អានតួអត្ថបទ
អ៊ីរ៉ង់​-នុយក្លេអ៊ែរ

អាមេរិក​ភ្ជាប់​ការដំឡើង​ពន្ធ​រថយន្ត​អឺរ៉ុប​ទៅនឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

បើតាម​Washington Post លោក ត្រាំ​ គំរាម​ដំឡើង​ពន្ធ​ថ្មី បើ​អឺរ៉ុបមិន​ដាក់ទណ្ឌកម្ម​​អ៊ីរ៉ង់
បើតាម​Washington Post លោក ត្រាំ​ គំរាម​ដំឡើង​ពន្ធ​ថ្មី បើ​អឺរ៉ុបមិន​ដាក់ទណ្ឌកម្ម​​អ៊ីរ៉ង់ REUTERS/Kevin Lamarque

ប៉ារីស ឡុងដ៍​ ប៊ែរឡាំង បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​យន្តការ​ប្រឆាំង​នឹង​​​អ៊ីរ៉ង់​ដែល​មិន​គោរព​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ ​​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​២០១៥។ មូលហេតុ គឺ​មក​ពី​អឺរ៉ុប​រង​គំនាប​យ៉ាង​ខ្លាំង​ពី​​​សហរដ្ឋ​អាមេរិក។ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ បាន​អះអាង​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៦​មករា​នេះ​ថា វ៉ាស៊ីនតោន​​ពិត​ជា​បាន​យក​ការ​​ដំឡើង​ពន្ធនាំចូល​ផលិតផល​រថយន្ត​អឺរ៉ុប​មក​គំរាម​ប្រទេស​ទាំងបី​មែន។

ផ្សាយពាណិជ្ជកម្ម

បារាំង អង់គ្លេស​និងអាល្លឺម៉ង់​​ បី​ប្រទេសក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​ទាំង​៦​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ប្រកាស​រួម​គ្នា នៅ​ថ្ងៃ​ទី​១៤​មករា ដាក់​ឱ្យ​ដំណើរការ​យន្តការ​ប្រឆាំង​នឹង​អ៊ីរ៉ង់​ ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​នេះ​ត្រលប់​មក​សម្រប​ខ្លួន​តាម​កិច្ចព្រមព្រៀង​ផង និង​បាន​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ។

ប៉ុន្តែ​សេចក្តី​សម្រេច​ចិត្ត​របស់ភាគី​អឺរ៉ុប ទំនង​បង្កប់​ដោយ​អាថ៌កំបាំងមួយ ! កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បានព្រលយ​ឱ្យ​ដឹង​ដោយ​​ប្រើ​ពាក្យថា “ជំរិត”។ លោក​ដូណាល់ បានយក​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ទៅ​ភ្ជាប់​នឹង​សង្គ្រាមពាណិជ្ជកម្ម ដោយ​​គំរាមដំឡើងពន្ធនាំចូល​រថយន្ត​អឺរ៉ុប​ទៅ​អាមេរិក ឱ្យ​ដល់​២៥%​ ប្រសិន​បើ​​ ប៉ារីស ឡុងដ៍ និង​ប៊ែរឡាំង មិន​ព្រម​ដាក់​ឱ្យ​ដំណើរការ​យន្តការ​ប្រឆាំងនឹង​អ៊ីរ៉ង់​។

ក្នុង​សន្និសីទកាសែត ​​ពី​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្ត្រី​ការពារ​អាល្លឺម៉ង់​បានឆ្លើយ​​បញ្ជាក់​ ទៅ​កាន់​អ្នក​សារព័ត៌មាន​​ថា​ អឺរ៉ុប​ពិត​ទទួល​ការ​គំរាមកំហែងពាក់​ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ដែល​មហាអំណាច​ទាំង​៥ (ចិន សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស រុស្ស៊ី​) ​+អាល្លឺម៉ង់​សម្រេច​បានជាមួយ​អ៊ីរ៉ង់​កាលពី​ឆ្នាំ​២០១៥​មែន។

កិច្ចព្រមព្រៀង​ដែលរង្គោះរង្គើ​យ៉ាង​ខ្លាំង ​តាំងពី​លោក​ត្រាំ បាន​ដក​ខ្លួន​ចេញ​ជា​ឯកតោភាគី​ឆ្នាំ ២០១៨ ដោយ​ដាក់​ជំនួស​មក​វិញ​នូវទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុង​តេហេរ៉ង់​ ខ្លាំង​ឡើងៗ​ឥតឈប់។ រួមរឹត​ស្ទើរ​ដាច់​ខ្យល់​ដោយ​ទណ្ឌកម្ម​អាមេរិក អ៊ីរ៉ង់​បាន​ប្រកាស​ឈប់​គោរព​តាម​ខ​សន្យា ដែល​ធានា​អភិវឌ្ឍ​កម្មវិធីនុយក្លេអ៊ែរបែប​ស៊ីវិល​ មិនមែន​យោធា។ កាលពី​ថ្ងៃទី ៥​ មករា អ៊ីរ៉ង់​បាន​ប្រកាស​ លែង​កំរិត​បរិមាណ​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម ត្រឹម​៣,៦៧% និង​ស្តុក​ធាតុ​អ៊ុយរ៉ានីញ៉ូម​ត្រឹម​៣០០​គីឡូក្រាម ដូច​កិច្ចសន្យា​មួយកំរិត​ទៀត​ដែល​ចែង​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ។ នៅ​ថ្ងៃ​ទី ១៦​មករា​នេះ ប្រធានាធិបតី​អ៊ីរ៉ង់ បាន​បញ្ជាក់​ជា​ថ្មី​​ថាបច្ចុប្បន្ន ​អ៊ីរ៉ង់​​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម បាន​ច្រើន​ជា​ងសម័យ​មុន​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ទៅ​ទៀត។ ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ​លោក​រ៉ូហានី​ចង់​សំដៅ​ថា អ៊ីរ៉ង់​ចម្រាញ់​ធាតុ​អ៊ុយរ៉ានីញ៉ូម​ក្នុង​បរិមាណ​ច្រើន​ជាង​មុន ឬ​ក្នុង​គុណភាព​ប្រសើរជាង​មុន​ទេ។ ថ្វី​បើដូច្នេះ​ក្តី​ ក៏​ ​អ៊ីរ៉ង់​បាន​អះអាង​ថាខ្លួន​នៅ​តែ​​មាន​ឆន្ទៈ​ចង់​ជជែក​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​បន្តទៀតដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ