អានតួអត្ថបទ
លីប៊ី

លីប៊ី៖គូភាគីជម្លោះផ្ទៃក្នុងត្រៀមខ្លួនដើម្បីប្តូរពីបទឈប់បាញ់បណ្តោះអាសន្នទៅជាបទឈប់បាញ់យូរអង្វែង

លោកហ្កាសាន សាឡាម៉េដែលជាប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកវិបត្តិលីប៊ី
លោកហ្កាសាន សាឡាម៉េដែលជាប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកវិបត្តិលីប៊ី Mahmud TURKIA / AFP

នៅ​ថ្ងៃ​អង្គារ ទី៤ កុម្ភៈ លោក​ហ្កាសាន សាឡាម៉េ ប្រេសិត​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​ប្រទេស​លីប៊ី​បាន​ប្រកាស​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​ថា គូភាគី​ជម្លោះផ្ទៃក្នុង​នៅ​លីប៊ី​បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​ពី​ការ​ប្តូរ​បទឈប់បាញ់​បណ្តោះអាសន្ន​ទៅ​ជា​បទឈប់បាញ់​យូរអ្វែង។ ការ​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​លើកទី១ តាំង​ពី​ថ្ងៃទី៣ កុម្ភៈ​របស់​គណៈកម្មការ​យោធា ៥បូក៥ របស់​ភាគី​ជម្លោះ​លីប៊ី។ គណៈកម្មការ​យោធា ៥បូក៥ ចូលរួម​ដោយ​អ្នក​តំណាង ៥នាក់​មក​ពី​រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី​នៅ​ទីក្រុង​ទ្រីប៉ូលី​ដែល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ និង​អ្នកតំណាង ៥នាក់​មក​ពី​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​កំពុង​គ្រប់គ្រង​តំបន់​ប៉ែកខាងកើត។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ជាង ៣សប្តាហ៍​ដែល​កិច្ចព្រមព្រៀង​ឈប់បាញ់​បណ្តោះអាសន្ន​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង​លីប៊ី​ទាំង​ពីរ​បាន​ចូល​ជា​ធរមាន។ តែ​អ្វី​ដែល​គណៈកម្មការ​យោធា ៥បូក៥ របស់​ភាគី​ជម្លោះ​លីប៊ី​ទាំង​ពីរ​បាន​ព្រមព្រៀង​ជា​គោលការណ៍​ពេល​នេះ គឺ​ប្រែ​ក្លាយ​បទ​ឈប់បាញ់​បណ្តោះអាសន្ន​ទៅ​ជា​បទ​ឈប់បាញ់​យូរអង្វែង។ បើ​តាម​លោក​ហ្កាសាន សាឡាម៉េ​ដែល​ជា​ប្រេសិត​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​លីប៊ី នៅ​មាន​របៀបវារៈ​ជា​ច្រើន​ទៀត​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​ត្រូវ​បន្ត​ជជែក​គ្នា។ តាម​ពិត​ទៅ គណៈកម្មការ​យោធា ៥បូក៥ គ្រោង​បើក​កិច្ចប្រជុំ​តាំង​ពី​សប្តាហ៍​កន្លង​ទៅ​ម្ល៉េះ តែ​ត្រូវ​បាន​លើក​ពេល​ដោយសារ​ខ្វះ​អ្នក​ចូលរួម​ពី​ភាគី​សេនាប្រមុខ​ខាលីហ្វា ហាវតារ។

គឺ​ទើប​ក្នុង​ថ្ងៃទី៣ កុម្ភៈ​ដែល​កិច្ចប្រជុំ​បាន​ចាប់​ផ្តើម ២ថ្ងៃ​ក្រោយ​ពី​ភាគី​ជម្លោះ​នីមួយៗ​បាន​ជួប​សន្ទនា​ដាច់​ដោយឡែក​ជាមួយ​លោក​ហ្កាសាន សាឡាម៉េ​ក្បែរ​ទីក្រុង​បេនហ្កាហ្ស៊ី។ ក្រៅ​ពី​ជំនួប​រវាង​ភាគី​ជម្លោះ​ផ្ទៃក្នុង វិបត្តិ​លីប៊ី​ក៏​ជា​ប្រធានបទ​នៃ​ជំនួប​អន្តរជាតិ​ច្រើន​ដង​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ។ តែ​ជា​ថ្មី​ម្តង​ទៀត ប្រេសិត​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​វិបត្តិ​លីប៊ី​បាន​បរិហារ​ការ​រំលោភបំពាន​លើ​កិច្ចសន្យា​ដែល​បាន​អនុម័ត​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​រៀបចំ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃទី១៩ មករា។

តាម​លោក​ហ្កាសាន សាឡាម៉េ ទាហាន​ស៊ីឈ្នួល និង​សម្ភារៈយោធា​បាន​បន្ត​ហូរ​ចូល​លីប៊ី​សម្រាប់​ភាគី​ជម្លោះ​ផ្ទៃក្នុង​ទាំង​ពីរ។ « យើង​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា ភាគី​ជម្លោះ​ផ្ទៃក្នុង​នីមួយៗ​ទទួល​អាវុធ និង​ទាហានស៊ីឈ្នួល។ ខ្ញុំ​សង្ឃឹម​ថា អ្នក​ដែល​បាន​នាំ​អាវុធ​ចូល​លីប៊ី​គួរ​ដឹង​ថា មាន​អាវុធ​ជាង ២០លានដើម​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លីប៊ី ហើយ​ប្រទេស​នេះ​មិន​ត្រូវ​ការ​អាវុធ​បន្ថែម​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោក​សាឡាម៉េ។ ទោះ​បី​ជា​លោក​សាឡាម៉េ​មិន​បាន​ចង្អុល​មុខ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា តួកគី​បាន​ជាប់​សង្ស័យ​ពី​បទ​បញ្ជូន​ទាហានស៊ីឈ្នួល​ជនជាតិ​ស៊ីរី​ទៅ​គាំទ្រ​កម្លាំង​រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី ហើយ​រុស្ស៊ី​បាន​បញ្ជូន​អាវុធ​ទៅ​ឲ្យ​សេនាប្រមុខ​ខាលីហ្វា ហាវតារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ