អានតួអត្ថបទ
ស៊ូដង់

ស៊ូដង់​សម្រេច​ប្រគល់​អតីតមេដឹកនាំ​ផ្តាច់ការ បាស្ហៀរ ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ICC

អតីតប្រធានាធិបតី​ស៊ូដង់លោកអូម៉ា អែលបេស្ហៀរត្រូវ​តុលាការ​ស៊ូដង់​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ
អតីតប្រធានាធិបតី​ស៊ូដង់លោកអូម៉ា អែលបេស្ហៀរត្រូវ​តុលាការ​ស៊ូដង់​កាត់ទោស​ឲ្យជាប់ពន្ធនាគារ​២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ©REUTERS/Mohamed Nureldin Abdallah/File Photo

រដ្ឋាភិបាល​ស៊ូដង់​នឹង​បញ្ជូន អតីត​ប្រធានាធិបតី​ផ្តាច់ការ លោក​អូម៉ា អ៊ែល បេស្ហៀរ ទៅឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​មានទីស្នាក់ការ​នៅទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ រដ្ឋាភិបាល​ស៊ូដង់​សម្រេចចិត្ត​យ៉ាង​ដូច្នេះ ក្នុងពេល​ដែល​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​កំពុង​បើក​ការចរចា​សន្តិភាព ជាមួយ ពួកឧទ្ទាម មក​ពី​តំបន់​ដាហ្វួរ កាល​ពី​ថ្ងៃ​អង្គារ​ទី ១១កុម្ភៈ ម្សិលមិញ។ ចូលដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ ១៩៨៩ តាមរយៈ រដ្ឋប្រហារយោធា លោកអូម៉ា អ៊ែលបេស្ហៀរ ត្រូវ​បាន​គេ​ទម្លាក់​ចេញពីតំណែង កាលពី​ពាក់កណ្តាល​ឆ្នាំ មុន និង​កំពុង​ជាប់​ឃុំ ក្នុង​ពន្ធនាគារ ស៊ូដង់ ក្រោម​បទចោទប្រកាន់ ប្រព្រឹត្ត​អំពើពុករលួយ។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ សមាជិក​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុមប្រឹក្សា​ដឹកនាំ​រដ្ឋាភិបាល ថ្មី​របស់​ស៊ូដង់ បានធានា​​អះអាង​ថា រាល់​ជន​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញដីកា​តាម​ចាប់ខ្លួន នឹង​លេច​មុខ​នៅ​ទីនោះ នៅ​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ។ ការសម្រេចចិត្ត​យ៉ាងដូច្នេះ គឺ ជា​ការបើកផ្លូវ ឲ្យ​មានការចាប់បញ្ជូន​អតីត​ប្រធានាធិបតី ស៊ូដង់ លោក​​អូម៉ា អែល បេស្ហៀរ​ឲ្យ​ទៅ​ប្រឈម​នឹងការកាត់ទោស​នៅ​តុលាការ​ក្រុង​ឡាអេ។

នៅ​ពេល​កាន់តំណែង ជា​ប្រធានាធិបតី ផ្តាច់ការ នៅ​ស៊ូដង់ លោក អែល បេស្ហៀរ ធ្លាប់​ត្រូវ​តុលាការ​ក្រុង​ឡាអេ ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទៅលើ​តំបន់​ដាហ្វួរ ដែល​បាន​សម្លាប់​មនុស្ស ៣សែននាក់ កាលពី​ឆ្នាំ ២០០៣។

ការសម្រេច​បញ្ជូន អតីតប្រធានាធិបតី​ផ្តាច់ការ អែលបេស្ហៀរ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ធ្វើឡើង នៅក្នុង​ពេល​ដែល រដ្ឋាភិបាល​កំពុង​បើកការចរចា​សន្តិភាព​ជាមួយ​ក្រុមប្រដាប់អាវុធ ដែល​គ្រប់គ្រង​តំបន់​ដាហ្វួរ នៅ​ទីក្រុង Juba​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង។ តាម អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក ម៉ូហាមេដ​ហាសាន់ អាល់តៃស្ហេ Mohamed Hassan Al-Taishay គេ​មិនអាច​ស្វែងរកឃើញ​យុត្តិធម៌ទេ បើសិន​គេ​មិនព្យាបាល​មុខរបួស​ទេនោះ។

នៅ​ឆ្នាំ ២០០៩ រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ចេញ​ដីការ តាម​ចាប់ រូបលោក​អែលបេស្ហៀរ និង​មនុស្ស​ជំនិត​របស់លោក​បីនាក់ទៀត ដើម្បី​ឲ្យ​ទៅ​ប្រឈម​នឹងការជំនុំជម្រះ​របស់តុលាការ​នៅ​ទីក្រុង​ឡាអេ ប៉ុន្តែ លោក​អែលបេស្ហៀរ បាន​ព្យាយាម គេចវេស ពីសំណាញ់ច្បាប់​អន្តរជាតិ ដោយ​សុខចិត្ត មិនធ្វើ​ដំណើរ ទៅ​ប្រទេស​ដែល​អាច​សហការ​ជាមួយ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ចាប់ខ្លួន​លោកទៅ​តុលាការ​អន្តរជាតិ ដូចជា​សហរដ្ឋអាមេរិក និង​បណ្តាប្រទេស​នៅ​អឺរ៉ុប​ជាដើម។

លោក​អែល បេស្ហៀរ ដែល​បដិសេធ មិន​ទទួល​ស្គាល់ យុត្តាធិការ​របស់​តុលាការ​ក្រុង​ឡាអេ ត្រូវ​គេ​ទម្លាក់ពី​តំណែងប្រធានាធិបតី​ស៊ូដង់ កាលពី​ខែ​មេសា​ឆ្នាំមុន ដោយសារ​បាតុកម្ម​តវ៉ា អូសបន្លាយ ពេញផ្ទៃប្រទេស​ស៊ូដង់។ កាលពីខែ​ធ្នូ​កន្លងទៅ លោក​អែល​បេស្ហៀរ ទើប​ត្រូវ​បាន​តុលាការ​ស៊ូដង់​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ។ ការចាប់ដាក់ឃុំ លោកអែលបេស្ហៀរ គឺ​ជារឿងស្មុគស្មាញ សម្រាប់ថ្នាក់ដឹកនាំ​ថ្មី​របស់​ស៊ូដង់ ព្រោះថា បើ​តាម​ច្បាប់​ស៊ូដង់ មនុស្ស​ដែល​អាយុ ចាប់​ពី ៧០​ឆ្នាំ ឡើង​ទៅ មិនអាច​ស្ថិតនៅក្នុង​ពន្ធនាគារ​នោះទេ ចំណែក​លោក​អែលបេស្ហៀរ​ពេលនេះ មានអាយុ ៧៦ឆ្នាំ។

នៅស៊ូដង់ រដ្ឋអាជ្ញា​កំពុង​ចោទប្រកាន់​លោក​អែលបេស្ហៀរផងដែរ ក្នុង​បទ​បញ្ជារ​ឲ្យ​មានការបាញ់​សម្លាប់​បាតុករ​ដែល​បានធ្វើ​បាតុកម្ម រហូតជំរុញ ឲ្យលោកត្រូវ​គេ​ទម្លាក់ពីតំណែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ