អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​សេណារីយ៉ូ ៤ សម្រាប់ លោកពូទីន ក្រោយឆ្នាំ ២០២៤

សំឡេង ០៧:០២
ប្រធានាធិបតីរុស្ស៊ី​លោក  Vladimir Poutine នៅ​ឱកាសថ្លែងសន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាព​ជាតិ​កាលពីថ្ងៃទី​១៥ មករា​នៅមុខសភា​​
ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Poutine នៅ​ឱកាសថ្លែងសន្ទរកថាប្រចាំឆ្នាំស្តីពីស្ថានភាព​ជាតិ​កាលពីថ្ងៃទី​១៥ មករា​នៅមុខសភា​​ Alexey Nikolsky/Kremlin via REUTERS

ជាទ្រឹស្តី ចៅហ្វាយវិមានក្រេមឡាំង នឹងបញ្ចប់ អាណត្តិ ទី ៤ របស់ខ្លួន ដែលជាអាណត្តិ ចុងក្រោយ គឺ ក្នុង ឆ្នាំ ២០២៤ ដ្បិត រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ហាមមិនឲ្យគាត់បញ្ឈរឈ្មោះជាលើក ទី ៥ ។ ប៉ុន្តែ ពួកអ្នកធ្វើអត្ថាធិប្បាយ មិនយល់ព្រមដូចគ្នាឡើយ ចំពោះ ចេតនាលោកប្រធានាធិបតីរុស្ស៊ីសព្វថ្ងៃ។ គេនាំគ្នាលើកឡើងនូវ ការបកស្រាយប្លែកៗពីគ្នា អំពី អំណាចក្នុងប្រទេសរុស្ស៊ី ទៅអនាគត។

ផ្សាយពាណិជ្ជកម្ម

គឺជាចង្វាក់ពិបាកទ្រាំទ្រ ដែលលោក វ៉្លាឌីមៀរ ពូទីន បានវន្តទៅលើ មជ្ឈដ្ឋាននយោបាយរុស្ស៊ី។ ការលាចេញពីតំណែង នៃ រដ្ឋាភិបាលលោក Dimtri Medvedev , ការតែងតាំង នាយករដ្ឋមន្ត្រីថ្មី និង ការប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។ ល។ ចង្វាក់ពិបាកទ្រាំទ្រ និង ទីដៅតែមួយគត់ គឺ រៀបចំខ្លួន សម្រាប់ក្រោយឆ្នាំ ២០២៤ -ឆ្នាំដែលលោកពូទីន ត្រូវផុតអាណត្តិ ៦ ឆ្នាំ រាប់ពីឆ្នាំ ២០១៨ មក។ ចុះតើ សេណារីយ៉ូណាខ្លះ ដែលមាន?។

សេណារីយ៉ូទី ១ ៖ ការសើរើរដ្ឋធម្មនុញ្ញ មិនអាចចាត់ទុកជា វិធានការហែរហមដោយផលវិបាក ដែលឆ្លុះឲ្យ ឃើញពីហេតុការណ៍កើតមានពីមុនៗឡើយ។ ការសើរើនេះ ប្រែអ្វីៗទាំងអស់ ឲ្យត្រឡប់ទៅដើមទីវិញ ហើយ អនុញ្ញាតឲ្យលោក វ៉្លាឌីមៀរ ពូទីន បង្ហាញខ្លួនជាថ្មី ! សេណារីយ៉ូនេះ តាមយោបល់ អ្នកច្បាប់ជាច្រើន គឺអាច ប្រព្រឹត្តទៅកើត ប៉ុន្តែ មិនគួរជឿថាពិតឡើយ។

សេណារីយ៉ូទី ២ ៖ លោក វ៉្លាឌីមៀរ ពូទីន ឡើងដឹកនាំ ក្រុមប្រឹក្សារដ្ឋ - ស្ថាប័នដែលបច្ចុប្បន្ន ស្ថិតក្នុង" សភាពមិនសូវសកម្ម"ទេ ប៉ុន្តែ ជាលទ្ធផលនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ត្រូវមានអានុភាព​មាំមួន។​ វិសោធនកម្ម ស្នើដោយលោក វ៉្លាឌីមៀរ ពូទីន នឹងបង្កើន តួនាទី របស់ស្ថាប័ននេះ ដោយមិនលំអិតឯណា តើតាមទិសដៅណា ដែលក្រុមប្រឹក្សារដ្ឋនឹងសកម្ម។ សម្រាប់ អ្នកសង្កេតការណ៍ជាច្រើន ប្រធានាធិបតី រុស្ស៊ីសព្វថ្ងៃ នឹងរក្សាទុក លទ្ធភាពបន្តដើរតួ ហុចមកដោយមធ្យោបាយបញ្ឆិតបញ្ឆៀង​នេះ។

សព្វថ្ងៃ ក្រុមប្រឹក្សារដ្ឋ ជាអង្គការពិគ្រោះយោបល់ នៅអមប្រធានាធិបតីរុស្ស៊ី ។ ស្ថិតក្នុងសមាសភាព ក្រុមប្រឹក្សានេះ គឺមាន ៖

-ប្រធានសភាឌូម៉ា ,. ប្រធានព្រឹទ្ធសភា , រាល់តែតំណាងពេញសមត្ថកិច្ចរបស់ប្រធានាធិបតី ប្រចាំនៅ​តាម គ្រប់តែ ៨ និគមសហព័ន្ធ , អ្នកដឹកនាំនៃ ក្រុមតំណាងរាស្ត្រទាំង ៤ គណបក្ស ដែលមានអាសនៈប្រចាំ ក្នុងសភាឌូម៉ា , ព្រមទាំង គ្រប់តែ អភិបាលនៃ ខេត្តទាំង ៨៥ ចំណុះសហព័ន្ធរុស្ស៊ី។ ក្នុងសារប្រចាំឆ្នាំ ថ្លែងទៅកាន់រដ្ឋសភាថ្ងៃ ១៥ មករា លោកពូទីន បានស្នើឲ្យបង្កើនតួនាទី ក្រុមប្រឹក្សារដ្ឋ ហើយចែងអំពី រឿងនេះ នៅជាប់ក្នុងរដ្ឋធម្មនុញ្ញ។ សំណើលោកប្រធានាធិបតី ពូទីន គឺថា ៖ក្រុមប្រឹក្សារដ្ឋ ជា អង្គការធម្មនុញ្ញ ដែលពិនិត្យមើល បញ្ហានយោបាយក្រៅប្រទេស និង ក្នុងប្រទេស និង បញ្ហាសង្មម-សេដ្ឋកិច្ច។

មិនអាស្រ័យ តើក្រុមប្រឹក្សារដ្ឋ នឹងមានរូបរាងយ៉ាងណា បន្ទាប់ពីកំណែទម្រង់រដ្ឋធម្មនុញ្ញ តាមយោបល់ខ្ញុំ គឺនឹងលេចចេញមកជា ការគ្រប់គ្រងប្រទេស ក្នុងសណ្ឋានដែលហៅថា ក្បាលពីរ- នេះជាការវិភាគធ្វើដោយ លោកស្រី Tatiana Stanovaya នៃ មជ្ឈមណ្ឌលជញ្ជឹងគិត R.Politik។ “ ប្រជាធិបតេយ្យក្បាលពីរនេះ “ នឹងអនុញ្ញាត ឲ្យលោក វ៉្លាឌីមៀរ ពូទីន មិនមែនស្ថិតនៅជាប្រមុខដឹកនាំរដ្ឋទេ ប៉ុន្តែ បន្តស្ថិតនៅក្នុងអំណាច ដដែល”។ ជម្រើសនេះ អាចឲ្យច្រឡំបាននឹង ជម្រើសធ្វើដោយ លោក Noursultan Nazarbayev ដើម្បី ស្ថិតក្នុងអំណាចនៅ សាធារណៈរដ្ឋកាហ្សាក់ស្ថាន ។” គ្រាន់តែ លោក Nazarbayev មិនបានធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញស៊ីជម្រៅជាងនៅរុស្ស៊ី “លោកស្រី នយោបាយវិទូ Tatiana Stanovaya បង្ហាញឲ្យឃើញ ភាពប្លែកខុសគ្នា រវាង ការសើរើ នៅរុស្ស៊ី និង នៅកាហ្សាក់ស្ថាន។ នៅរុស្ស៊ី បើលោក វ៉្លាឌីមៀរ ពូទីន ដឹកនាំ ក្រុមប្រឹក្សារដ្ឋ តាមមតិខ្ញុំ គាត់នឹងមានអំណាចទូលំទូលាយជាង អំណាចដែលរក្សាទុក ដោយលោក Nazarbayev ក្នុងប្រទេសកាហ្សាក់ស្ថានរបស់គាត់។

សេណារីយ៉ូទី ៣ ៖ លោក វ៉្លាឌីមៀរ ពូទីន លះបង់ គឺ ដើម្បីអ្វីដែលល្អសម្រាប់អំណាច។ គាត់ស្វះស្វែង ក្នុងគោលដៅតែម្យ៉ាងគត់ គឺដើម្បីឲ្យប្រាកដក្នុងចិត្តថា បន្ទាប់ពីគាត់ អំណាចនៅមានស្ថិរភាព ចំណែក ស្ថាប័នទាំងអម្បាលម៉ាន របស់រដ្ឋ នឹងកាន់តែរឹងប៉ឹង។” គឺជា សេណារីយ៉ូ ដែលគាត់បានដក ពិសោធន៍ ទៅហើយ ក្នុងឆ្នាំ ២០០០ ដែលជា សេណារីយ៉ូ នៃការផ្លាស់ប្តូរមែនពិត ស្រករអ្នកដឹកនាំ- មតិវិភាគនេះ លើកឡើងដោយលោក Arnault Dubien នាយក អង្គការប្រមូលនិង ផ្សព្វផ្សាយ​ព័ត៌មាន នយោបាយ សេដ្ឋកិច្ច សង្គម បារាំង-រុស្ស៊ី ប្រចាំនៅក្រុងម៉ូស្គូ។ មិនត្រូវភ្លេចឡើយសោះឡើយថា លោក វ៉្លាឌីមៀរ ពូទីន បានមានប្រជាប្រិយភាពខ្ពស់ណាស់ កាលពីដើមរង្វង់ឆ្នាំ ២០០០ ផ្ទុយស្រឡះពីលោក Boris Yeltsin ដែលកាលណោះ បានចាកចេញពីឆាកនយោបាយដោយស្ម័គ្រចិត្ត ទៅហើយ។ ខ្ញុំគិតថា និមិត្តរូប លោក Boris Yeltsin និងពួកអ្នកដឹកនាំសូវៀតមុនគាត់ កាលពី ដើមទសវត្សទី ៨០ នៃសតវត្សមុន គឺជា កន្លាស់ បុកទម្លាយខ្លាំងក្រៃ ទាំងសម្រាប់លោកពូទីន ទាំងសម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។ ហើយខ្ញុំមិនប្រាកដឡើយថា ការនឹកស្រមៃចុងក្រោយរបស់លោក ពូទីន គឺបញ្ចប់ជីវិតខ្លួន នៅក្នុងអំណាច”។

សេណារីយ៉ូទី ៤ ៖ ការផ្ទេរអំណាច អាចប្រព្រឹត្តទៅ តាំងពីមុនឆ្នាំ ២០២៤ ! ពីព្រោះលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន អាចធ្វើឲ្យច្របូកច្របល់ដល់ប្រតិទិនបោះឆ្នោត ហើយរំកិលឲ្យប្រព្រឹត្តទៅមុនពេលកំណត់ ទាំងការបោះឆ្នោតសភា ដែលត្រូវធ្វើ ក្នុងឆ្នាំ ២០២១ ទាំងការបោះឆ្នោតប្រធានាធិបតី ដែលត្រូវធ្វើក្នុងឆ្នាំ ២០២៤!

តាមលោកស្រី នយោបាយវិទូ Tatiana Stanovaya ការប៉ាន់ស្មាន អំពីការបោះឆ្នោតមុនពេលកំណត់ ដែលរមែងចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី គួរតែ ចាប់អារម្មណ៍ឲ្យបានមធ្យ័ត។ ការនេះ សឲ្យឃើញថា លោក វ៉្លាឌីមៀរ ពូទីន ខំរួសរាន់ ឲ្យបានទៅដល់ទីដៅ ដែលមានចុចទុក។ មិនតែប៉ុណ្ណោះ ក្នុងសារប្រចាំឆ្នាំ ថ្លែងថ្ងៃ ១៥ មករា ទៅកាន់រដ្ឋសភា គាត់បានប្រកាសអំពីជំនួយសង្គមដែល​តម្រូវឲ្យរដ្ឋចំណាយច្រើន ប៉ុន្តែ សែនសំខាន់។ ការចំណាយនេះ គឺ ប្រមាណ ១៧.០០០ លាន ដុល្លារ ឫ ស្មើនឹង ០,៦% នៃ ផលិតផល ក្នុងស្រុកសរុប ហៅថា GDP ។ ចំណែកគុណប្រយោជន៍​ដែលគាត់អាចទាញយកពីការចំណាយនេះ នឹង ពន្យារទៅ យ៉ាងយូរណាស់ត្រឹម ១ ឆ្នាំ ឫ ២ ឆ្នាំ ទាល់តែ គេចោទជាសំនួរ ៖ ហេតុដូចម្តេច បានជាគាត់ ប្រារព្ធធ្វើ កំណែទម្រង់ឥឡូវនេះ ប្រសិន​បើគាត់មិនចង់ចាត់ចែង ការបោះឆ្នោតមុនកាលកំណត់ទេ?

ដោយនៅចាំអ៊ុតមើល គឺតម្រូវឲ្យ ការសើរើរដ្ឋធម្មនុញ្ញ ប្រព្រឹត្តទៅ បានល្អ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ប្រមាណ ថា កំណែទម្រង់នេះ អាចប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗខាងមុខ ហើយ” ការបោះឆ្នោតជាតិ”ដ្បិត រដ្ឋាភិបាល ប្រកែកមិននិយាយទេ អំពី “ប្រជាមតិ” ជុំវិញ ការធ្វើ វិសោធនកម្ម ពាក់ព័ន្ធនឹង ២២ ចំណុច សម្រាប់ បញ្ចូលទៅក្នុង រដ្ឋធម្មនុញ្ញ នឹងត្រូវចាត់ចែង ក្នុងខែ មេសា ខាងមុខទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ