អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អនាគតសំណុំរឿង Brexit កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស?

សំឡេង ០៥:២១
អនាគតសំណុំរឿង Brexit កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស?
អនាគតសំណុំរឿង Brexit កំពុងស្ថិតក្នុងការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេស? REUTERS/Henry Nicholls

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ ប្រជាជន​អង់គ្លេស​បាន​ចូល​រួម​បោះឆ្នោត​សភា​មុនកាល​កំណត់​ដើម្បី​ជ្រើសរើស​អ្នកតំណាងរាស្រ្ត​ថ្មី​ចំនួន ៦៥០រូប។ នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​ជា​អ្នក​កោះ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ពេល​នេះ បន្ទាប់​ពី​គណបក្ស​អភិរក្សនិយម​របស់​លោក​បាន​បាត់បង់​សម្លេង​ភាគ​ច្រើន​នៅ​ក្នុង​សភា។ Brexit ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប្រធានបទ​ស្នូល​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ។ តាម​លទ្ធផល​ស្ទង់​មតិ មាន​គណបក្ស​ធំ​ចំនួន​ពីរ​កំពុង​ស្ថិត​ប្រកៀក​គ្នា គឺ​គណបក្សអភិរក្សនិយម​របស់​លោក​បូរីស ចនសុន​ដែល​គាំទ្រ Brexit និង​គណបក្សប្រឆាំង គឺ​គណបក្សពលករ​លោក​យេរេមី ករប៊ីន​ដែល​ប្រឆាំង​នឹង Brexit។

ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ថា ការ​បោះឆ្នោត​សភា​អង់គ្លេស​ពេល​នេះ​ជា​ការ​កំណត់​អនាគត Brexit ហើយ​អនាគត Brexit ទៅ​ជា​យ៉ាង​ណា គឺ​វា​អាស្រ័យ​លើ​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​អង់គ្លេស​ពេល​នេះ។ សម្រាប់​នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​ដែល​ជា​សកម្មជន​គាំទ្រ Brexit តាំង​ពី​ដំបូង និង​ចង់​ឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ឲ្យ​បាន​ឆាប់ ពិសេស​ទៅ​តាម​ពេល​វេលា​កំណត់​នៅ​ថ្ងៃទី៣១ មករា ឆ្នាំ ២០២០ លោក​ត្រូវ​ការ​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​ដើម្បី​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង Brexit ដែល​លោក​បាន​ចរចា​ឡើង​វិញ​ជាមួយ​អឺរ៉ុប។ គួរ​រម្លឹក​ថា ថ្ងៃ​ចាកចេញ​ជា​ផ្លូវការ​រវាង​អឺរ៉ុប និង​អង់គ្លេស​ត្រូវ​បាន​លើក​ពេល​ចំនួន ៣ដង ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ថ្ងៃទី៣១ មករា ឆ្នាំ ២០២០ ជា​ថ្ងៃ​ចេញ​ពិត​ប្រាកដ​មែន ឬ​មួយ​ក៏​អាច​លើក​ពេល​បន្ថែម​ទៀត។

លោក​បូរីស ចនសុន​សង្ឃឹម​ថា លោក​អាច​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​ឡើង​វិញ​នៅ​ក្នុង​សភា​នា​ការ​បោះឆ្នោត​ពេល​នេះ។ គួរ​រម្លឹក​ថា លោក​ចនសុន​បាន​បាត់បង់​សម្លេង​ភាគច្រើន បន្ទាប់​ពី​គណបក្សដៃគូ​តូច​មួយ​ឈ្មោះ DUP និង​គណបក្ស​អភិរក្សនិយម​របស់​លោក​មិន​ចុះ​សម្រុង​គ្នា​លើ​ទម្រង់ Brexit ដែល​លោក​បាន​ចរចា​ឡើង​វិញ​ជាមួយ​អឺរ៉ុប។ « ផ្តល់​សម្លេងភាគច្រើន​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​ដែល​យើង​បាន​ចាប់​ផ្តើម កិច្ចការ​ដែល​អស់លោក​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​កាល​ពី ៣ឆ្នាំ​កន្លះ​មុន » នេះ​ជា​ការ​ថ្លែង​របស់​លោក​ចនសុន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

គូរប្រជែង​របស់​លោក​ចនសុន គឺ​លោក​យេរេមី ករប៊ីន​ដែល​ជា​ប្រធាន​គណបក្សពលករ។ ខុស​ពី​លោក​ចនសុន លោក​ករប៊ីន​បាន​សន្យា​ធ្វើ​កំណែទម្រង់ និង​ការ​ផ្លាស់ប្តូរ​ជា​ទូទៅ​មួយ​នៅ​អង់គ្លេស បើ​គណបក្សពលករ​ជាប់ឆ្នោត។ ទាក់ទង​នឹង​សំណុំរឿង Brexit ដែល​លោក និង​គណបក្សពលករ​តែង​បោះឆ្នោត​ប្រឆាំង​តាំង​ពី​ជំនាន់​នាយករដ្ឋមន្រ្តី​លោកស្រី​តេរ៉េហ្សា មេ​មក​ដល់​លោក​បូរីស ចនសុន លោក​ករប៊ីន​បាន​សន្យា​បើក​ការ​ចរចា​ជាមួយ​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​លែងលះ​ថ្មី​មួយ​ដែល​គិតគូរ​ច្រើន​ដល់​សិទ្ធិពលករ។

សេណារីយ៉ូ​នៅ​ក្រោយ​ការ​បោះឆ្នោត

មាន​ការ​លើក​ឡើង​នូវ​សេណារីយ៉ូ​ចំនួន ៣ ទី១ គណបក្សអភិរក្សនិយម​របស់​លោក​បូរីស ចនសុន​ឈ្នះ​ឆ្នោត​ជាមួយ​នឹង​សម្លេង​ភាគច្រើន​លើសលប់​ដោយ​មិន​ត្រូវ​ការ​ចូលរួម​ពី​គណបក្ស​សម្ព័ន្ធមិត្ត​តូចតាច ទី២ គណបក្សពលករ​របស់​លោក​យេរេមី ករប៊ីន​ឈ្នះ​ឆ្នោត​ដោយ​ទទួល​បាន​សម្លេង​ភាគច្រើន​លើសលប់ និង​មិន​ត្រូវ​ការ​សម្លេង​ពី​គណបក្ស​សម្ព័ន្ធមិត្ត​តូចតាច និង​សេណារីយ៉ូ​ទី៣ លោក​ចនសុន ឬ​លោក​ករប៊ីន​គ្មាន​សម្លេង​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​តែ​ម្នាក់​ឯង។ នៅ​ក្នុង​សេណារីយ៉ូ​ទី១ ដែល​គណបក្សអភិរក្សនិយម​ឈ្នះ​ដាច់ លោក​ចនសុន​នឹង​មាន​សម្លេង​គ្រប់គ្រាន់​ពី​សមាជិកសភា​ដើម្បី​បោះឆ្នោត​ទទួល​យក​កិច្ចព្រមព្រៀង Brexit ដែល​លោក​បាន​ចរចា​ឡើង​វិញ​ជាមួយ​អឺរ៉ុប។

នៅ​ក្នុង​ករណី​នេះ ការ​លែងលះ​ជា​ផ្លូវការ​រវាង​អង់គ្លេស និង​អឺរ៉ុប​ដែល​កំណត់​យក​ថ្ងៃទី៣១ មករា​នឹង​មាន​ដំណើរការ​ដោយ​គ្មាន​ការ​លើក​ពេល​ជា​ថ្មី។ តែ​នេះ​មិនមែន​មាន​ន័យ​ថា នីតិវិធី​លែងលះ​ត្រូវ​ចប់​ត្រឹម​នេះ​ដែរ ព្រោះ​វា​ជា​ការ​បោះ​មួយ​ជំហាន​ចូល​ក្នុង​រយៈពេល​អន្តរកាល​រហូត​ដល់​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០​ដែល​​អឺរ៉ុប និង​អង់គ្លេស​ត្រូវ​បន្ត​ចរចា​លើ​អនាគត​ទំនាក់ទំនង​រវាង​គ្នា។ បើ​តាម​មើល​ទៅ កិច្ចចរចា​ប្រភេទ​នេះ​ក៏​មិន​ច្បាស់​នឹង​ចប់​សព្វគ្រប់​នៅ​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០ ទេ។ ចំណែក​នៅ​ក្នុង​សេណារីយ៉ូ​ទី២ ដែល​គណបក្សពលករ​ទទួល​បាន​សម្លេង​ភាគច្រើន​លើសលប់ លោក​ករប៊ីន​បាន​សន្យា​ចរចា​ឡើង​វិញ​លើ Brexit ជាមួយ​អឺរ៉ុប និង​ដាក់​លទ្ធផល​ចរចា​នេះ​ទៅ​ឲ្យ​ប្រជាជន​អង់គ្លេស​បោះឆ្នោត។ តែ​សម្រាប់​ថ្នាក់ដឹកនាំ​បក្សពលករ​ផ្សេង រួម​ទាំង​គណបក្ស​តូចតាច​មួយ​ចំនួន​មិន​ចង់​ឲ្យ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប។

សេណារីយ៉ូ​ចុង​ក្រោយ​គឺ​លោក​ចនសុន និង​លោក​ករប៊ីន​គ្មាន​សម្លេង​ភាគច្រើន​ដាច់ខាត​នៅ​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​បាន។ ក្នុង​ករណី​នេះ លោក​ចនសុន ឬ​លោក​ករប៊ីន​ត្រូវ​ងាក​ទៅ​ចងសម្ព័ន្ធ​ជាមួយ​គណបក្សដៃគូ​តូចតាច​ដើម្បី​ទទួល​បាន​សម្លេង​ភាគច្រើន។ ករណី​នេះ​ធ្លាប់​បាន​កើត​មាន​ចំពោះ​អតីត​នាយករដ្ឋមន្រ្តី​លោកស្រី​តេរេហ្សា មេ​ដោយ​លោកស្រី​ទៅ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​គណបក្ស DUP។ តែ​លើក​នេះ គណបក្ស DUP បាន​ចេញ​មុខ​ប្រឆាំង​នឹង Brexit ដែល​លោក​ចនសុន​បាន​ចរចា​ឡើង​វិញ​ជាមួយ​អឺរ៉ុប។ អ៊ីចឹង​សួរ​ថា តើ​គណបក្ស DUP ច្បាស់​ជា​ទៅ​ចូលរួម​ជាមួយ​លោក​ករប៊ីន​ឬ​អត់?។ ចម្លើយ​គឺ​អត់​ច្បាស់។ ចុះ​តើ​សំណុំរឿង Brexit អាច​នឹង​ចេញ​រួច​តាម​រយៈ​ការ​បោះឆ្នោត​ដូច​ដែល​លោក​ចនសុន​សង្ឃឹម​ទុក​ដែរ​ឬ​ទេ?។ ចម្លើយ​ចំពោះ​សំណួរ​នេះ​ក៏​មិន​ច្បាស់​ដែរ៕

(ព័ត៌មាន​ស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ