អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទអន្តរជាតិ ដើម្បីស្រោចស្រង់លីប៊ី បើកធ្វើនៅអាល្លឺម៉ង់

សំឡេង ០៦:៣៦
ទាហាន​អាល្លឺម៉ង់​ឈរ​យាម​នៅ​កន្លែង​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​លីប៊ី ថ្ងៃទី ១៩ មករា ២០២០
ទាហាន​អាល្លឺម៉ង់​ឈរ​យាម​នៅ​កន្លែង​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​លីប៊ី ថ្ងៃទី ១៩ មករា ២០២០ © Reuters

តើ​ជា​​​សន្និសីទ​អន្តរជាតិ​ស្តីពី​លីប៊ីលើក​ទី​ប៉ុន្មាន​ហើយ ? នៅ​ថ្ងៃ​នេះ អាល្លឺម៉ង់​ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ថ្មី​មួយ​ទៀត ស្តីពី​វិបត្តិនៅលីប៊ី ក្នុង​បរិបទ​ដ៏​តានតឹង​បង្កប់​ទៅ​ដោយ​ភាព​​បន្ទាន់​ផង និង​មន្ទិលផង។​ អន្តរជាតិ​​ដែល​មាន​ពាក់ព័ន្ធ​នឹងវិបត្តិ​លីប៊ី​បាន​បង្ហាញ​វត្តមាន​គ្រប់​គ្នា​នៅ​ប៊ែរឡាំង។ ប៉ុន្តែ​លើក​នេះ​ក៏ ដូច​លើក​មុន លទ្ធផល​នៃ​ជំនួប​​ទំនង​ជា​មាន​ស្តួចស្តើង​ណាស់។

ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​ស្តីពី​លីប៊ី ត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃ​នេះ ក្នុង​បរិបទ​ដ៏​តាន​តឹង​ និង​ កាន់​តែ​បន្ទាន់ ព្រោះ​ ជម្លោះ​នៅ​លីប៊ី​ បានរាលដាល​ជា​ការប្រយុទ្ធ​គ្នា​មក​ដល់​មាត់ច្រក​រដ្ឋ​ធានី ​ហើយការ​ជ្រៀតជ្រែក​របស់​បរទេស​ ក៏​មាន​កាន់​តែ​ខ្លាំង​ជ្រៅ តាំង​ពី​ចូល​ខែមករាមក។

វិបត្តិ​លីប៊ី ដែលកំពុង​ផុយស្រួល​ខ្លាំង ​អាច​នឹងប៉ះពាល់​ដល់​លំនឹង​នៃ​សមភាពភូមិសាស្ត្រ​នយោបាយ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​ឃើញ​ប្រមុខ​ដឹកនាំធំៗ ដូច​ជា​ប្រធានាធិបតី​រុស្ស៊ី ពូទីន ប្រមុខ​ការទូត​អាមេរិក បាន​ប្រកាស​មក​ចូល​រួម​ក្នុង​សន្និសីទ​​អង្គការ​សហប្រជាជាតិ​ នៅ​ប៊ែរឡាំង​នេះ ជា​មួយ​ថ្នាក់​ដឹកនាំក្រុម​ប្រទេស​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ធំ​ទៀត ព្រមទាំង​​​អង្គការ​ស្ថាប័ន​ធំៗ​ដូច​ជា សហភាព​អឺរ៉ុប សម្ព័ន្ធអារ៉ាប សហភាព​អាហ្វ្រិក ដើម្បីវែក​រក​ផ្លូវ​នាំលីប៊ី​ឱ្យ​​រក​ដំណោះស្រាយ​តាម​​ច្រក​នយោបាយ។

ពាក្យ​ថា​ដំណោះស្រាយ​តាម​ផ្លូវ​នយោបាយ គឺ​ត្រូវ​ឱ្យ​ភាគី​ជម្លោះ​ប្រដាប់​អាវុធ ព្រម​ចុះ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់។ ​​សន្និសីទ​ដែល​រៀប​ចំ​ឡើង​ដោយ​ប៊ែរឡាំង​ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ​នេះ មាន​កម្មវត្ថុ​ច្បាស់​លាស់ គឺ​ពង្រឹង ឱ្យ​បាន​កាន់​តែ​ពេញ​លក្ខណៈនូវ ​បទ​ឈប់​បាញ់​ ដែល​​ចូល​ជា​ធរមាន​តាំង​​ពី​ថ្ងៃ​១២មករាមក តែ​មាន​ទម្រង់​ត្រឹម​ជា​ការ​ផ្អាក​ការ​បាញ់​គ្នាច្រើន​ជាង​ ព្រោះ​ ​លោក ហាវតារ ដែល​គ្រប់គ្រង​​លីប៊ី​ភាគ​ខាង​កើត​ពុំបាន​​ចុះ​ហត្ថលេខា​លើ​បទ​ឈប់បាញ់​​ទេ។

អង្គការ​សហប្រជាជាតិ​ ចង់ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​មាន​តម្លៃ​​កាន់​តែ​ស៊ី​ជម្រៅទៀត ដោយ​ចែកឱ្យ​ដាច់​​ភាគី​បក្សដិបក្សលីប៊ី​ ប្រមូល​អាវុធ​ធុន​ធ្ងន់​ បង្រួមបង្រួម​ស្ថាប័ន​ជាតិ និង​ការ​បែងចែក​ធនធាន។

ហើយ​កម្មវត្ថុ​ដ៏​សំខាន់​មួយ​ទៀត នៃជំនួប​កំពូល​នេះ គឺការ​បិទ​បញ្ចប់​ការជ្រៀតជ្រែក​របស់​បរទេស​ និង​ការ​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ កិច្ច​សន្យា​មិន​បញ្ជូន​អាវុធ​ទៅ​លីប៊ី។

​ធនធាន​ប្រេង​ក្លាយ​ជា​ចំណាប់​ថ្នូរ​នយោបាយ ?

មក​ទល់​នឹង​ពេល​នេះ សេនាប្រមុខ​ហាវតារ បដិសេធ​មិន​ដក​ទ័ព​ថយពី​ទីតាំង​ឈរ​ជើង​នៅ​មាត់​ច្រក​ក្រុង​ទ្រីប៉ូលី​ទេ ចំណែក​ប្រមុខ​រដ្ឋាភិបាល​សហភាព​លីប៊ី​វិញ ទាមទារ​ចង់​ឱ្យ​ការ​ពង្រាយ​កម្លាំង​អន្តរជាតិ​ ដើម្បីការពារប្រជាពលរដ្ឋ​ស៊ីវិល។

មុនសន្និសីទ​បើកនៅ​ប៊ែរឡាំង ភាគីជម្លោះ​ទាំង​ពីរ បាន​ដំឡើងយុទ្ធសាស្ត្រ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​ ក្នុង​គំនិត​​ថា​​​បើនរ​ណា​​ខ្លាំងជាង​ អ្នក​នោះ​​នឹងមាន​ប្រៀប​ក្នុង​ពេលចូល​តុ​​ចរចា។

បើ​តាមអង្គការ​​សង្កេតការណ៍​សិទ្ធិមនុស្ស​ រដ្ឋាភិបាល​សហភាព​លីប៊ី​ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ បាន​ទទួល​ទាហាន​ស៊ីរី​ចំនួន​៣៦៦០នាក់​ ព្រមទាំង​គ្រាប់​រំសេវ អាវុធ​យុទ្ធភណ្ឌ ​រថពាសដែក​​ជា​ច្រើនគ្រឿង​​ពីតួកគី​ ទើបបញ្ជូន​មក​ដល់​នៅ​ថ្ងៃសៅរ៍​ម្សិលមិញ។ ខាង​សេនាប្រមុខ​ហាវតារ​ គាំទ្រ​ដោយ​អេមីរ៉ាត អេហ្ស៊ីប និង​រុស្ស៊ីវិញ បាន​បិទ​​ខ្ទប់​កំពង់ផែនិង​ស្ថានីយ៍​បូម​ប្រេង​​នៅភាគ​ខាង​កើត​ប្រទេស​។ ការ​ផលិតប្រេង ដែល​ជា​ធនធាន និង​ជា​ប្រភព​ចំណូល​ជាតិ​ស្ទើរ​តែ​មួយ​គត់ ត្រូវ​បញ្ឈប់​។

ប្រេង​ដែល​ភាគី​បក្សដិបក្សលីប៊ី​ធ្លាប់​បែងចែកផល​​គ្នា ក៏​បាន​ក្លាយ​ជា​ចំណាប់​ថ្នូរ​នៃ​ជម្លោះ​នយោបាយ​។ ​ល្បែងបែប​នេះ អាច​បំផ្លាញ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាល្លឺម៉ង់​​ តាំង​ពី​ជា​ច្រើន​ខែ​មក ដោយ​ត្រូវ​លើក​យក​បញ្ហា​បែងចែង​ធនធាន​មួយ​ទៀ​ត​មក​ចរចា។

ប៊ែរឡាំង ក្រុង​នៃ​វិបត្តិ​លីប៊ី ​

ការ​ចូល​រួម​របស់​​អាល្លឺម៉ង់​ បាន​ធ្វើ​សន្និសីទ​អន្តរជាតិ​ ស្តី​ពី លីប៊ី​ លើក​នេះ​ មាន​តម្លៃ​និង​ចំណាប់​អារម្មណ៍​ជា​ពិសេស​។​ ហើយមូលហេតុ​ដែលនាំ​អាល្លឺម៉ង់​ប្រឹង​ចូកចែវ​ជួយលីប៊ី​ខ្លាំង​ ក៏​ព្រោះ​តែ​កាលពី​ឆ្នាំ​២០១១ អាល្លឺម៉ង់ ​បាន​ធ្វើ​ខុស​ទម្លាប់ បោះឆ្នោត​អនុប្បវាទ​ប្រឆាំង​នឹង​អន្តរាគមន៍​យោធា​នៅ​លីប៊ី។ ​មិនចូល​​ធ្វើ​អន្តរាគមន៍​​យោធា​ មិន​ធ្លាប់​ទៅត្រួតត្រា​ធ្វើ​អាណានិគមន៍​នៅ​លីប៊ី និង​មិន​​គាំទ្រភាគីណាមួយ​ក្នុង​ជម្លោះ​បច្ចុប្បន្ន​ទេ ដូច្នេះ​ ប៊ែរឡាំង​អាចដើរ​តួ​ជា​អន្តរការី​បាន​យ៉ាង​ប្រពៃជាង​គេ​ ក្នុង​នាម​​អ្នក​អព្យាក្រិត្យ​។

ម្យ៉ាង​ទៀត អាល្លឺម៉ង់ចង់​ប្រើ​ឱកាស​នេះ​ដើម្បី​បង្ហាញ​ថា ពហុជាតិ​នៅ​តែ​អាច​ដំណើរការ​បាន កិច្ចព្រមព្រៀង​អន្តរជាតិ​នៅ​តែ​អាច​ចេញរួច មិន​ដូច​អ្វី​ដែល​លោក​ត្រាំ​គិត​ឡើយ។ កាលពី​សប្តាហ៍​មុន​លោកស្រី​មែរកិល​បាន​ធ្វើ​ដំណើរ​ទៅ​ម៉ូស្គូ ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​លោក ពូទីន ដែល​ជា​តួអង្គ​ដ៏​សំខាន់​មួយក្នុង​វិបត្តិលីប៊ី។

នៅ​ក្នុង​វិបត្តិ​លីប៊ី​នេះ តួកគី និង​ រុស្ស៊ី លូក​ដៃ​ខ្លាំងណាស់។ តួកគី​គាំទ្រ​ដោយ​ចេញ​មុខ​រដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​ ដែល​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ឯរុស្ស៊ី​វិញ គាំទ្រ​ខាង​សេនាប្រមុខ​ហាវតារ នៅភាគ​ខាង​កើត​ប្រទេស។ ឯ​អឺរ៉ុប​ហាក់​លិប​បាត់ គ្មាន​បាន​ដើរ​តួនាទី​ការទូត​អ្វី​សោះ តែ​វត្តមាននិង​កិច្ចខំ​ប្រឹង​ប្រែង​របស់​អាល្លឺម៉ង់ ជា​តំណាង​ឱ្យ​សហភាព និង​លើកមុខ​មាត់​ឱ្យ​អឺរ៉ុប​វិញ ព្រមទាំង​ជាការ​​ទប់ទល់​នឹង​សន្ទុះ​អំណាច​ប្រជែងគ្នា​របស់​រុស្ស៊ី-តួកគី​ នៅ​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ