អានតួអត្ថបទ
បារាំង-កូរ៉ូណាវីរុស

កូរ៉ូណាវីរុស៖ បារាំង​បញ្ជូន​យន្តហោះ​ទៅដឹក​ពលរដ្ឋខ្លួន ​ខណៈ​អ្នក​ផ្ទុកមេរោគ​នៅ​បារាំង​មាន​៥នាក់

ច្រកចូលមន្ទីរពេទ្យBichat ក្រុងប៉ារីស ដែល​​​មាន​អ្នក​ផ្ទុក​​មេរោគ​កូរ៉ូណាវីរុស​ប្រភេទថ្មី ​ចំនួន​​​៤នាក់។
ច្រកចូលមន្ទីរពេទ្យBichat ក្រុងប៉ារីស ដែល​​​មាន​អ្នក​ផ្ទុក​​មេរោគ​កូរ៉ូណាវីរុស​ប្រភេទថ្មី ​ចំនួន​​​៤នាក់។ REUTERS/Benoit Tessier

​ក្នុងរយៈពេលតែ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយកូរ៉ូណាវីរុសប្រភេទថ្មី ចំនួន​៣៧នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួន​អ្នកស្លាប់ ដោយសារ​មេរោគនេះ បានកើនដល់​១៧០​នាក់​។ គិតមកត្រឹមថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មករា​ ចំនួន​អ្នកឆ្លងមេរោគកូរ៉ូណាវីរុស បានកើនឡើងដល់ចំនួនប្រមាណ៧៨០០នាក់ នៅទូទាំងពិភពលោក​។ នៅបារាំង អាជ្ញាធរសុខាភិបាល​ទើបតែបាន​រកឃើញ អ្នកឆ្លងមេរោគនេះ ២នាក់ទៀត ដែលធ្វើឲ្យអ្នកឆ្លងនៅបារាំង មានចំនួនសរុប៥នាក់។ យន្តហោះពិសេសមួយរបស់បារាំង នឹងត្រូវ​ទៅដល់​ទីក្រុងវូហាន ដើម្បីដឹកប្រជាជនបារាំងប្រមាណ​២០០នាក់ ដែលនៅទីនោះ។

ផ្សាយពាណិជ្ជកម្ម

ករណីឆ្លងមេរោគកូរ៉ូណាវីរុសប្រទេសថ្មី នៅបារាំង បានកើនដល់ចំនួន​៥នាក់។ អាជ្ញាធរសុខាភិបាល​បារាំង បានបញ្ជាក់នៅល្ងាចថ្ងៃពុធ ទី២៩មករាថា អ្នកផ្ទុកមេរោគទី៤ គឺបុរសជនជាតិចិនអាយុ៨០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកពីចិន មកដល់បារាំង​នៅថ្ងៃទី​២៣មករា។ អ្នកជំងឺវ័យចំណាស់រូបនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផ្លូវដង្ហើមធ្ងន់ធ្ងរ។ រី​ឯអ្នកផ្ទុកមេរោគទី៥ ភេទស្រីអាយុ៥០ឆ្នាំ គឺជាកូនស្រីរបស់​អ្នកផ្ទុកមេរោគទី៤ ដែលបានធ្វើដំណើររួមគ្នា ​មកពីប្រទេសចិន។ បច្ចុប្បន្ន អ្នកផ្ទុកមេរោគទាំង២នាក់នេះ កំពុងស្ថិតក្នុងការតាមដាន ពីក្រុមអ្នកជំនាញវិជ្ជសាស្ត្រ នៅឯមន្ទីរពេទ្យBichat ក្រុងប៉ារីស។

សូមបញ្ជាក់ថា ទាក់ទិនអ្នកផ្ទុកមេរោគទាំង២នាក់ចុងក្រោយនេះ អាជ្ញាធរសុខាភិបាលបារាំង បានទទួលស្គាល់ថា ខ្លួនមានការយឺតយ៉ាវ ក្នុងការតាមដាន និងការធ្វើតេស្តរកមេរោគ។ អ្នកផ្ទុកមេរោគ​ទី៤ ​ដែលជាបុរសចំណាស់វ័យ៨០ឆ្នាំនេះ បានមកដល់បារាំងនៅថ្ងៃទី​២៣មករា ហើយបានទាក់ទងទៅសេវាពេទ្យបន្ទាន់ចំនួន២ដង ដោយសារតែខ្លួនមានអាការៈក្តៅខ្លួនខ្លាំង នៅថ្ងៃទី២៤មករា។ ក៏ប៉ុន្តែក្រុមគ្រូពេទ្យ មិនបាន​ធ្វើការវិនិច្ឆ័យ ថាបុរសនោះអាចមានផ្ទុកមេរោគកូរ៉ូណាវីរុសទេ ដោយសារតែគាត់ទើបតែធ្វើដំណើរ​មកពីចិនមែន តែឆ្ងាយពីក្រុងវូហាន ដល់ទៅ៤០០គីឡូម៉ែត្រ។ លុះរសៀលថ្ងៃទី២៩មករា បុរសចំណាស់រូបនេះ ត្រូវបានក្រុងគ្រួសារបញ្ជូនទៅសេវាសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីមានអាការៈដង្ហក់ផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ។

ដើម្បីបញ្ចៀសករណីរបៀបនេះទៀត លោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា មន្ត្រីជំនាញ​កំពុងតែជជែកគ្នា ឈានទៅ​ពង្រីកទំហំកត្តារួមផ្សំផ្សេងៗ ដើម្បីវិនិច្ឆ័យលើភាពប្រឈមនឹងការឆ្លងមេរោគកូរ៉ូណាវីរុស របស់មនុស្សម្នាក់ៗ និងដើម្បី​ឈានទៅ​​កំណត់អត្តសញ្ញាណអ្នកជំងឺ ហើយ​ទប់កុំឲ្យឆ្លងទៅអ្នកផ្សេង ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា យន្តហោះពិសេសមួយគ្រឿង ប្រភេទAirbus A340 Esterel Militaire អមដោយ​ក្រុមអ្នកជំនាញវិជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យជាង២០នាក់ កំពុងតែធ្វើដំណើរទៅដល់ទីក្រុងវូហាន ដើម្បី​ដឹក​យក​ប្រជាជនបារាំង ចំនួន​ជាង​​២០០នាក់។ នៅពេលមកដល់បារាំង មនុស្សទាំងនោះ នឹងត្រូវបញ្ជូនយកទៅស្នាក់នៅ​ទីតាំងបិទជិត​មួយ​កន្លែង ដើម្បី​តាមដានសុខភាព រយៈពេល១៤ថ្ងៃ។ លោកស្រីរដ្ឋមន្ត្រីអះអាងទៀតថា នៅថ្ងៃសុក្រ បារាំងគ្រោងបញ្ជូនយន្តហោះAirbus A380 មួយគ្រឿងទៀត ទៅដឹកប្រជាជនបារាំង និង​ប្រជាជនអឺរ៉ុបផ្សេងទៀត ដែលចង់សម្រេចចិត្តចាកចេញពីទីក្រុងវូហាន។ ក្នុងករណី ដែលនរណាម្នាក់​មាន​អាការៈជំងឺគួរឲ្យសង្ស័យ គេនឹងបញ្ជូនមកកាន់បារាំង តាមរយៈយន្តហោះពិសេសមួយដាច់ដោយឡែក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ