អានតួអត្ថបទ
កូរ៉ូណាវីរុស-អេស្ប៉ាញ​

ពិព័ណ៌ទូរសព្ទ័ដៃនិងបច្ចេកវិទ្យាពិភពលោកនៅបាសេឡូណា ត្រូវលុបចោលដោយសារកូរ៉ូណាវីរុស

សមាជិក​គណកម្មការប្រតិបត្តិ​របស់ GSMA​ ធ្វើសន្និសីទកាសែត នៅ​ទីក្រុងបាសេឡូណា ថ្ងៃទី​១៣ កុម្ភៈ ២០២០​
សមាជិក​គណកម្មការប្រតិបត្តិ​របស់ GSMA​ ធ្វើសន្និសីទកាសែត នៅ​ទីក្រុងបាសេឡូណា ថ្ងៃទី​១៣ កុម្ភៈ ២០២០​ REUTERS/Albert Gea

ពិព័ណ៌ពិភពលោកប្រចាំឆ្នាំ​ នៃទូរស័ព្ទដៃនិងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដ៏ធំនិងល្បីបំផុត​ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ត្រូវគេសម្រេចលុប​ចោល មិនធ្វើវិញ ដោយសារតែមានការបារម្ភ ពីការឆ្លងមេរោគផ្លូវដង្ហើមកូរ៉ូណាវីរុស។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រមាណ​ជាង​៣០ក្រុមហ៊ុន បាន​សម្រេចចិត្ត មិនមកចូលរួមកម្មវិធី ដែលគ្រោងធ្វើចាប់ពីថ្ងៃទី​២៤កុម្ភៈនេះ ដោយសារតែគេភ័យបារម្ភ ពីសុខភាពរបស់​បុគ្គលិករបស់គេរៀងៗខ្លួន។

ផ្សាយពាណិជ្ជកម្ម

ពិព័ណ៌ទូរស័ព្ទដៃ និងប្រព័ន្ធបចេ្ចកវិទ្យា ពិភពលោក នៅក្រុងបាសេឡូណា MWC គឺជាការណាត់ជួបដ៏ធំ និងសំខាន់បំផុត ជារៀងរាល់ឆ្នាំ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនបណ្តាញ​ទូរគមនាគមន៍ទូទាំងពិភពលោក។ គឺក្នុងឱកាសនេះហើយ ដែលក្រុមហ៊ុនទាំងអស់​ តាំងបង្ហាញអួត ពីផលិតផល ក៏ដូចជា​បច្ចេកវិទ្យា​ថ្មីៗរបស់ខ្លួន។

សម្រាប់កម្មវិធីពិព័ណ៌ឆ្នាំ២០២០ ដែលគ្រោងធ្វើចន្លោះពីថ្ងៃទី​២៤ ដល់ ២៧កុម្ភៈ តាមការព្យាករណ៍ដំបូង គឺអាចមនុស្សចូលមកមើល ប្រមាណ១១ម៉ឺននាក់ ហើយក្នុងនោះ​អាចមានវត្តមានបុគ្គលិក ឬអ្នកជំនាញជនជាតិចិន ដល់ទៅ​៥០០០នាក់។ ឆ្លងកាត់ភាពស្ទាក់ស្ទើរអស់ជាច្រើនថ្ងៃ ទីបំផុតទៅ សមាគមGSMA ដែលជាអ្នកចាត់ចែងពិព័ណ៌នេះ បានសម្រេចលប់ចោលពិព័ណ៌ឆ្នាំ២០២០ ដោយសារ​បញ្ហាមេរោគកូរ៉ូណា។

អ្នករៀបចំ បានលើកឡើងថា ក្នុងចំនោមក្រុមហ៊ុន ដែលចុះឈ្មោះទាំង២៨០០ មានជាង៣០បានបញ្ជាក់ថា គេនឹងមិនមកចូលរួមទេ។ ក្រុមហ៊ុនទាំងជាង៣០នោះ សុទ្ធសឹង​តែ​ជាក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនពាណិជ្ជកម្ម​អនឡាញជប៉ុន Rakuten ក្រុមហ៊ុនទូរគមនាគមអាល្លឺម៉ង់ Deutsche Telecom ក្រុមហ៊ុន Nokia ក្រុមហ៊ុនVodafone ក្រុមហ៊ុន Intel Facebook Amazon ក្រុមហ៊ុនចិនVivo ក្រុមហ៊ុនកូរ៉េ LG និងក្រុមហ៊ុន Sony របស់ជប៉ុនជាដើម។ ដោយឡែក ក្រុមហ៊ុន​ Samsung និង Huawei  បានរក្សាការចូលរួមរបស់ខ្លួន ក៏ប៉ុន្តែដោយរៀបចំដាក់ចុះវិធានការសុខភាពយ៉ាងតឹងតែង ទៅលើបុគ្គលិកខ្លួន ដែលមកចូលរួម​ពិព័ណ៌នេះ។

គួរកត់សំគាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ទាំងអាជ្ញាធរអេស្ប៉ាញ ទាំងក្រុមអ្នករៀបចំពិធីតាំងពិព័ណ៌ បានព្យាយាមធានាអះអាង និងអំពាវនាវ កុំឲ្យមានការព្រួយបារម្ភជ្រុលហួសហេតុពេក ទាក់ទិននឹងករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ។ តែយ៉ាងណា ការប្រឹងប្រែងនេះ មិនបានលទ្ធផលទេ ដោយសារក្រុមហ៊ុនមួយចំនួនធំ បាន​សុខចិត្តមិនមកចូលរួម ដោយផ្តល់អាទិភាពដល់សុខភាពរបស់បុគ្គលិកជាចំបង។

គួរកត់សំគាល់ផងដែរថា ក្រៅពីពិព័ណ៌ទូរសព្ទ័ដៃ និងបច្ចេកវិទ្យាពិភពលោកនេះ នៅមានកម្មវិធីធំៗមួយចំនួនទៀត ដែលត្រូវបាន​លប់ចោល ព្យួរ ឬប្តូរកាលបរិច្ឆេទ ដោយសារ​តែមានការបារម្ភ ទាក់ទិននឹងមេរោគ​កូរ៉ូណា។ ក្នុងនោះមានកម្មវិធីប្រកួតកីឡា​ជា​លក្ខណៈ​អន្តរជាតិជាច្រើន ដែលគ្រោងធ្វើនៅប្រទេសចិន ត្រូវបានលុបចោល ឬប្តូរកាលបរិច្ឆេទ។ កម្មវិធី​ពិព័ណ៌ពាណិជ្ជកម្ម​អន្តរជាតិ​ជាច្រើន នៅ​ទីក្រុង​ធំៗរបស់ចិន ក៏ត្រូវលប់ចោលផងដែរ។ ដោយឡែក សម្រាប់កម្មវិធីកីឡាអូឡាំពិកទីក្រុងតូក្យ៉ូ ដែលត្រូវបើកទ្វារ ប្រមាណ​ជាង​៥ខែទៀត​នោះ ត្រូវបានគណៈកម្មការរៀបចំ អះអាង​ថានឹង​រក្សា​ការរៀបចំ​ដដែល មិនមានការលុបចោល ដូចពាក្យចចាមអារ៉ាម​​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ