អានតួអត្ថបទ

ប្រទេសជិតខាង​លីប៊ី ជួបជុំ​គ្នា​ស្វែង​រកដំណោះស្រាយ​នយោបាយ​ឱ្យ​លីប៊ី

ជំនួប​ក្រុមប្រទេស​ជិត​ខាង​លីប៊ី នៅ​អាល់ហ្សេរី ថ្ងៃទី ២៣ មករា ២០២០
ជំនួប​ក្រុមប្រទេស​ជិត​ខាង​លីប៊ី នៅ​អាល់ហ្សេរី ថ្ងៃទី ២៣ មករា ២០២០ © Reuters

ក្រោ​មការ​ផ្តួចផ្តើម​របស់​អាល់​ហ្សេរី ក្រុម​ប្រទេស​ជាប់​របង​​លីប៊ី​ទាំង​៥ បាន​មក​ជួប​ជុំ​គ្នា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ទៅ​ទីក្រុង​អាល់ហ្សេ ប្រទេស​អាល់ហ្សេរី។ កម្មវត្ថុ​ចំបង​នៃ​ជំនួប គឺ​ ​​សាកល្បង​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ​ ឱ្យ​វិបត្តិ​លីប៊ី។ វិបត្តិ​លីប៊ី​ដែល​បាន​រីក​រាលដាល​កាន់​តែធ្ងន់ធ្ងរ និង​បាន​គំរាមកំហែង​ស្ថិរភាព​​តំបន់​ទាំង​មូល។

ផ្សាយពាណិជ្ជកម្ម

​​ក្រុម​ប្រទេស​ជិត​ខាង​លីប៊ី ​មាន​ជាអាទិ៍​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ទុយនីស៊ី អេហ្ស៊ីប និង​ឆាដ ព្រមទាំង​មន្ត្រី​ការ​ទូតស៊ូដង់ និង​នីហ្សេ បាន​ឡើង​ថ្លែង​សុន្ទរកថា​ម្នាក់ម្តង មុន​នឹង​បន្ត​ជំនួប​ពិភាក្សា​ ​ដោយ​បិទ​ទ្វារ។ អាល់ហ្សេរី​ ស​ង្ឃឹម​ថាជំនួប​ថ្នាក់​តំបន់​នេះ​​នឹង​នាំ​ក្រុម​ប្រទេស​ជិត​ខាង​ឱ្យ​​រក​ឃើញ​ជំហរ​រួម​គ្នាមួយ។​

​អាល់ហ្សេរី ​ក៏បានអញ្ជើញរដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​នេះ​ដែរ ដើម្បី​​ពាំនាំ​​លទ្ធផលលម្អិត​​នៃសន្និសីទអន្តរជាតិ​នៅទីក្រុង​ប៊ែរឡាំង កាលពី​ថ្ងៃអាទិត្យ​​មក​ប្រាប់​អង្គប្រជុំ ដោយ​ផ្ទាល់។ សន្និសីទ​អន្តរជាតិ​បាន​សម្រេច​​បិទ​បញ្ចប់ការ​ជ្រៀតជ្រែក​របស់​បរទេស​នៅក្នុង​សង្គ្រាម​លីប៊ី និង​សម្រេច​ហាមឃាត់​នូវការ​នាំ​អាវុធ​ទៅ​លីប៊ី។ តែស្ថានភាព​ជាក់​ស្តែង​ក្នុង​ប្រទេស ​​មិន​ប្រាកដ​ប្រជា​ទេ ព្រោះ​ភាគី​បក្ខដិបក្ខលីប៊ី​ទាំង​សង​ខាង​បាន​បដិសេធ​មិន​ជួប​គ្នា​ទេ នៅ​ប៊ែរឡាំង។ នៅ​ថ្ងៃ​នេះ​អាល់ហ្សេរី ក៏​មិន​បាន​អញ្ជើញ​ ​ភាគី​ជាប់​ជម្លោះ​ផ្ទាល់​ទាំង​ពីរ​មក​ក្រុង​អាល់ហ្សេ​ដែរ។ មាន​ន័យ​ស្ថានភាព​នៅ​តែ​តាន​តឹង​ជានិច្ច។

សម្រាប់​អាល់ហ្សេរី ជំនួប​ប្រជុំ​ក្រុមប្រទេស​ជិត​ខាង​លីប៊ី ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែងអន្តរជាតិ ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​លីប៊ី បន្ត​ពី​សន្និសីទ​អន្តរជាតិ​ក្រុង​ប៊ែរ​ឡាំង ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​​​ក្រុមប្រទេស​នៅ​អាហ្វ្រិក​មួយ​ភាគ​ធំ ​មិន​ពេញ​ចិត្ត​ទេ នៅ​ពេល​ឃើញ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​ប្រទេស​លីប៊ី មិន​បាន​ហៅ​ក្រុមប្រទេស​ជាប់​របងលីប៊ី ដែល​ជា​ក្រុម​ប្រទេស​​ពាក់ព័ន្ធ​ផ្ទាល់ជាង​គេ ​ឱ្យ​មក​ចូល​រួម​ដោះស្រាយ​ជាមួយ​នោះ។ ​តាម​រយៈ​ជំនួប​នេះ អាល់ហ្សេរី​ ចង់​រំលឹក​អំពី​តួនាទី​របស់​ខ្លួន ដែល​ធ្លាប់​ចូល​រួម​ដោះស្រាយ​វិបត្តិ​ក្នុង​អតីត​កាល។ អាល់ហ្សេរី ​សកម្ម​ខ្លាំងណាស់ក្នុង​សំណុំ​រឿង​លីប៊ី ​ ដោយ​បាន​ស្នើ​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ឱ្យ​ភាគីបក្ខដិបក្ខ​លីប៊ីមក​អង្គុយ​​ចរចា​គ្នា​ទៀត​ផង ទើប​ត្រូវ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ប្រទេស​ជិត​ខាង​និង​អន្តរជាតិ​។

រដ្ឋមន្ត្រី​ការបរទេស​​អាល់ហ្សេរី​ យល់​ថា​បើ​​លីប៊ី​មាន​សន្តិភាព ទើប​ប្រទេស​ជិត​ខាង​បាន​សុខ​ដែរ។ អាល់ហ្សេរី​មាន​ព្រំ​ដែន​​ជាប់​លីប៊ី​ដល់​១០០០គីឡូម៉ែត្រ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ