អានតួអត្ថបទ
អឺរ៉ុប-មជ្ឈិមបូព៌ា-លីប៊ី

អឺរ៉ុបព្រួយបារម្ភពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា និងនៅលីប៊ី

ពីឆ្វេង​ទៅ​ស្តាំ ប្រមុខការទូតអឺរ៉ុប ​បារាំង អាល្លឺម៉ង់ អង់គ្លេស និង​​អ៊ីតាលី ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ថ្ងៃទី៧ មករា ២០២០
ពីឆ្វេង​ទៅ​ស្តាំ ប្រមុខការទូតអឺរ៉ុប ​បារាំង អាល្លឺម៉ង់ អង់គ្លេស និង​​អ៊ីតាលី ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ថ្ងៃទី៧ មករា ២០២០ Reuters

នៅ​ថ្ងៃ​អង្គារ ទី៧ មករា ប្រមុខ​ការទូត​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​អង់គ្លេស​បាន​រួមប្រជុំ​បន្ទាន់​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​លីប៊ី និង​សំណុំរឿង​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់។ ភាព​តានតឹង​ដែល​កំពុង​កើន​ខ្លាំង ក្រោយ​ពី​អាមេរិក​បាន​បាញ់​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​ក្នុង​ទីកដី​អ៊ីរ៉ាក់​កាល​ពី ៤ថ្ងៃ​មុន។ ដោយឡែក ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ព្យួរ​បេសកកម្ម​ហ្វឹកហ្វឺន​ទ័ពអ៊ីរ៉ាក់​ជា​បណ្តោះអាន្ន។

ផ្សាយពាណិជ្ជកម្ម

វិបត្តិ​សន្តិសុខ​នៅ​លីប៊ី​ត្រូវ​បាន​កិច្ចប្រជុំ​លើក​យក​ទៅ​និយាយ​មុន​គេ​ដោយ​ចាប់​អារម្មណ៍​ខ្លាំង​ពី​កម្លាំង​របស់​សេនាប្រមុខ​ខាលីហ្វា ហាវតារ​ដែល​កំពុង​គ្រប់គ្រង​តំបន់​ប៉ែក​ខាង​កើត និង​អន្តរាគមន៍​ផ្លូវយោធា​របស់​ប្រទេស​តួកគី​ទៅ​គាំទ្រ​រដ្ឋាភិបាល​សហភាពជាតិ​របស់​លោក​នាយករដ្ឋមន្រ្តី​ហ្វាយេ អាល់សារ៉ា​នៅ​តំបន់​ប៉ែកខាងលិច​ដែល​ទទួល​ស្គាល់​ដោយ​អង្គការសហប្រជាជាតិ។ តែ​កម្លាំង​របស់​សេនាប្រមុខ​ហាវតារ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ពិសេស​ពី​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និង​អេមីរ៉ាតអារ៉ាប់រួម។ « លីប៊ី​បាន​ក្លាយ​ជា​កន្លែង​មួយ​ដែល​ក្រុម​មហាអំណាច​ដទៃ​កំពុង​ធ្វើ​សង្រ្គាម​ប្រជែង​គ្នា ហើយ​យើង​មិន​អាច​ទទួល​យក​បាន​ឡើយ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស់។

អ្វី​ដែល​អឺរ៉ុប​ព្រួយបារម្ភ​ខ្លាំង គឺ​អន្តរាគមន៍​យោធា​របស់​តួកគី​ទៅ​គាំទ្រ​រដ្ឋាភិបាល​សហភាពជាតិ​លីប៊ី​របស់​លោក​ហ្វាយេ អាល់សារ៉ា​ដែល​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​លីប៊ី​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។ ទាក់ទង​នឹង​កំណើន​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ អឺរ៉ុប​បារម្ភ​ពី​ផលវិបាក​ដែល​អាច​នឹង​កើត​ចេញ​ពី​ការ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​ក្នុង​ទីកដី​អ៊ីរ៉ាក់​ដោយ​ដ្រូនអាមេរិក​កាល​ពី ៤ថ្ងៃ​មុន។ គួរ​រម្លឹក​ថា បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ តែ​ក្នុង​ឆ្នាំ ២០១៨ រដ្ឋបាល​អាមេរិក​បាន​ដក​ខ្លួន​ចេញ​វិញ និង​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់។ នេះ​ជា​ចំណុច​ផ្តើម​ថ្មី​នៃ​វិបត្តិ​រវាង​ក្រុង​តេហេរ៉ង់ និង​ក្រុង​វ៉ាស៊ីនតោន។

ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៥ មករា អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​លើក​ចេញ​វិញ​នូវ​កម្រិត​ចំនួន​ឧបករណ៍​ចម្រើន​ធាតុអ៊ុយរ៉ាញ៉ូម​ដូច​ដែល​កិច្ចព្រមព្រៀង​បាន​តម្រូវ។ « ជា​ការ​សម្រេចកិច្ច​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់ » នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខការទូត​អឺរ៉ុប​លោក Josep Borrell ក្នុង​ថ្ងៃ​ចន្ទ ទី៦ មករា។ « យើង​បន្ត​គិត​ថា ជា​កិច្ចព្រមព្រៀង​មួយ​សំខាន់​ដែល​នឹង​រារាំង​អ៊ីរ៉ង់​កុំ​ឲ្យ​មាន​គ្រាប់បែក​បរមាណូ » នេះ​ជា​ការ​បញ្ជាក់​របស់​ប្រមុខ​ការទូត​អាល្លឺម៉ង់​លោក​ហៃកូ ម៉ាស់​ក្នុង​ថ្ងៃ​អង្គារ ទី៧ មករា។ ដោយឡែក ប្រមុខ​អង្គការ​អូតង់​លោក Jens Stoltenberg ដែល​បាន​ស្នើ​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ចន្ទ ទី៦ មករា​ឲ្យ​ចៀសវាង​អំពើហិង្សា និង​ការ​បង្កហេតុ​ថែម​ទៀត​បាន​បញ្ជាក់​ជា​ថ្មី​ក្នុង​ថ្ងៃ​អង្គារ ទី៧ មករា​ថា អូតង់​សម្រេច​ព្យួរ​បេសកកម្ម​ហ្វឹកហ្វឺន​កម្លាំងទ័ព​អ៊ីរ៉ាក់។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ លោក Stoltenberg បាន​ធានា​ថា ការ​ព្យួរ​នេះ​គ្រាន់​ជា​បណ្តោះអាសន្ន ហើយ​បេសកកម្ម​នេះ​នឹង​ផ្តើម​ជា​ថ្មី​នៅ​ពេល​ស្ថានការណ៍​អនុគ្រោះ​ឲ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ