ហើយ”

ត្រូវពិនិត្យ​ឡើងវិញ លើ​យុទ្ធសាស្ត្រប្រយុទ្ធ

កងទ័ព​បារាំង​អាច​នឹង​បន្ត​វត្តមាន ព្រោះថា ​ប្រទេស​តំបន់​សាហ៊ែល​សំណូមពរ។ តែយ៉ាងណា​ គេក៏ត្រូវ​ការ​ពិនិត្យ​ឡើងវិញ​ដែរ ​អំពី​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរកម្ម​នេះ​ ឲ្យវា​មាន​ប្រសិទ្ធិភាព​ឡើង។

បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​បារាំង ​គឺគេ​នឹង​និយាយ​គ្នា ​ទាក់ទិន​នឹង​យុទ្ធសាស្ត្រប្រយុទ្ធ ​ការ​រាយ​កម្លាំង​ នៅ​តាម​តំបន់​សំខាន់ៗ ​ក្នុង​តំបន់​សាហ៊ែល។ យើងត្រូវដឹង​ថា ​តំបន់​សាហ៊ែល​ជា​តំបន់​ដីវាល​ ខ្ពង់រាប​និង​វាលខ្សាច់​ លាត​សន្ធឹង​ធំណាស់។ ទាហាន​បារាំង ​៤៥០០​នាក់​ មិន​អាច​ការពារ​បាន​ឡើយ។

ដូច្នេះហើយ​បាន​គេ​ត្រូវតែ​រៀបចំ បង្វឹក​ និង​សហការ​ជាមួយ​កងទ័ព​របស់​ប្រទេស​នីមួយ។​ តំបន់​យុទ្ធសាស្ត្រ​​ ដែលគេ​បាន​លើកឡើង ​ថា​គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ​គឺ​តំបន់​ព្រំដែន​ រវាង​បី​ប្រទេស ​ប្រសព្វ​គ្នា។​ ជា​ទូទៅ ​តំបន់​ទាំងនេះ ​តែងតែ​រង​នូវ​ការ​វាយប្រហារ ​របស់​ក្រុម​ជីហាត​ភេរវកម្ម​ ដែលវា​អាច​មក​ពី​ទិស​ទាំង​៣។ ការ​កំណត់​ដែនដី​យុទ្ធសាស្ត្រ ​ក្នុង​ទំហំ​តូចៗ​ ក៏​វា​អាច​ជួយ​ ឲ្យមាន​លទ្ធផល​ជោគជ័យ​ជាក់​ស្តែង​ដែរ។

បើតាម​ការគ្រោងទុក ​លោកម៉ាក្រុង​ជួប​ប្រជុំជាមួយ​មេដឹកនាំ​ប្រទេស​សាហ៊ែល​ទាំង៥ ​ រួចរាល់​ហើយ ​គឺ​មេដឹកនាំ​ទាំង​៦ ​នឹង​ជួប​ប្រជុំ​ទាំង​អស់​គ្នា ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​គ្រប់​ប្រទេស ​ដើម្បី​និយាយ​ពីយុទ្ធសាស្ត្រ​យោធា។ បារាំង​និង​ក្រុម​ប្រទេស​សាហ៊ែល ​ទំនង​ជាអាច​ត្រូវរូវគ្នា​ បន្ត​អន្តរាគមន៍​ចំនួន​៦ខែ​ទៀត។ បន្ទាប់មក ​គេនឹង​ប្រជុំ​ម្តងទៀត ​ដើម្បី​សម្រេច ​ថា​បារាំង​ត្រូវ​ដក​ទ័ពចេញ​ឬ​យ៉ាងណា។

បារាំងចេញមុខ តែមិនចង់​ទទួល​ខុសត្រូវ​តែ​ម្នាក់ឯង​ លើ​វាសនា​តំបន់​សាហ៊ែល

បើយើង​ស្តាប់​ប្រសាសន៍​លោក​ម៉ាក្រុង​ គឺគាត់​ មិនចង់​ឲ្យ​តំបន់​សាហ៊ែល ​គិតថា ​បារាំង​លើក​ទ័ព​ទៅ​ដោយ​ចិត្ត​ឯង ​ហើយ​ទៅ​ធ្វើ​អន្តរាគមន៍​តែ​ម្នាក់ឯង​ ដោយ​អាង​ថា​ខ្លួន​ជា​មហាអំណាច ​ធ្លាប់​ដាក់​អាណានិគម​នៅ​ទីនោះ។ ជា​ការ​ពិត បារាំង​ចេញមុខ​ខ្លាំង​ជាងគេ ​តែ​បារាំង​មិន​ចង់​មាន​តួនាទី​តែ​ម្នាក់​ឯង​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​តាំងតែ​ពី​ដំបូង​ បារាំង ​បាន​សុំ​ការ​សហការ​ជាមួយ​កងទ័ព​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ ​និង​ពី​កងទ័ព​អាមេរិក។ តែអ្វី​ដែល​គេ​បារម្ភ​ពេល​នេះ ​គឺ​អាមេរិក​កំពុង​តែ​ចង់​ឈប់​សហការ។

លោកម៉ាក្រុង​ក៏បាន​ប្រកាស​ សុំការ​សហការ​ពី​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ​ព្រោះថា​ស្ថិរភាព​តំបន់​សាហ៊ែល ​វាជះ​ឥទ្ធិពល​ដល់​អឺរ៉ុបទាំងមូល។ សម្រាប់​ពេលនេះ​ បារាំង​កំពុង​តែ​រៀបចំ​បង្កើត​ប្រតិបត្តិការ​មួយ​ឈ្មោះ​ថា ​ប្រតិបត្តិការ Tacouba​ រួមគ្នា​រវាង​ប្រទេស​អឺរ៉ុប​ចំនួន​១២ ​ដើម្បី​ជួយ​អន្តរាគមន៍​នៅ​សាហ៊ែល​នេះ។ ​ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​នៅ​ល្ងាច​ថ្ងៃ​១៣​មករា​នេះ ​ក្រោយ​ជំនួប​កំពូល​ចប់​សព្វគ្រប់ ​លោក​ម៉ាក្រុង​ ក៏បាន​អញ្ជើញ ​លោក​Charles Michel ​ប្រធាន​ក្រុម​ប្រឹក្សាអឺរ៉ុប ​និង​លោក ​Antonio Gutteres  អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​ចូលរួម​ពិធី​លាងសាយភោគ​ និង​ពិភាក្សា​គ្នា ​ស្តី​អំពី​លទ្ធភាព​ទាំងអស់ ​ដើម្បី​ជួយ​ការពារ​តំបន់​សាហ៊ែល​អាហ្វ្រិក ​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ របស់​ក្រុម​ជីហាត​ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ