អានតួអត្ថបទ
អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់​ព្រមាន​ភាគី​អឺរ៉ុប ដែល​កំពុង​ដាក់គំនាប​ឲ្យ​អ៊ីរ៉ង់​ត្រូវ​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ

រោងចក្រ​នុយក្លេអ៊ែរ​ Arak ដែល​ដំណើរការ​ដោយម៉ាស៊ីនប្រតិករ​ទឹកធ្ងន់, នៅថ្ងៃទី​២៣​ធ្នូ ២០១៩
រោងចក្រ​នុយក្លេអ៊ែរ​ Arak ដែល​ដំណើរការ​ដោយម៉ាស៊ីនប្រតិករ​ទឹកធ្ងន់, នៅថ្ងៃទី​២៣​ធ្នូ ២០១៩ ©WANA (West Asia News Agency) via REUTERS

ភាគី អឺរ៉ុប និង​អ៊ីរ៉ង់​បាន​ប៉ះទង្គិច​សំដី​គ្នា​សាជាថ្មី កាលពី​ថ្ងៃ បន្ទាប់​ពី ប្រទេស​នៅ​អឺរ៉ុប ដូចជា បារាំង អាល្លឺម៉ង់ និង​អង់គ្លេស​ដែល​សុទ្ធ​ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ អ៊ីរ៉ង់ បាន​ចាប់អនុវត្ត​ជា​ផ្លូវការ យន្តការ ដោះស្រាយ​វិវាទ ជាមួយ អ៊ីរ៉ង់ ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥។ ពោល គឺ អ៊ីរ៉ង់​នឹង​អាច​ត្រលប់​ទៅ​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច សាជាថ្មី របស់​អង្គការសហប្រជាជាតិ បើសិន​ភាគី​ជម្លោះ មិនអាច​ចរចា ចុះសម្រុង​គ្នាទេ​នោះ។ ក្រសួងការបរទេស​អ៊ីរ៉ង់ បានរិះគន់ និង​ព្រមាន​ភាគី​អឺរ៉ុប ពី​ផលវិបាក ធ្ងន់ធ្ងរ។ 

ផ្សាយពាណិជ្ជកម្ម

បារាំង អាល្លឺម៉ង់ និង​អង់គ្លេស ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ បាន​សម្រេច បើកជា​ផ្លូវការ​យន្តការ​ដោះស្រាយ​វិវាទ ក្នុង​ករណី​មាន​ការរំលោភ​កិច្ចព្រមព្រៀង​ពីភាគី​អ៊ីរ៉ង់។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ការបរទេស​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​ប្រកាស​ថា យោង​ទៅតាម​វិធានការ​ចុងក្រោយ​របស់​អ៊ីរ៉ង់ ភាគី​ហត្ថលេខី​អឺរ៉ុប គ្មាន​ជម្រើស​អ្វី​ផ្សេងទៀតនោះទេ។

កាលពី​ថ្ងៃ​ទី ៥ មករា​កន្លងទៅ ពោល គឺ​នៅ​មួយថ្ងៃ យន្តហោះ​ដ្រូនអាមេរិក បាញ់សម្លាប់​មេទ័ព​អ៊ីរ៉ង់ លោក​កាសេម សូឡីម៉ានី នៅ​ទឹកដី​អ៊ីរ៉ាក់ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ប្រកាស​លែង​គោរព​កិច្ចសន្យា​មួយ​កម្រិតទៀត ដែលមាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដើម្បី ជា​ការសងសឹក​នឹង​អាមេរិក ដែល​បានដកខ្លួន​ពីកិច្ចព្រមព្រៀង​ជា​ឯកតោភាគី និង​ត្រលប់​ដាក់ទណ្ឌកម្ម ច្របាច់ក សេដ្ឋកិច្ច​អ៊ីរ៉ង់។

អ៊ីរ៉ង់​ដែល​ធ្លាប់​ចោទប្រកាន់​ភាគី​អឺរ៉ុប ថា អសមត្ថភាព មិនអាច​ជួយ​អ៊ីរ៉ង់ ពីការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក បាន​ក្រឡាស់ ដោះដៃ​បន្តិចម្តងៗ​ពី​កិច្ចសន្យា នៅក្នុង​កិច្ចព្រមព្រៀង។ នៅដើម​ខែ មករា អ៊ីរ៉ង់​បាន​សម្រេច ឈប់​កំណត់​ចំនួន ម៉ាស៊ីន​ចម្រើន​សារធាតុ​អ៊ុយរ៉ាញ៉ូម ទៅតាម​កិច្ចព្រមព្រៀង។ ការណ៍នេះ​បាន​ធ្វើ​ឲ្យ​ភាគី​អឺរ៉ុប ប្រតិកម្ម​រិះគន់ និង​បាន​គំរាម​រួចហើយ ពីការអនុវត្ត​យន្តការ​ដោះស្រាយ​វិវាទ​ជាមួយ អ៊ីរ៉ង់។ កាលពី​ខែ​ធ្នូ កន្លង​ទៅ នៅ​លិខិត​ផ្ញើ​ទៅកាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ភាគី​អឺរ៉ុប​ធ្លាប់​ចោទប្រកាន់​អ៊ីរ៉ង់​ថា បានអភិវឌ្ឍ​មីស៊ីល ដែល​មាន​សមត្ថភាព ពាំនាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​កាលពី​ថ្ងៃ​អង្គារ ភាគី​អឺរ៉ុប​បញ្ជាក់ថា ខ្លួន​ចាប់បើក​យន្តការ​ដោះស្រាយ​វិវាទ ជាមួយ អ៊ីរ៉ង់ ក្នុងក្តី​សង្ឃឹម ចង់​ឲ្យ​អ៊ីរ៉ង់ ឲ្យ​ត្រលប់​មក​គោរព​កិច្ចព្រមព្រៀង ពោល​គឺ​គ្មាន​ចេតនា​ចង់​សម្លាប់​កិច្ចព្រមព្រៀង ឆ្នាំ ២០១៥​នោះទេ។ ភាគី​អឺរ៉ុប​បញ្ជាក់ដែរថា ដោយ​អនុវត្ត​យន្តការ​ដោះស្រាយ​វិវាទ ជាមួយ​អ៊ីរ៉ង់ គេ​គ្មានចេតនា​ចង់​ចូលរួម​ក្នុង​យុទ្ធនាការ​ដាក់សម្ពាធ​ខ្លាំងៗ​លើ​អ៊ីរ៉ង់ ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​អ៊ីរ៉ង់​កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច និង​បាតុកម្ម​របស់​មហាជន នៅក្រោយ​ហេតុការណ៍​បាញ់ទម្លាក់​យន្តហោះ​អ៊ុយក្រែន។

នៅត្រង់ចំណុចនេះ ភាគី​អឺរ៉ុប​ចង់​បង្ហាញ​ថា ខ្លួន នឹង​មិន​ធ្វើតាម​ការទាមទារ​របស់​អាមេរិក ដែល​ចង់​ឲ្យ​ភាគី​អឺរ៉ុប​ដើរចេញ ពីកិច្ចព្រមព្រៀង និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដូច​អាមេរិក។

ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ចេញមុខ​ព្រមាន​ភាគី​អឺរ៉ុប​ពីផលវិបាក នៅក្រោយ​ការសម្រេចចិត្ត កាលពី​ថ្ងៃ​អង្គារ។ ភាគី​អឺរ៉ុប​វាយតម្លៃថា ការដាក់​អនុវត្ត​យន្តការ​ដោះស្រាយវិវាទ មាន​គោលដៅ បញ្ចុះបញ្ចូល​អ៊ីរ៉ង់ ឲ្យ​ត្រលប់មក​គោរព​កិច្ចព្រមព្រៀង។ ប៉ុន្តែ ទៅតាម​កិច្ចព្រមព្រៀង ឆ្នាំ ២០១៥ ក្នុងករណី ភាគី​អឺរ៉ុប មិន​អាច​ដោះស្រាយ បញ្ចប់​វិវាទ​ជាមួយ អ៊ីរ៉ង់ នៅក្នុង​រយៈពេល​ចរចា ដ៏យូរមួយ នោះនៅទីបំផុត អង្គការ​សហប្រជាជាតិ នឹង​អាច​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាថ្មី​លើ​អ៊ីរ៉ង់ បូកបន្ថែម​ពីលើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែលមាន​ស្រាប់ របស់​អាមេរិក៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ