អានតួអត្ថបទ
តួកគី-អឺរ៉ុប-លីប៊ី

លោក អ៊ែរដូហ្កាន ជំរុញ​អឺរ៉ុបឱ្យ​គាំទ្រ​តួកគី​នៅ លីប៊ី

ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan
ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan Murat Cetinmuhurdar/Presidential Press Office/Handout/REUTERS

ប្រធានាធិបតី​តួកគី​ លោក អ៊ែរដូហ្កាន (Recep Tayyip Erdogan) បាន​ថ្លែង​ព្រមាន​ថា ពួក​ភេរវនិយម​អ៊ីស្លាម​ជ្រុលនិយម​ អាច​មាន​សកម្មភាព​ស្ទុះ​ឡើង​វិញ ប្រសិន​បើ​​រដ្ឋាភិបាល​លីប៊ី ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ត្រូវ​ដួល​រលំ។ ដូច្នេះ​អឺរ៉ុប​ត្រូវ​តែ​សហការ​ជាមួយ​តួកគី ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នៅ​លីប៊ី។ សេចក្តី​អំពាវនាវ​នេះ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​មុន​ការ​បើក​សន្និសីទ​អន្តរជាតិ​​ស្តី​ពី​ជម្លោះ​នៅ​លីប៊ី ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់។

ផ្សាយពាណិជ្ជកម្ម

“អឺរ៉ុប​អាច​ប្រឈម​នឹង​បញ្ហា ​ការ​គំរាមកំហែង​ភេរវកម្ម​ ប្រសិន​បើ​រដ្ឋាភិបាល​ស្រប​ច្បាប់​លីប៊ី​ ត្រូវ​ធ្លាក់” ! នេះ​ជា​សំណេរ​របស់​លោក អ៊ែរដូហ្កាន ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​វេបសាយ Politico ដោយ​អះអាង​ទៀត​ថា ក្រុម​​ភេរវនិយម ដូច​ជា​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ឬ​អាល់កៃដា ដែល​​​​រង​បរាជ័យ​ខ្លាំង​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់ ​ បាន​រក​ឃើញ​ដែន​ដី​ថ្មី​សម្រាប់​ឈរ​ជើង នោះ​គឺ​លីប៊ី។ ​ ​​ដូច្នេះបើ​អឺរ៉ុប​មិន​ចង់​ផ្តល់​ជំនួយយោធា​ដល់​លីប៊ី​ទេ ​អឺរ៉ុប​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​សហការ​ជាមួយ​តួកគី​ឡើយ ! អឺរ៉ុប​ត្រូវ​តែ​​បង្ហាញ​ពិភពលោក​ថា​ខ្លួន​ជា​តួអង្គ​ដែល​មាន​សមត្ថភាព​សក្តិសម​​លើ​ឆាក​អន្តរជាតិ។

បន្ទាប់​ពី​ធ្លាក់​ក្នុង​វិបត្តិ​មាន​ជម្លោះ​ប្រដាប់​អាវុធ​រាប់​ខែ ស្លាប់​ជីវិត​មនុស្ស​អស់​ជាង​២ពាន់​នាក់​ តួកគី​បាន​​លូក​ដៃ​កាន់​តែ​ជ្រៅក្នុង​ជម្លោះ​​លីប៊ី ​ដោយ​បាន​ចុះកិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​លីប៊ី​កាលពី​ខែ​វិច្ឆិកា ២០១៩ និង​បាន​​បញ្ជូន​កងទ័ព​ជា​ច្រើន​ទៅ​លីប៊ី។ ហេតុផល​របស់​តួកគី​ គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំ​ង​ពួក​ភេរវនិយម ការ​ជួញ​ដូរ​មនុស្ស​ និង​ការគំរាម​កំហែង​សន្តិសុខ​អន្តរជាតិ​ផ្សេង​ទៀត។ ហើយ​កាលពី​សប្តាហ៍​មុន ​បទឈប់​បាញ់​ដែល​ជា​លទ្ធផល​នៃ​ជំនួប​រវាងប្រធានាធិបតី​​តួកគី​និង​រុស្ស៊ី​ បាន​ចូល​ជា​ធរមាន​ តាំង​ពី​ថ្ងៃទី ១២​មករា​មក។

​ប៉ុន្តែ​សម្រាប់​ក្រសែ​ភ្នែក​សហភាព​អឺរ៉ុប ជម្លោះ​លីប៊ីកំពុង​​ក្លាយ​ជា​ជម្លោះ​អន្តរជាតិ តាម​រយៈ​ការ​ជ្រៀត​ជ្រែក​​របស់​​តួកគី។ តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​លីប៊ី បាន​អះអាង​ដូច​គ្នា​ថា​ លីប៊ី ត្រូវ​ការ​គ្រប់​ភាគី​បរទេសបញ្ឈប់​ការ​ជ្រៀតជ្រែក​របស់​ខ្លួន។

សេចក្តីអំពាវនាវ​របស់​លោក​អ៊ែរ​ដូហ្កាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​មុន​ការ​​បើក​សន្និសីទអង្គការ​សហប្រជាជាតិ​ស្តីពី​វិបត្តិ​លីប៊ី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃអាទិត្យ​ស្អែក នៅ​ប៊ែរឡាំង ដើម្បីជំរុញ​ឱ្យ​ភាគីបក្សដិបក្ស​លីប៊ី​ ព្រម​​ឈប់​បាញ់ និង​ ​មាន​យន្តការ​ត្រួត​ពិនិត្យ​បទឈប់​បាញ់នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ