អានតួអត្ថបទ
អឺរ៉ុប-ចិន-សិទ្ធិមនុស្ស

សភា​សហភាពអឺរ៉ុប​ ចង់ឱ្យ​ដាក់​ទណ្ឌកម្ម​លើចិន​ពាក់ព័ន្ធ​សំណុំរឿង​អ៊ុយហ្គួរ​

ជនជាតិអ៊ុយហ្គួរ នៅមុខសេតវិមានអាមេរិក ធ្វើការប្រឆាំងតវ៉ានឹងសកម្មភាពង្ក្រាបរបស់អាជ្ញាធរចិន លើជនជាតិអ៊ុយហ្គួរនៅស៊ីនជាំង កាលពីខែកក្កដា ឆ្នាំ២០០៩។
ជនជាតិអ៊ុយហ្គួរ នៅមុខសេតវិមានអាមេរិក ធ្វើការប្រឆាំងតវ៉ានឹងសកម្មភាពង្ក្រាបរបស់អាជ្ញាធរចិន លើជនជាតិអ៊ុយហ្គួរនៅស៊ីនជាំង កាលពីខែកក្កដា ឆ្នាំ២០០៩។ AFP PHOTO/Nicholas KAMM

សភាអឺរ៉ុប នៅទីបំផុតទៅ បានបង្ហាញនូវចេតនា ចង់ឲ្យមានការដាក់ទណ្ឌកម្ម ទៅលើមន្ត្រីរដ្ឋាភិបាលចិន ដែលបានធ្វើទុក្ខបុកម្នេញ ជនជាតិភាគតិចអ៊ុយហ្គួរ កាន់សាសនាអ៊ីស្លាម រស់នៅក្នុងតំបន់ស៊ីនជាំង ភាគខាងលិចប្រទេសចិន។ នេះ គឺជាការចំណាត់ការថ្មីរបស់សភាអឺរ៉ុប ប្រឆាំងតបទៅរដ្ឋាភិបាលទីក្រុងប៉េកាំង ចាប់តាំងពីមានទិន្នន័យបែកធ្លាយជាច្រើន ទាក់ទងនឹងសកម្មភាពបង្ក្រាបរបស់ចិនលើជនជាតិអ៊ុយហ្គួរកាលពីចុងខែមុន។

ផ្សាយពាណិជ្ជកម្ម

នៅក្រោយពេលបានដឹងថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង កាន់តែធ្លាក់ដុនដាបទៅ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សភាសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ បានជំរុញឲ្យមានការដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលចិន ដែលបានបំបិទសិទ្ធិសេរីភាព និងធ្វើការបង្ក្រាបទៅលើជនជាតិភាគតិចអ៊ុយហ្គួរ។

តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន សមាជិកសភាអឺរ៉ុចង់ឲ្យដាក់ទណ្ឌកម្ម មន្ត្រីរដ្ឋាភិបាលចិន ដោយការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ប្រសិនបើចំណាត់ការនេះជារឿងត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីប្រឆាំងទៅនឹងទង្វើបង្ក្រាបរបស់មន្ត្រីចិន។

ក្រៅពីនេះ សភាអឺរ៉ុបក៏បានជំរុញឱ្យរដ្ឋាភិបាលចិន បញ្ឈប់ភ្លាមៗ នូវរាល់សកម្មភាពចាប់ឃុំឃាំងមនុស្ស តាមតែអំពើចិត្ត ដោយគ្មានបទចោទប្រកាន់ គ្មានការកាត់ក្តី សម្រាប់ករណីបទល្មើសព្រហ្មទណ្ឌ។

ជាមួយគ្នានេះ សភាអឺរ៉ុបក៏បានជំរុញផងដែរឲ្យអជ្ញាធរចិនប៉េកាំង ដោះលែងជាបន្ទាន់ និងឥតលក្ខខណ្ឌ នូវអ្នកទោសដែលអស់ដែលកំពុងជាប់ឃុំឃាំង ក្នុងជំរំជាច្រើនកន្លែងនៅស៊ីនជាំង ក្នុងនោះក៏បានផងដែរ លោកអ៊ីលហាម តុទី ដែលជាសកម្មជនសិទ្ធិមនុស្ស និងជាម្ចាស់ពានរង្វាន់ផ្នែកសិទ្ធិមនុស្សរបស់អឺរ៉ុប នាឆ្នាំ ២០១៩ នេះ។

គួរកត់សម្គាល់ថា រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញ ក្រុងប៉េកាំង បញ្ចេញប្រតិកម្មអ្វី ពាក់ព័ន្ធទៅនឹងចំណាត់ការរបស់សភាអឺរ៉ុប ប្រឆាំងទៅនឹងមន្ត្រីរបស់ខ្លួន ទាក់ទងសំណុំរឿងអ៊ុយហ្គួរឡើយ។

គេគ្រាន់តែដឹងថា នៅគ្រាកន្លងមក រដ្ឋាភិបាលចិនតែងបានបដិសេធថា មិនបានបង្ក្រាប និងធ្វើទុក្ខបុកម្នេញជនជាតិភាគតិចអ៊ុយហ្គួរកាន់សាសនាអ៊ីស្លាមឡើយ។ មិនតែប៉ុណ្ណោះ ចិនបានបកស្រាយថា ជំរំនៅស៊ីនជាំង មិនមែនជាមន្ទីរឃុំឃាំងនោះទេ តែវាជាមណ្ឌលអប់រំ បង្កើតឡើង ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ