អានតួអត្ថបទ
អង់គ្លេស-Brexit

អង់គ្លេស៖សភាបានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀង Brexit ដែលលោកបូរីស ចនសុនបានចរចាជាមួយអឺរ៉ុប

សភាអង់គ្លេស​បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀង Brexit ដែលលោកបូរីស ចនសុនបានចរចាជាមួយអឺរ៉ុប
សភាអង់គ្លេស​បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀង Brexit ដែលលោកបូរីស ចនសុនបានចរចាជាមួយអឺរ៉ុប UK Parliament/Jessica Taylor

នៅ​ក្នុង​ប្រទេស​អង់គ្លេស សភា​បាន​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង Brexit ដែល​នាយករដ្ឋមន្រ្តី​លោក​បូរីស ចនសុន​បាន​ចរចា​ជាមួយ​អឺរ៉ុប​កាល​ពី​រដូវស្លឹកឈើជ្រុះ​កន្លង​មក។ ជាមួយ​នឹង​ការ​ផ្តល់​ភ្លើងខៀវ​ពី​សភា​ពេល​នេះ អង់គ្លេស​នឹង​អាច​ចាកចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣១ មករា​ខាង​មុខ។ តែ​មុន​ឈាន​ដល់​គោលដៅ​មួយ​នេះ កិច្ចព្រមព្រៀ​ដដែល​នេះ​ត្រូវ​ទទួល​បាន​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា និង​ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​ពី​ព្រះមហាក្សត្រិយានី​ជា​មុន​សិន។ បន្ទាប់​មក ជា​តួនាទី​របស់​សភា​អឺរ៉ុប​ដែល​ត្រូវ​ឲ្យ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​មួយ​នេះ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​មាន​ភាព​សម្រូងចម្រាស​អស់​រយៈពេល ៣ឆ្នាំ​កន្លះ​មក សំណុំរឿង Brexit រវាង​ប្រទេស​អង់គ្លេស និង​សហភាព​អឺរ៉ុប​ហាក់​បាន​ឈាន​ដល់​គោលដៅ​របស់​វា​ហើយ។ កិច្ចព្រមព្រៀង Brexit កម្រាស់ ៥៣៥ទំព័រ​ដែល​នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ចរចា​ជាមួយ​អឺរ៉ុប​ក្នុង​រដូវស្លឹកឈើជ្រុះ​កន្លង​មក​ទទួល​បាន​សម្លេង​គាំទ្រ​លើសលប់​ពី​សភា​ជាមួយ​នឹង​សម្លេង​គាំទ្រ​ចំនួន ៣៣០សម្លេង​ទល់​នឹង​សម្លេង​ប្រឆាំង​ចំនួន ២៣១សម្លេង។ បន្ទាប់​ពី​សភា កិច្ចព្រមព្រៀង​ដដែល​នេះ​ក៏​ត្រូវ​មាន​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា និង​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ពី​ព្រះមហាក្សត្រិយានី​ដែរ។ តែ​នេះ​គ្រាន់​ជា​នីតិវិធី​ផ្លូវការ​ប៉ុណ្ណោះ។ បន្ទាប់​មក​ទៀត ជា​តួនាទី​របស់​សភា​អឺរ៉ុប​ដែល​ត្រូវ​ឲ្យ​សច្ចាប័ន។

បើ​អ្វីៗ​មាន​ដំណើរ​ដោយ​រលូន អង់គ្លេស​នឹង​ត្រូវ​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣១ មករា។ « វា​ដល់​ពេល​ដែល​ត្រូវ​បោះ​ជំហាន​ទៅ​មុខ » នេះ​ជា​ការ​បញ្ជាក់​របស់​រដ្ឋមន្រ្តី​អង់គ្លេស​ទទួល​បន្ទុក​សំណុំរឿង Brexit លោក Steve Barclay។ តាម​លោក Steve កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​ធានា​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប ផ្តល់​ភាព​ច្បាស់លាស់​ដល់​សហគ្រាស និង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​អង់គ្លេស ព្រម​ទាំង​ធានា​ថា អង់គ្លេស​នឹង​យក​លុយ ព្រំដែន ច្បាប់ និង​នយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​មក​គ្រប់គ្រង​ក្នុង​ដៃ​វិញ។ គួរ​រម្លឹក​ថា តាំង​ពី​ឆ្នាំ ២០១៦ ដែល​ពលរដ្ឋ​អង់គ្លេស​បាន​បោះឆ្នោត​ឲ្យ​អង់គ្លេស​លែងលះ​ពី​អឺរ៉ុប។ តែ​នីតិវិធី​លែងលះ​មួយ​នេះ​បាន​ប្រទាញប្រទង់ និង​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។

៣ឆ្នាំ​កន្លះ​ក្រោយ​មក Brexit ហាក់​សម្លឹង​ឃើញ​ផ្លូវ​ចាកចេញ​ជា​ផ្លូវការ​របស់​ខ្លួន​ហើយ តែ​នេះ​មិនមែន​មាន​ន័យ​ថា អ្វីៗ​នឹង​ត្រូវ​ចប់​ត្រឹម​ថ្ងៃទី៣១ មករា​នៅ​ម៉ោង ១១យប់​ខាង​មុខ​ទេ។ នៅ​ក្រោយ​ថ្ងៃទី៣១ មករា កិច្ចព្រមព្រៀង​បាន​គ្រោង​រយៈពេល​អន្តរកាល​មួយ​រហូត​ដល់​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០។ ក្នុង​រយៈពេល​នេះ អង់គ្លេស​បន្ត​អនុវត្តន៍​ច្បាប់ និង​ទទួល​ប្រយោជន៍​របស់​សហភាពអឺរ៉ុប រួម​ទាំង​បន្ត​ផ្តល់​វិភាគ​ឲ្យ​សហភាពអឺរ៉ុប។ តែ​មិន​អាច​បន្ត​មាន​អសនៈ​នៅ​សភាអឺរ៉ុប និង​ការ​ចូលរួម​បោះឆ្នោត​អ្វី​ទេ។ ក្នុង​រយៈពេល​អន្តរកាល​ដដែល​នេះ អង់គ្លេស និង​អឺរ៉ុប​នឹង​បន្ត​ជជែក​គ្នា​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ស្តីពី​សន្តិសុខ ស្តីពី​ការ​ដោះដូរ​សេរី ឬ​ស្តីពី​ទំនាក់ទំនង​អនាគត​រវាង​គ្នា។ តាម​ធម្មតា រយៈពេល​អន្តរកាល​នេះ​អាច​ពន្យារ​បាន​មួយ​ដង​គត់។ តែ​លោក​បូរីស ចនស៊ុន​បាន​បញ្ជាក់​ពី​ការ​មិន​ពន្យារ​ពេល​លើស​ពី​ថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០២០ នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ