អានតួអត្ថបទ
អាកាសធាតុ-វេទិកាសេដ្ឋកិច្ចក្រុងដាវ៉ូស

Davos 2020៖ បញ្ហា​អាកាសធាតុ គឺជា​សំណុំរឿង​ស្នូល​ នៃ​ការ​ជជែក​ដេញដោល​

កញ្ញា Greta Thunberg និយាយនៅក្នុង​វេទិកា​​សេដ្ឋកិច្​ចពិភពលោក​ក្រុង​ដាវ៉ូស លើកទី៥០។ ក្រុងដាវ៉ូស ប្រទេសស្វ៊ីស ​ថ្ងៃទី​២១ មករា​ ២០២០​
កញ្ញា Greta Thunberg និយាយនៅក្នុង​វេទិកា​​សេដ្ឋកិច្​ចពិភពលោក​ក្រុង​ដាវ៉ូស លើកទី៥០។ ក្រុងដាវ៉ូស ប្រទេសស្វ៊ីស ​ថ្ងៃទី​២១ មករា​ ២០២០​ REUTERS/Denis Balibouse

នៅថ្ងៃទី២១ មករា វេទិកាសេដ្ឋកិច្ច​ពិភពលោក​​ក្រុងដាវ៉ូស ប្រទេសស្វីស លើកទី​៥០ ចាប់ផ្តើម​បើកទ្វារ ដោយមាន​​ការ​ចូលរួម​ពី​មេដឹកនាំ បណ្តា​ប្រទេស​សឹងតែ​ទាំងអស់​ ព្រមជាមួយ​​អគ្គនាយក​ក្រុមហ៊ុន ​ស្ថាប័ន​​ហិរញ្ញវត្ថុ​ធំៗ និង​បណ្តា​អង្គការ​អន្តរជាតិ​​ជាច្រើន​។ សម្រាប់លើកនេះ ​សំណុំ​រឿង​អាកាសធាតុ ​គឺជា​បញ្ហាស្នូល​ ដែលគេ​នឹង​លើក​មក​និយាយគ្នា ​ព្រោះ​បញ្ហានេះ ​ត្រូវគេ​ទទួលស្គាល់​កាន់តែ​ច្រើន​ឡើង​ ​ថាវាជះ​ឥទ្ធិពល​ដោយផ្ទាល់ ​មកលើ​សេដ្ឋកិច្ច​ពិភពលោក។ កញ្ញា គ្រីតា ធុនប៊ែក ដែលជាសកម្មជនបរិស្ថាន​វ័យ​​ក្មេង ដ៏​ល្បីឈ្មោះ ក៏ត្រូវ​បាន​គេអញ្ជើញ​ឲ្យចូលរួម​ ក្នុង​វេទិកា​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

បញ្ហា​​អាកាសធាតុ ភាព​អាសន្ន​នៃ​បញ្ហា​បរិស្ថាន​ពិភពលោក គឺជា​សំណុំ​រឿង​ចំបង នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្រុង​ដាវ៉ូស​លើក​ទី​​៥០​នេះ។ ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ថ្លែង​សន្ទរកថា ​បើកវេទិកា​នេះ​ នៅ​រសៀល​ថ្ងៃ​អង្គារ ​ទី​២១​មករា។ ខ្លឹមសារសន្ទរកថា របស់​ប្រធានាធិបតី​អាមេរិករូបនេះ ត្រូវបានគេផ្ទៀងត្រចៀក​ស្តាប់​យ៉ាងអន្ទះអន្ទែង ព្រោះថាលោកដូណាល់ ត្រាំ តាំងតែពីដើមរៀងមក មិនដែល​ទទួល​ស្គាល់​ទេ ថាបញ្ហាអាកាសធាតុ ឬ​ការ​កើនឡើង​កំដៅ​ផែនដី ​មាន​សារៈសំខាន់​ មកលើ​សេដ្ឋកិច្ច ​និង​អាយុជីវិត​មនុស្សជាតិ។

តើលោក លោកដូណាល់ ត្រាំ និងនាង​កញ្ញា​ គ្រីតា ធុនប៊ែក សកម្មជនបរិស្ថានវ័យក្មេង​ អាចនឹងជួប​និយាយ​គ្នា​ ក្នុង​ឱកាស​នេះ​ដែរឬទេ? កាល​ពីប៉ុន្មាន​សប្តាហ៍មុន ​លោក ដូណាល់ ត្រាំ​ បាន​បោះសម្តី​ឲ្យ​សកម្មជន​វ័យ​១៧​ឆ្នាំ​រូបនេះ​ ថាមិនបាច់​គិតគូ​​រឿង​បរិស្ថាន​អ្វីទេ ​យក​ពេល​ទៅ​មើល​កុន​ទៅ​ល្អ​ជាង។

សូមបញ្ជាក់ថា​ នៅក្នុង​​កម្មវិធី​វេទិកាសេដ្ឋកិច្ច​ក្រុង​ដាវ៉ូស​លើកនេះ ​កញ្ញាគ្រីតា ធុនប៊ែក ​នឹង​​ចូលរួម​សម្តែង​​យោបល់​នៅក្នុង​កិច្ច​ប្រជុំ​តុមូល​មួយ ​មុន​នឹង​ថ្លែង​សន្ទរកថា​​ បើក​សន្និសីទ​មួយវគ្គ​ ក្រោម​ប្រធាន​បទ​ “តើត្រូវ​ធ្វើ​ដូចម្តេច ​ដើម្បី​ចៀសផុត ​ពី​មហន្តរាយ​អាកាសធាតុ​ពិភពលោក?” ។ តាមការរំពឹងទុក​ នាង​គ្រីតា ធុនប៊ែក ​នឹង​យក​ឱកាស​នេះ ​ទាញ​សញ្ញាអាសន្ន​ រន្ធាន់​ឲ្យ​មេដឹកនាំ​ពិភពលោក ​ក៏ដូច​ជា​បណ្តា​ក្រុមហ៊ុន​ទាំងអស់​​ ឲ្យ​បើកភ្នែក​មើល​ភាព​អាសន្ន​ ហើយ​រួសរាន់​រក​វិធី​ទប់ស្កាត់​ការ​កើនឡើង​កំដៅ​ផែនដី។

គួរកត់​សំគាល់​ថា ​ផ្អែក​លើ​ការ​អង្កេត​មួយ ​របស់​អគ្គលេខាធិការដ្ឋាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​គឺ​បណ្តា​ថ្នាក់ដឹកនាំ​នយោបាយ ​និង​សេដ្ឋកិច្ច​ ពិភពលោក​ប្រមាណ​​៧៥០នាក់ ​បាន​ទទួល​ស្គាល់​ថា ​វិបត្តិ​បរិស្ថាន​​ គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ ​ការ​ហិនហោច​ធនធាន​ធម្មជាតិ ​និង​ប្រព័ន្ធ​ជីវៈចម្រុះ ​គឺជា​​បញ្ហា​បន្ទាន់​ ដែល​ពិភពលោក​យើង​កំពុង​ប្រឈម។ របាយការណ៍​ដដែល​សន្និដ្ឋានថា ​ជាងពាក់​កណ្តាល​​នៃ​សេដ្ឋកិច្ច​ពិភពលោក ​គឺ​រំពឹង​ទាំងស្រុង ​ទៅនឹង​ធម្មជាតិ ​និង​ប្រព័ន្ធ​ជីវៈចម្រុះ។

លោក Chris Williamson អ្នកជំនាញ​សេដ្ឋកិច្ច​របស់ ​IHS Markit ​បាន​លើកឡើង​ថា មាន​មេដឹកនាំ​ខ្លះ​ បានមើលស្រាល​បញ្ហា​អាកាសធាតុ​នេះ ក៏​ប៉ុន្តែ​លោក​សង្ឃឹមថា វេទិកាសេដ្ឋកិច្ច​នៅ​ដាវ៉ូស​ នឹង​ជួយ​ជំរុញ ឲ្យ​ពួកគេ​ភ្លឺភ្នែក។ ដោយឡែក​ អង្គការ Oxfam ​ដែលមាន​វត្តមាន​​នៅក្នុង​វេទិកា​នេះដែរ បាន​​រន្ធាន់​ឲ្យ​ប្រព័ន្ធ​សេដ្ឋកិច្ច​សកលលោក ​រកវិធី​ដោះស្រាយ​គម្លាត រវាង​អ្នកមាន​និង​អ្នកក្រ ​ព្រោះថា​ជនរងគ្រោះ​នៃ​បម្រែ​បម្រួល​អាកាសធាតុ​ ដំបូងគេ​បង្អស់​ គឺ​ប្រជាជន​ក្រីក្រ។ យោង​តាម​អង្គការនេះ​ មហាសេដ្ឋី​ចំនួន​​​​២១៥៣​នាក់ ​មាន​ទ្រព្យសម្បត្តិ ​លើស​ប្រជាជន​ពិភពលោក​ ដល់ទៅ​៦០%​បញ្ចូលគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ