អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីប៊ី កំពុង​តែក្លាយ​ជា​ទីលាន​ប្រជែង​ឥទ្ធិពល ​របស់​ប្រទេស​ក្នុង​តំបន់ ​មួយ​ចំនួន?

សំឡេង ០៥:៥៣
ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន់ ចាប់ដៃទទួលស្គាល់​លោកនាយក​រដ្ឋមន្ត្រីលីប៊ី (ខាងលិច) Fayez al-Sarraj។ អ៊ីស្តង់ប៊ូល ថ្ងៃទី​២៧ វិច្ឆិកា ២០១៩​
ប្រធានាធិបតីតួកគី លោកអ៊ែរដូហ្កាន់ ចាប់ដៃទទួលស្គាល់​លោកនាយក​រដ្ឋមន្ត្រីលីប៊ី (ខាងលិច) Fayez al-Sarraj។ អ៊ីស្តង់ប៊ូល ថ្ងៃទី​២៧ វិច្ឆិកា ២០១៩​ Presidential Press Office/Handout via REUTERS

តើលីប៊ី កំពុងតែក្លាយ​ជាទីលាន នៃការប្រជែងឥទ្ធិពល រវាងប្រទេសមួយចំនួន​ ឬយ៉ាងណា? បច្ចុប្បន្ននេះ លីប៊ីត្រូវពុះចែកជា២ ភាគខាងលិចជារដ្ឋាភិបាលក្រុងទ្រីប៉ូលី ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ ចំណែកខាងកើតវិញ គឺជាដែនដីគ្រប់គ្រងដោយក្រុមទាហាន ដែលដឹកនាំដោយលោកមេបញ្ជាការ​ Haftar។ ប្រទេសមួយចំនួន​ ក្នុងតំបន់កំពុងតែស្រវ៉ាគាំទ្រ ក្រុមម្ខាងៗ ដើម្បីសម្លឹងប្រយោជន៍។ តួកគី គាំទ្រ​រដ្ឋាភិបាលទ្រីប៉ូលី ឯអេហ្ស៊ីប និងអេមៀរ៉ាត់អារ៉ាប់រួមវិញ គាំទ្រខាងលោកមេបញ្ជាការ​Haftar។ មានការព្រួយបារម្ភថា​ ជំនួយ និងអន្តរាគមន៍យោធា របស់ប្រទេសទាំងនោះ អាចធ្វើឲ្យវិបត្តិលីប៊ីកាន់តែធ្លាក់ជ្រៅទៅ។

ផ្សាយពាណិជ្ជកម្ម

មិនទាន់មានដំណោះស្រាយនយោបាយណាមួយ ដើម្បីស្តាស្ថិរភាពនៅលីប៊ីទេ។ តំបន់ភាគខាងលិច ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបង្រួបបង្រួមជាតិ ហៅកាត់ថា រដ្ឋាភិបាលក្រុងទ្រីប៉ូលី កំពុងតែសម្លឹងឃើញគ្រោះថ្នាក់ជាបន្តបន្ទាប់។ គ្រោះថ្នាក់នោះ គឺក្រុមភាគខាងកើត ដែលដឹកនាំដោយ​ លោកមេបញ្ជាការ Haftar មានកម្លាំងកាន់តែខ្លាំង អាចវាយសង្រ្គប់ដណ្តើមយកភាគខាងលិច។

គ្មានអ្វីលាក់លៀមទេ ក្រុមកម្លាំងភាគខាងកើត ដឹកនាំដោយលោកមេបញ្ជាការ Haftar បានទទួលការទំនុកបំរុង ពីអេមៀរ៉ាត់ អារ៉ាប់រួម ព្រមទាំងអេហ្ស៊ីប។ អេមៀរ៉ាត់ អារ៉ាប់រួម បានប្រគល់នូវយានដ្រូនស៊ើបការណ៍ ព្រមទាំងយានដ្រូន​បាញ់គ្រាប់ ជាច្រើនគ្រឿង ទៅឲ្យក្រុមលោកមេបញ្ជាការ Haftar នេះបើយោងតាមការលើកឡើង របស់អ្នកជំនាញនៃអង្គការសហប្រជាជាតិ។ បន្ថែមពីនេះទៀត ក្រុមលោកមេបញ្ជាការ Haftar ទំនងជាបានជំនួយពីរុស្ស៊ី ថែមទៀតផង។ ផ្អែកតាមការអះអាង របស់អ្នកស៊ើបការណ៍អាមេរិក បានឲ្យដឹងថា រុស្ស៊ីបានបញ្ជូនកងប្រតិបត្តិការពិសេសមួយក្រុម ឈ្មោះWagner ព្រមទាំងបានបំពាក់ឲ្យ នូវប្រព័ន្ធបង្វែងផ្លូវកំទេចយានដ្រូនសត្រូវ ថែមទៀតផង។

ហេតុដូច្នេះហើយ បានជាប៉ុន្មានថ្ងៃចុងក្រោយនេះ យានដ្រូនរបស់​កងកម្លាំងរដ្ឋាភិបាល​ទ្រីប៉ូលី ត្រូវបានកំទេចធ្លាក់​ជាបន្តបន្ទាប់។ អ្នកវិភាគអះអាងថា រដ្ឋាភិបាលលីប៊ីក្រុងទ្រីប៉ូលី កំពុងបារម្ភខ្លាំង។ អ្នកដែលអាចជួយបាននាពេលនេះ គឺគ្មាននរណាទេ ក្រៅពីតួកគី។ កាលពីថ្ងៃអាទិត្យទី២២ធ្នូ រដ្ឋាភិបាលទ្រីប៉ូលី បានប្រកាសដោយចំហរតែម្តង ដោយសុំឲ្យតួកគី ជួយផ្តល់ជំនួយផ្នែកកងទ័ព ឲ្យបាន​ច្រើន។

គួរកត់សំគាល់ថា តួកគីបានចាប់ផ្តើម​លូកដៃទៅក្នុងវិបត្តិលីប៊ី ប្រមាណជាមួយឆ្នាំមកហើយ តាមរយៈការផ្តល់ជំនួយផ្នែកសម្ភាៈសិកខ្លះៗ ដូចជាយានដ្រូនខ្នាតតូច។ យោងតាមលោក Arnaud Delalande អ្នកជំនាញផ្នែកកងទ័ព បានលើកឡើងថា អ្វីដែលតួកគី អាចជួយរដ្ឋាភិបាលទ្រីប៉ូលីបាន គឺអាចផ្តល់នូវប្រព័ន្ធកំទេសដ្រូន។ ធ្វើបែបនេះ គឺអាច​ទាញ​កម្លាំង​ឲ្យ​​មានតុល្យភាព ប្រឈមនឹងក្រុមលោកមេបញ្ជាការ Haftar ដែលមានប្រព័ន្ធកំទេចដ្រូនផ្តល់ឲ្យដោយ​រុស្ស៊ី។

មានការព្រួយបារម្ភថា អន្តរាគមន៍យោធាចេញមុខ របស់ប្រទេសផ្សេងមកក្នុងវិបត្តិលីប៊ី និងធ្វើឲ្យវិបត្តិនេះ កាន់រីកក្លាយធំៗទៅ ដូចករណីនៅស៊ីរី។ តែយ៉ាងណា លោក Arnaud Delalande យល់ឃើញថា ដំណាក់កាលនេះ តួកគី មិនទាន់អាចហ៊ានធ្វើអ្វីបានច្រើនទេ ដោយសារលីប៊ី មិននៅជាប់ព្រំដែនគោកជាមួយតួកគីឡើយ។ តួកគីមិនអាចបញ្ជាយន្តហោះចម្បាំង ឲ្យហោះទៅលីប៊ីដោយស្ងាត់ៗ ដូចក្នុងករណីនៅស៊ីរីទេ។ ផ្ទុយទៅវិញ អេមៀរ៉ាត់អារ៉ាប់រួម ដែលមាន​ការសហការពី​អេហ្ស៊ីប ជាប់ព្រំដែនជាមួយលីប៊ីខាងកើត គឺគេអាចធ្វើអន្តរាគមន៍ដោយស្ងាត់ៗ ជួយខាងក្រុមលោកមេបញ្ជាការ Haftar។

ដូច្នេះអ្វីៗ គឺវាអាស្រ័យថាតើ តួកគីហ៊ានលូកដៃចូលជ្រៅកម្រិតណា? យើងអាចដឹងចម្លើយបាន ដោយយើងងាកទៅចោទសួរ ថាតើតួកគីបានប្រយោជន៍អ្វីខ្លះ បើតួកគីជួយក្រុមរដ្ឋភិបាល​ទ្រីប៉ូលី?

បើយើងក្រលេកមើលទិដ្ឋភាពភូមិសាស្ត្រនយោបាយទូទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់​លោក អ៊ែរដូហ្កាន់ តួកគីហាក់កំពុងតែព្យាយាមរំលេចខ្លួន ឲ្យក្លាយជាមហាអំណាចតំបន់ មានឥទ្ធិពលទៅលើប្រទេសកាន់សាសនាអ៊ីស្លាម។ ការប្រជែងអំណាច ប្រជែងឥទ្ធិពលនៅក្នុងតំបន់ដើមបូព៌ា គឺវាជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការពង្រីកឥទ្ធិពល ទ្រឹស្តីសាសនាអ៊ីស្លាម។ អារ៉ាប៊ីសាអូឌីត មានកម្មវត្ថុពង្រីកទ្រឹស្តីអ៊ីស្លាមស៊ុនីត បែបវ៉ាហាប៊ីស រីឯអ៊ីរ៉ង់វិញគឺអ៊ីស្លាមឈីអ៊ីត។ ចំណែកតួកគី ដែលប្រកាន់អ៊ីស្លាម​ស៊ុនីត មានចរន្តបែបផ្សេង ខុសពីអារ៉ាប៊ីសាអូឌីត ឬអេមៀរ៉ាត់អារ៉ាប់រួម។ ដូច្នេះតួកគី មិនអត់ប្រយោជន៍ទេ បើតួកគេអាចពង្រីកចរន្តទ្រឹស្តីឥស្លាមរបស់ខ្លួនទៅ​កាន់លីប៊ី។

ផលប្រយោជន៍មួយទៀតនោះ គឺកត្តាសេដ្ឋកិច្ចទាំងស្រុង។ គេទើបតែរកឃើញថា នៅក្នុងបាតសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត អាចមានជង្រុក​ប្រេងកាតដ៏មហាសាល។ បើសិនជាតួកគី អាចលូកដៃគ្រប់គ្រងដែនសមុទ្រមួយចំនួន​ធំ នោះគឺដូចត្រូវឆ្នោតរង្វាន់ធំដូច្នោះដែរ។ ហេតុដូច្នេះហើយ បានជាកាលពីខែវិច្ឆិកា តួកគី បានប្រញ៉េបប្រញ៉ាប់ ចុះកិច្ចព្រមព្រៀង២ជាមួយនឹងរដ្ឋាភិបាលលីប៊ីក្រុងទ្រីប៉ូលី។ កិច្ចព្រមព្រៀងទីមួយផ្តោតទៅលើការសហការផ្នែកយោធា។ កិច្ចព្រមព្រៀងទី២ គឺការកំណត់ពុះចែកដែនទឹក នៃសមុទ្រម៉េឌីទែរ៉ាណេភាគខាងកើត។ តាមរយៈកិច្ចព្រមព្រៀងទី២នេះ តួកគីបានស្រវា​ក្តោប​យកដែនទឹកមួយផ្នែកធំ។

ក៏ប៉ុន្តែចំណុចនេះ បានធ្វើឲ្យប្រទេសផ្សេងទៀត ក្នុងតំបន់មានការកើតទុកមិនសុខចិត្តទេ។ អេហ្ស៊ីប ឈីព្រ និងក្រិក សុទ្ធតែជាអ្នកមានចំណែក នៅក្នុងការពុះចែកដែនទឹកសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ ការដែលតួកគីទៅចុះកិច្ចព្រមព្រៀងតែពីរនាក់លីប៊ី គឺជារឿងមិនត្រឹមត្រូវ និងមិនស្របច្បាប់អន្តរជាតិឡើយ។

ដោយហេតុនេះហើយ យើងសង្កេតឃើញថា ក្រិកក៏ចាប់ផ្តើមលូកដៃ ទៅក្នុងវិបត្តិលីប៊ីនេះដែរ ដោយសារក្រិក មិនសប្បាយចិត្តទេ ដែលរដ្ឋាភិបាលលីប៊ីក្រុងទី្រប៉ូលី ទៅត្រូវដងត្រូវផ្លែជាមួយតួកគី។ កាលពីថ្ងៃអាទិត្យទី២២ធ្នូ រដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias បានស្កាត់ទៅជួបអ្នកតំណាងក្រុមលោកមេបញ្ជាការ Hafter នៅឯព្រលានយន្តហោះក្រុងBenghazi មុននឹងបន្តដំណើរទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

តាមការស្មាន ក្រិក អេហ្ស៊ិប និងក្រុមលោកមេបញ្ជាការHaftar ទំនងជាកំពុងរួមគ្នាធ្វើអ្វីម្យ៉ាង ទល់នឹងតួកគី។ យ៉ាងណាមិញ លោកមេបញ្ជាការ Haftar ទើបតែបានគម្រាមថា ចាប់ពីពេលនេះទៅ បើមានយន្តហោះតួកគី ហោះកាត់ដែនដី​លីប៊ី គឺគេនឹងបាញ់ទំលាក់ភ្លាម ដើម្បីកុំឲ្យតួកគីបញ្ជូនអាវុធទៅឲ្យក្រុមភាគខាងលិច។

ជារួម យើងឃើញថា វិបត្តិនៅលីប៊ីកាន់តែរីកធំ ជាមួយនឹងអន្តរាគមន៍ ទាំងចេញមុខ ទាំងមិនចេញមុខ របស់​ប្រទេសមួយចំនួន។ ភាគីលីប៊ីទាំង២ សុទ្ធតែអាងបង្អែករៀងខ្លួន។ សម្រាប់ពេលនេះ ប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ស្ថិតនៅក្នុងការឃ្លាំមើលនៅ​ឡើយ។ ប៉ុន្តែ​បើសិនជារុស្ស៊ី និងតួកគី លូកដៃកាន់តែជ្រៅ តើស្ថានការណ៍នៅ​លីប៊ី នឹងទៅជាយ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ