អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប.៖ គេត្រូវការថវិកាប្រមាណ៣០០០ ពាន់លានដុល្លារ  ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងកូវីដ១៩

សំឡេង ០៧:៥០
Antonio Guterres,a lokacin da yake tattaunawa da France 24  da RFI
Antonio Guterres,a lokacin da yake tattaunawa da France 24 da RFI RFI

បញ្ហា​ប្រទេស​អ្នកមាន​កំពុង​ស្វែងរក​ការ​ជួយគ្នា​គឺ​ជា​រឿងមួយ ក៏ប៉ុន្តែ បណ្តា​ប្រទេសក្រីក្រក៏​កាន់តែ​ប្រឈម​នឹង​បញ្ហា​កាន់តែ​ខ្លាំង​ជាងនេះ​ទៅទៀត ដោយ​ពួកគេ​គ្មាន​ធនធាន​គ្រប់គ្រាន់ ក្នុងការ​ទប់ទល់​នឹង​វិបត្តិកូវីដ១៩​នេះ។ នៅ​ក្នុង​បទសម្ភាស​ជាមួយ RFI និង France 24  អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​លើកឡើង​ថា គេ​ត្រូវការ​លុយប្រមាណ​ជា ៣០០០ពាន់លាន​ដុល្លារ (ស្មើ ៣ ទ្រីលានដុល្លារ) ដើម្បី​ជួយ​ប្រទេស​ក្រីក្រ ទប់ទល់​នឹង​វិបត្តិ​កូវីដ១៩​នេះ។ ចំណែក​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​ផ្សេងទៀត​បាននាំគ្នា​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​ប្រជាជន​ក្រីក្រ ដែល​រកមួយថ្ងៃ​រស់មួយថ្ងៃ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​បិទ​ឲ្យ​នៅតែ​ក្នុងផ្ទះថែមទៀត។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​គ្រាអាសន្នកូវីដ១៩នេះ លោក Antonio Guterres  បាន​ស្នើ​ឱ្យ​ពិភពលោក​ជួយ​គិត​គូរ​ជាអាទិភាព​​ដល់​ប្រទេស​​ក្រីក្រ ពិសេស​នៅ​តំបន់​អាហ្វ្រិក​។​ តើមកពី​​ហេតុអ្វី?

លោក Antonio Guterres  ពន្យល់ថា ប្រទេស​ក្រីក្រ​ទាំង​នោះ គ្មាន​ប្រព័ន្ធ​សុខាភិបាល​មាំទាំ​នោះទេ គ្មាន​ម៉ាស់ពាក់​ការពារ​ គ្មាន​​បរិក្ខារពេទ្យ​ ខ្វះធនធានមនុស្ស ខ្វះ​ទាំង​បច្ចេកទេសនិង​គ្មាន​ទាំង​ថវិកា គឺ​ខ្វះខាតសព្វគ្រប់តែម្តង​។ នេះបើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ លោក Antonio Guterres ​ឱ្យ​ដឹង​​ទៀត​ថា «ប្រសិន​បើ​មេរោគ​កូរ៉ូណាថ្មី ឆ្លង​រាតត្បាត​កាន់តែខ្លាំងនៅ​តំបន់​អាហ្វ្រិក​នោះ គឺ​ច្បាស់​ជា​​នឹងសម្លាប់​ជីវិត​មនុស្ស​ រាប់លាន​​នាក់​ ជា​មិន​ខាន​»។

តាមការផ្សាយ​របស់​ភ្នាក់ងារបារាំង​ AFP ​«ទិន្នន័យ​ផ្លូវការ​» ​គឺអ្ន​កឆ្លង​កូវីដ​១៩នៅអាហ្រ្វិក​ មាន​ប្រមាណ​៣ពាន់​៥រយនាក់ និង​ស្លាប់​ប្រមាណ​៩០នាក់​។  ​តួលេខជាក់​ស្តែង​​មែនទែន ទំនងជា​​អាចមាន​​ច្រើន​ជាង​នេះ ព្រោះគេ​គ្មាន​មធ្យោបាយ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​តេស្ត​បាន​គ្រប់​គ្នា​នៅឡើយទេ។

ហេតុនេះហើយ​ ទើប​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​កាលៈទេសៈ​នេះ ជាពិសេសនិង​ជា​អាទិភាព តែម្តង​ ចំពោះ​តំបន់​អាហ្វ្រិក​។​ លោក​ Antonio Guterres បាន​ស្នើ​ឱ្យ​ប្រមូល​កញ្ចប់​ថវិកា​យ៉ាង​ច្រើន ដើម្បីជួយ​ទប់​ទល់​កូវីដ​១៩ នៅប្រទេស​ក្រីក្រ​និង​នៅទ្វីបអាហ្វ្រិក។ ​បើ​តាម​ការ​សន្និដ្ឋាន​ជាដំបូង​សិន​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ គឺ​គេត្រូវការកញ្ចប់​ថវិកា​ប្រមាណជា ៣០០០ពាន់លានដុល្លារ (ស្មើ ៣ ទ្រីលានដុល្លារ) ដើម្បីជួយប្រទេសក្រីក្រទាំងនោះ​។

តើ​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ សង្ឃឹមថា​នឹង​អាច​ប្រមូល​រក​បាន​ពីណាមក?

លោក Antonio Guterres មាន​ប្រសាសន៍ប្រៀបធៀប​ថា គឺស្មើប្រមាណតែ​១០ភាគរយ​នៃ​ PIB ផលិតផល​ក្នុង​ពិភព​លោក​សរុប។ បើ​តាមលោក Antonio Guterres គឺ​អង្គការ​រូបិយវត្ថុអន្តរជាតិ បាន​សន្យា​ថា​នឹង​ជួយ​ខ្លះ​មកហើយ ហើយ​លោក​សង្ឃឹមថា ស្ថាប័ន​ខាង​ហិរញ្ញវត្ថុ​អន្តរជាតិផ្សេងៗទៀត និង​ប្រទេស​អ្នកមាន​ G20 នឹង​រួម​ចំណែក​បំពេញ​ជាបន្ត​បន្ទាប់​​ ពីព្រោះថា ក្រុម​ប្រទេស​អ្នក​មាន​ទាំង​២០លើលោក គឺ​មាន​សេដ្ឋកិច្ច​ច្រើន​ តំណាង​ដល់​ប្រមាណ​ជា​៨០ភាគរយ​លើពិភក​លោក ហើយក៏​រងគ្រោះ​ឆ្លង​កូវីដ១៩​​ ប្រមាណ​ជា​៩០ភាគរយក​ដែរ។ ដូច្នេះប្រទេស​ក្រុម​អ្នក​មាន​​នេះ ត្រូវតែ​សហការជួយ​គ្នា។

តាមការ​ពន្យល់​របស់​លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ ការ​ជួយ​ប្រទេស​ក្រីក្រ​ ពិសេស​តំបន់​អាហ្វ្រិក គឺជា​រឿង​ចាំបាច់​យក​តែមែនទែន។ ហេតុអ្វី? លោក Antonio Guterres ពន្យល់ថា បើ​ប្រទេសអ្នកមាន​ ដូច​អឺរ៉ុប​និងអាមេរិក​ជាដើម​ គិតប្រឹង​តែ​ទប់​ស្កាត់​តែក្នុងប្រទេស​និង​ទ្វីប​របស់​ខ្លួន ជារឿង​ល្អហើយ ក៏ប៉ុន្តែ នៅពេលបន្តិចទៀត គឺគេមិន​អាច​ខ្ទប់​លំហូរ​មេរោគដែល​នឹង​ហូរ​ចេញពីប្រទេស​ក្រីក្រ​មក​​​ប្រទេស​អ្នក​មាន​វិញនោះ​ទេ។ ដូច្នេះ គេត្រូវ​រក​យន្តការ​រួម​ ​ជាលក្ខណៈ​អន្តរជាតិ​តែម្តង​ ទើប​អាច​ទប់​ស្កាត់​បាន។​

លោក Antonio Guterres ក៏​លើកឡើង​ដែរថា «វិបត្តិ​របស់​យើង​ពេល​នេះ គឺមិន​មែន​វិបត្តិ​ហិរញ្ញវត្ថុ​ដូចកាល​​ឆ្នាំ ២០០៨នោះទេ គឺ​ជាវិបត្តិ​មនុស្ស​ជាតិ​ទាំងមូល​តែម្តង។» ក្នុងការ​ទប់​ស្កាត់​មេរោគ​កូវីដ១៩​នេះ មធ្យោបាយ​ដែល​បិទ​ខ្ទប់​ប្រទេស​ និង​បង្ខាំង​ប្រជាពលរដ្ឋ​នៅតែក្នុង​ផ្ទះ គឺជា​មធ្យោបាយ​ប្រសើរ​បំផុត ដែល​គេ​ឃើញ​នៅក្នុង​ពេល​នេះ។  ចំពោះ​​ប្រទេស​ក្រីក្រវិញ ​លំបាក​ណាស់ ព្រោះ​​ប្រជាជនក្រីក្រចំនួន​ច្រើន​ដែលរកស៊ីមួយថ្ងៃរស់មួយថ្ងៃ ហើយបើត្រូវ​ប្រឈមនឹងការបិទខ្ទប់​ឱ្យ​នៅតែក្នុងផ្ទះថែមទៀត គឺ​មិនមែន​ជារឿងងាយ​ស្រួល​ឡើង​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួក​គេ។ «បើ​មិន​ស្លាប់​ដោយសារ​វីរុសកូរ៉ូណាទេ ក៏​ស្លាប់​ដោយសារ​ដាច់​បាយ​ដែរ​»។ ដូច្នេះហើយ ទើប​គេត្រូវ​ការ​កញ្ចប់​លុយ​ច្រើន ដើម្បីដោះស្រាយ​រឿង​ជីវភាព​នេះផង និង​រឿង​ប្រព័ន្ធសុខាភិបាល​សម្រាប់ប្រទេស​ក្រីក្រ​ជា​ទូទៅ​ផង​ទៀត។​ លោក Antonio Guterres ក៏​ស្នើ​ឱ្យ​ប្រទេស​ធំៗ​ដែល​មាន​លទ្ធភាព​និងសមត្ថភាព គួរតែ​រួមសហការ​​គ្នា​ជា​អន្តរជាតិ​ ​រក​មធ្យោបាយ​ព្យាបាល​និង​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩នេះ ឱ្យ​បាន​ឆាប់​។​

ប្រទេស​អាហ្វ្រិក​ខ្លះ កំពុង​តែ​ជួប​សង្គ្រាម​រ៉ាំរ៉ៃ និងវិបត្តិ​ជន​ភៀសខ្លួន​ថែមទៀត រឹតតែ​លំបាក​ខ្លាំង​!

ចំណុច​នេះ លោក​ Antonio Guterres ក៏បាន​លើកឡើង​នៅក្នុង​បទ​សម្ភាស​ជាមួយវិទ្យុបារាំង RFI ជាភាសាបារាំង និងទូរទស្សន៍ France 24 ដែរ​។  ក្នុង​សេចក្តីថ្លែងការ​របស់​អង្គការ​សហប្រជាជាតិ គឺ​បាន​អំពាវវនាវ​រួច​មកហើយ ​ឱ្យ​ប្រទេស​ឋិត​នៅក្នុង​ជម្លោះ​ទាំងអស់​ ផ្អាក​ឈ្លោះគ្នាសិន។​ លោក​ Antonio Guterres បញ្ជាក់ប្រាប់បន្ថែម​ថា អ្នក​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ប្រទេស​មាន​សង្គ្រាម​ កំពុងតែ​ធ្វើកិច្ចការ​នេះ​យ៉ាង​សកម្ម។ ក៏ប៉ុន្តែ ក៏​នៅតែ​មា​នក្រុម​ឆ្លៀត​ឱកាស​ កេង​យក​ចំណេញ​ក្នុង​ឱកាស​នេះ​តែដដែល។ ទោះយ៉ាងក្តីនេះ​ លោក​បានក្រឿនរំលឹក​ជាថ្មីទៀត​ថា «សត្រូវ​របស់​យើង​ពេល​នេះ មិនមែនមនុស្សនោះទេ គឺ វីរុស​កូរ៉ូណា។ »

ទន្ទឹម​នឹងគ្នា​នេះដែរ ក្រុម​អង្គការ​ដែល​កំពុង​ឃ្លាំមើល​សិទ្ធិមនុស្ស​និង​ជន​ភៀសខ្លួន​ នៅប្រទេស​មាន​សង្គ្រាម រួម​ទាំង​អង្គការ​កាកបាទក្រហម​អន្តរជាតិ ផង ក៏បាន​ស្នើ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​សំខាន់​ដែរ ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​មាន​សង្គ្រាម និង​ជន​ភៀសខ្លួន ទាំង​នៅ​អាហ្វ្រិក​និង​នៅ​ដើម​បូព៌ា។ ជន​ភៀសខ្លួន ​ខ្វះទាំង​បាយ ខ្វះ​ទាំង​​ស្បៀងអាហារ​ ខ្វះ​សម្លៀក​បំពាក់​ ហើយ​សូម្បីតែ​«ទឹក​ស្អាត» និង«​សាប៊ូ​»សម្រាប់​លាង​ដៃ ដែល​ជាអាវុធ​សំខាន់​សម្រាប់សម្លាប់​មេរោគ ក៏​ពួក​គេ​គ្មាន​ផង។  ក្រុម​ជន​ភៀសខ្លួន ក៏​ជា​មនុស្ស​ដែល​ងាយ​រងគ្រោះឆ្លង​មេរោគ​​កូរ៉ូណាថ្មី​បំផុត ហើយក៏​អាច​នឹង​ប្រឈម​នឹងសេចក្តី​​ស្លាប់​ ខ្លាំងណាស់ដែរ។ តាម​ក្រុ​មអង្គការ​ទាំងនោះ «គេ​មិន​អាច​ទប់​ស្កាត់​ទាំង​ស្រុង មិន​ឱ្យ​មេរោគ​រាលដាល​គ្រប់​កន្លែង​បានទេ តែ​គេ​អាច​ពន្យារ​វា កុំឱ្យ​វា​រាលដាលខ្លាំង​ និង​លឿន​​​ពេក​បាន។»

ចំណែក​​លោក Antonio Guterres  យល់ថា ដើម្បីជៀសវា​ង​ការ​សម្លាប់​មនុស្ស ​រាប់​លាន​នាក់ ​នៅក្នុង​​ប្រទេ​សក្រីក្រ​និងនៅអាហ្វ្រិក​ គឺ​«​មិនទាន់​យឺតពេលទេ បើ​គេគ្រប់គ្នា ​ចូលរួម​ទប់​ស្កាត់​ឱ្យ​បាន​ទាំងអស់គ្នា ព្រោះពេលនេះ កំពុងតែ​នៅ​ទាន់​ពេល នៅឡើយ​​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ