អានតួអត្ថបទ

OMS ទាញអាសន្នអំពីកង្វះថ្នាំផ្សះថ្មីសម្រាប់ប្រឆាំងភាពស៊ាំនៃបាក់តេរី

OMS ព្រមាន​ពី​កង្វះ​ថ្នាំ​ផ្សះ​ថ្មី​សម្រាប់​ប្រឆាំងនឹង​ភាព​ស៊ាំ​នៃបាក់តេរី
OMS ព្រមាន​ពី​កង្វះ​ថ្នាំ​ផ្សះ​ថ្មី​សម្រាប់​ប្រឆាំងនឹង​ភាព​ស៊ាំ​នៃបាក់តេរី Rafael Henrique/SOPA Images/LightRocket via Getty Images

អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​នៅ​ថ្ងៃ​សុក្រ​ទី ១៧ មករា​២០២០ ថាពិភពលោក​កំពុង​ជួប​នឹង​បញ្ហា​​​កង្វះ​ថ្នាំ​ផ្សះ​ ឬ​ថ្នាំ​អង់ទីប៊ីយូទិកប្រភេទ​ថ្មី សម្រាប់​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​បាក់តេរីកំណាចៗដែល​ស៊ាំ​នឹង​ថ្នាំ​។ បច្ចុប្បន្ន​នេះ បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំផ្សះ បាន​សម្លាប់​ជីវិត​មនុស្ស​អស់ជា​ច្រើន​​ម៉ឺន​​នាក់ ក្នុង​មួយឆ្នាំៗ។

ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​ជំនាញ​​សុខភាព របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​ថ្មីពីរ ស្តី​អំពី​កង្វះ​ការ​អភិវឌ្ឍស្វែង​​រក​ថ្នាំ​ផ្សះប្រភេទ​​ថ្មី​​ និង​បាន​អះអាងថា​ ភាព​ស៊ាំរបស់​បាក់តេរី​នឹង​ថ្នាំ​ផ្សះ​ជា​ការ​គំរាមកំហែងយ៉ាងជាក់ស្តែង​​ទាន់ហន់ និង​ដែល​ត្រូវ​ការ​ដំណោះស្រាយ​ជា​បន្ទាន់​បំផុត។ បើតាម​នាយកអង្គការ​OMS មាន​កា​រស្រាវជ្រាវ​រក​វិធី​កាត់​បន្ថយ​​ភាព​ស៊ាំ​ហើយ ប៉ុន្តែ​ពិភពលោក​ត្រូវការ​ឃើញ​ប្រទេស​ឬ​​ក្រុមហ៊ុន​ផលិត​ឱសថប្រឹង​និង​រក​ឃើញ​ថ្នាំ​ផ្សះ​ប្រភេទ​ថ្មី​ៗ។

​អង្គការ​សុខភាព​ពិភពលោក ព្រួយ​បារម្ភ​ថា ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​អាច​នឹង​នាំ​ពិភពលោក​ជួប​គ្រោះ​មហន្តរាយ​ដូច​សករាជ​មុន ដែល​សូម្បី​ដែល​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគសាមញ្ញៗ​ក៏​អាច​សម្លាប់​ជីវិត​មនុស្ស​បាន។ បច្ចុប្បន្ន​នេះ គេរាប់​ឃើញ​ថាក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ប្រមាណ ៣៣០០០​នាក់ នៅ​អឺរ៉ុប និង​៣៥០០០នាក់​នៅ​អាមេរិក បាន​ស្លាប់​ដោយ​មេរោគ​ដែល​ស៊ាំ​នឹង​ថ្នាំ​ផ្សះ។

រក​ឃើញ​នៅ​ឆ្នាំ​១៩២០ ថ្នាំ​ផ្សះ​បាន​សង្គ្រោះ​ជីវិតមនុស្ស​សត្វ​​បាន​រាប់​សិប​លាន​នាក់​ ដោយ​បាន​ប្រយុទ្ធ​ប្រឆាំង​ប្រកបដោយ​ប្រសិទ្ធភាព​ឈ្នះ​ពពួក​បាក់តេរី​​ដែល​បង្ក​ជំងឺ ដូចជា​ ជំងឺ​រលាក​សួត របេង និង​រលាក​ស្រោម​ខួរក្បាល។ ប៉ុន្តែ​ ពេលវេលា​កន្លង បាក់តេរីបាន​​លូតលាស់​​ប្តូរ​ផ្លាស់ ហើយ​ស៊ាំ​​នឹង​ថ្នាំ​ផ្សះ ព្រោះ​អ្នក​ជំងឺ​ប្រើ​ថ្នាំមិន​ត្រឹម​ត្រូវ លេប​ថ្នាំ​ផ្សះ​ទាំង​មិន​ត្រូវ​ជំងឺ ឬ​លេប​មិនតិច​ជ្រុល ខ្លី​ជ្រុល មិន​តាម​វេជ្ជបញ្ជា។

ដើម្បី​យក​ឈ្នះ​ភាព​ស៊ាំ​ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​អភិវឌ្ឍថ្នាំ​ផ្សះ​ប្រភេទ​ថ្មី តែជា​ដំណើរ​បែបបទ​ដែល​ស្មុគស្មាញ និង​ចំណាយ​ថវិកា​ខ្ពស់។ គិត​មក​ទល់​ពេលនេះ មានការ​សិក្សា​ផលិត​​ថ្នាំ​ចំនួន​៦០​មុខ ក្នុង​នោះ​៥០​មុខ​ជា​ពពួក​ថ្នាំ​ផ្សះ សម្រាប់​ព្យាបាល​ជំងឺ​បង្ក​ភ្នាក់ងារ​បង្ក​រោគដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​ថ្នាំ​ចាស់ៗ តែ​មាន​តែ​ពីរមុខ​ប៉ុណ្ណោះ សម្រាប់​ប្រឆាំង​នឹង​បាក់តេរី​ដែល​ស៊ាំ​ខ្លាំង។ ថ្នាំ​ប្រភេទ​ទំនើបៗ​ថ្មីប្រមាណ​ ​​២៥២ផ្សេង​ទៀត​បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​ដំបូង​ហើយ។ តែ​គេ​ត្រូវ​រង់ចាំ​រាប់​សិប​ឆ្នាំ​ទៀត​ឯណោះ​ ទើប​មាន​ថ្នាំ​ខ្លះ​អាច​ចេញ​ប្រើ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ