អានតួអត្ថបទ
បារាំង-អ៊ីស្រាអែល

ប្រធានាធិបតី​បារាំង ប៉ះទង្គិច​សំដី​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល នៅ​ក្រុង​ហ្សេរុយសាឡិម

ប្រធានាធិបតី​បារាំង ប៉ះទង្គិច​សំដី​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល នៅ​ក្រុង​ហ្សេរុយសាឡិម
ប្រធានាធិបតី​បារាំង ប៉ះទង្គិច​សំដី​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល នៅ​ក្រុង​ហ្សេរុយសាឡិម REUTERS/Ammar Awad

នៅថ្ងៃ​ពុធ​​ទី​២២មករា ២០២០ ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅទីក្រុង​ហ្សេរុយសាឡិម លោក អេម៉ានុយអែល​ ម៉ាក្រុង ប្រធានាធិបតី​បារាំង​ បាន​ប៉ះទង្គិច​ពាក្យ​សំដី​ជាមួយ​នឹង​កង​កម្លាំង​សន្តិសុខ​អ៊ីស្រាអែល។ លោក ​ម៉ាក្រុង បាន​ស្រែក​ដាក់​ប៉ូលិស​អ៊ីស្រាអែល ឱ្យ​ចេញ​ពី​ផ្លូវ ដើម្បី​​លោក​អាច​ដើរ​ចូល​វិហារកាតូលិក សាំងតាន Sainte Anne។ កាលពី​២៥​ឆ្នាំ​មុន​ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល លោក ហ្សាក់ ស្ហ៊ីរ៉ាក់ កាល​នៅ​ជា​ប្រធានាធិបតី​បារាំង ក៏​បាន​ប៉ះទង្គិច​សំដី​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល​ដូច​គ្នា​នៅ​ពេល​អញ្ជើញ​ទៅ​​វិហារសាំងតាននេះ។ ហេតុអ្វី​ បាន​ជា​ដូច្នេះ ?

ផ្សាយពាណិជ្ជកម្ម

នៅ​រសៀល​ថ្ងៃពុធ​ទី ២២​មករា​ម្សិលមិញ លោក​ប្រធានាធិបតី​បារាំង​​អញ្ជើញ​ទៅ​វិហារ​សាំងតាន ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ហ្សេរុយសាឡិម​ខាង​កើត ដោយ​ថ្មើរជើង។ ​ប៉ុន្តែនៅ​ពេល​ទៅ​ដល់​មាត់​ច្រក​ចូល ស្រាប់​តែ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល ដែល​​មាន​ភារកិច្ច​ការពារលោក​ក្នុង​ទស្សនកិច្ច​នេះ កាត់​មុខ​ដើរចូល​ទៅ​ធានា​សន្តិសុខលោកម៉ាក្រុង​ ដល់​ទីតាំង​វិហារ​ទៀត តែ​ត្រូវកម្លាំង​សន្តិសុខ​បារាំង​ប្រឆាំង។ ហេតុ​ដូច្នេះហើយ​បាន​ជា​លោក​ប្រធានាធិបតី ត្រូវ​រំលឹក​ប្រាប់​ប៉ូលិស​អ៊ីស្រាអែល​ឱ្យ​ចេញ​ទៅ​វិញ ព្រោះ​តាម​ច្បាប់ កន្លែង​នេះ ជា​ទឹកដីបារាំង ដែល​​​កងកម្លាំង​បារាំងត្រូវ​​ជា​អ្នកធានា​សន្តិសុខ។

​« I don't like what you did in front of me ! » (ខ្ញុំ​មិន​ពេញ​ចិត្តនឹង​អ្វី​ដែល​អ្នក​ធ្វើ​នៅ​ចំពោះ​មុខ​ខ្ញុំ​ទេ) នេះ​ជា​ប្រសាសន៍ជា​ភាសា​អង់គ្លេស​ ​របស់​លោក​ម៉ាក្រុង ស្រែក​ដាក់​កង​កម្លាំង​សន្តិសុខ​​អ៊ីស្រាអែល​ ​ដែល​ចង់​ទៅ​ឈរ​យាម​នៅ​ច្រក​ចូល​វិហារ​កាតូលិក Sainte Anne។

បើ​តាម​អ្នក​កាសែត​ ប៉ុន្មាន​ម៉ោងមុន​ដំណើរ​មក​ដល់​របស់​លោក​ប្រធានាធិបតី ក្រុម​រក្សាស​ន្តិសុខបារាំង បាន​ប៉ះទង្គិចសំដី​​គ្នា​មួយ​ប្រាវ​រួច​ហើយជា​មួយ​កងកម្លាំងសន្តិសុខ​​អ៊ីស្រាអែលដែល​ចង់​ចូល​ក្នុង​វិហារ​ Sainte Anne ដើម្បី​ផ្ទៀងផ្ទាត់​សុវត្ថិភាព។

សូម​បញ្ជាក់​ថា ​សាង​សង់​ឡើង​នៅ​សតវត្សរ៍​ទី ១២ ដោយ​ក្រុម​គ្រិស្តសាសនិជន​អឺរ៉ុប វិហារ​កាតូលិក Sainte Anne ត្រូវ​បាន​អធិរាជ​អូតូម៉ង់​​ប្រគល់​មក​ឱ្យ​បារាំង​នៅ​ឆ្នាំ​ ១៨៥៦ និង​ក្លាយ​ជា​​ដែន​ដី​បារាំង​មួយ​ ក្នុង​ចំណោម​ដែនដី​បារាំង​ចំនួន​បួន​ដុំ​ នៅ​ក្រុងហ្សេរុយសាឡិម។ ហើយ​គឺ​នៅក្នុង​សង្កាត់​ហ្សេរុយសាឡិម​ខាង​កើត​ដដែល​នេះ ដែល​កាលពី​ឆ្នាំ​១៩៩៦ អតីត​ប្រធានាធិបតី​បារាំង លោក ហ្សាក់ ស្ហ៊ីរ៉ាក់ ធ្លាប់​បាន​ប្រទះ​សំដី​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល ដែល​ចង់​ចូល​ការពារ​លោក​កៀក​ជ្រុល​ ដល់​ក្នុង​​វិហារ​ Sainte Anneនេះ។

១៩៩៦​ម្តង ២០២០​ម្តង​ទៀត។ កំហឹង​របស់​លោក​ម៉ាក្រុង​ អាច​នឹង​ក្លាយ​ជា​ហេតុការណ៍​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​ជាងគេ​បំផុត​ នៃ​ទស្សនកិច្ច​នៅអ៊ីស្រាអែល។ លោក​ ម៉ាក្រុង មិន​ត្រឹម​តែ​​បាន​ប្រកាន់​ជំហរ​ដូចលោក ស្ហ៊ីរ៉ាក់ ក្នុង​​ហេតុ​ការណ៍​នៅ​វិហារ​Sainte Anneទេ តែលោក​​ថែមទាំង​បាន​អញ្ជើញ​ទៅ​វិហារ​អ៊ីស្លាម និង​ជញ្ជាំង​Lamentation ទីសក្ការៈ​របស់​សាសនា​អ៊ីស្លាម​និងជ្វីហ្វ​​ ដូច​អតីត​ប្រធានាធិបតី​ដែរ។

ការ​ប៉ះទង្គិច​សំដី​នេះ ​បាន​ធ្វើ​ឱ្យ​លោក​ម៉ាក្រុង​ ខាត​ពេល និង​ ​លើក​ពេល​ណាត់​ជួប​ប្រធាន​អាជ្ញាធរ​ប៉ាឡេស៊ីន​ ម៉ះមូដអាបាស់ បន្តិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ