អានតួអត្ថបទ
បារាំង

បុគ្គលិកក្រុមហ៊ុន​ដឹកជញ្ជូន​ព្រមផ្អាកចលនាកូដកម្មប្រឆាំងកំណែទម្រង់ច្បាប់ចូលនិវត្តន៍

អ្នក​ដំណើរ​ឈរ​ចាំ​រថភ្លើង​ក្រោម​ដី ក្នុុង​ស្ថានីយ៍​មួយ​នៅទីក្រុង​ប៉ារីស
អ្នក​ដំណើរ​ឈរ​ចាំ​រថភ្លើង​ក្រោម​ដី ក្នុុង​ស្ថានីយ៍​មួយ​នៅទីក្រុង​ប៉ារីស REUTERS/Christian Hartmann

ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ២០​មករា ទៅ មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ដំណើរ​សាធារណៈ​បារាំង នឹង​ចាប់​ដំណើរការ​ជា​ធម្មតា​ឡើង​វិញហើយ។ បន្ទាប់​ពី​បាន​ធ្វើ​ឱ្យ​ប៉ារីស​​ជាប់​គាំង​ស្ទើរ​គ្រប់​វិស័យ​អស់​រយៈ​ពេល​៤៥​ថ្ងៃ ​បុគ្គលិក​នៃក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​​ បាន​បោះឆ្នោត​ព្យួរ​ សកម្មភាព​បាកូដកម្ម​របស់​ខ្លួនមួយ​រយៈ​សិន ដើម្បី​ប្រមូលថាមពល និង ​​រៀប​ចំ​​បាតុកម្ម​ ក្នុង​ទម្រង់​ថ្មី។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទី​មួយ គិត​ចាប់​ពី​ចលនាកូដកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​បានផ្តើម​នៅ​ថ្ងៃទី ៥​ធ្នូ ២០១៩មក ដែល​បុគ្គលិកនៃ​​ក្រុមហ៊ុនដឹកជញ្ជូន​សាធារណៈ​ បាន​ព្រមព្រៀង​ផ្អាក​សកម្មភាព​កូដកម្ម​ ត្រលប់​មក​ធ្វើការ​វិញ។ ដូច្នេះ​ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​២០មករា​ទៅ បណ្តាញ​រថភ្លើង​ក្រោម​ដី លើ​ដី​ រថភ្លើង​ល្បឿន​លឿន រថយន្តក្រុង ដែល​ជា​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ដ៏​សំខាន់​ ​នៅ​ទីក្រុង​ប៉ារីស និងដែល​មាន​អ្នក​ជិះ​ប្រមាណ​ជាង​៤នាក់​ក្នុង​មួយ​ថ្ងៃៗ នឹង​ចាប់​ដំណើរ​ការ​ជា​ធម្មតា ឬ​ស្ទើរ​ដូច​ធម្មតា​​ឡើងវិញ។​

សូម​បញ្ជាក់​ថា ​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ​បាន​ស្ម័គ្រ​​ធ្វើ​កូដកម្ម​ច្រើន​ជាងគេ។ កូដកម្ម​​រយៈ​ពេល​៤៥​ថ្ងៃ​​​នេះ បាន​ធ្វើ​ប្រទេស​បារាំង ទាំង​មូល ជាពិសេស​រដ្ឋ​ធានី​ប៉ារីស ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​ហេតុ​តែកង្វះ​​មធ្យោបាយ​ធ្វើ​ដំណើរ។

ប៉ុន្តែ ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​សហព័ន្ធ​សហជីពក្រុមហ៊ុន​ដឹកជញ្ជូន នេះគ្រាន់​តែ​ជា​ការ​ផ្អាក​សកម្មភាព​កូដកម្មទេ។ ក្រុម​បុគ្គលិក​អ្នកបើកបរ​រថភ្លើង​ក្រោម​ដី នឹង​ត្រលប់​មក​ប្រមូល​ផ្តុំ​​ជា​ថ្មី ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ធ្វើ​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍​វិញ នៅ ថ្ងៃទី ២៤​មករា ក្នុង​ទ្រង់ទ្រាយ​ថ្មី ជាមួយ​នឹង​គ្រប់​ក្រុមហ៊ុនទាំង​អស់​នៅ​បារាំង ​និង​ដោយ​​គ្មាន​កំណត់​រយៈ​ពេល​ទៀត។

បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​សាធារណៈ​នេះ នៅ​តែរក្សា​ជំហរ​មុះមុត​ ប្រឆាំងដាច់​ខាត​នឹង​ការធ្វើ​កំណែទម្រង់​បែប​អយុត្តិធម៌​ដដែល។ បាតុករ​ភាគ​ច្រើន ​សម្រេច​ចិត្ត​ព្រម​ផ្អាក​កូដកម្ម​ មួយ​រយៈ​ខ្លី ក៏​ដោយ​សារ​ហេតុផល​ថវិកា (អស់​ប្រាក់​ខែ)ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​សហជីព​ក្រុមហ៊ុន​ដឹកជញ្ជូនUNSA-RATP៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ