អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉ូណាវីរុស៖ អ្នកស្លាប់នៅ​ចិន​កើន​ដល់​៤១នាក់ ឆ្លង​៣នាក់​នៅ​បារាំង ៤នាក់​នៅ​អូស្រ្តាលី

ករណីមេរោគផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស កំពុងបន្តគំរាមកំហែងពិភពលោក ជាមួយនឹងករណីឆ្លងកាន់តែច្រើន។ គិតត្រឹមថ្ងៃសៅរ៍ទី ២៥មករានេះ អាជ្ញាធរចិនបញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូរ៉ូណាវីរុស ចំនួន​៤១នាក់ ដែលបានស្លាប់ នៅក្នុងប្រទេសចិន។ នៅអូស្ត្រាលី អាជ្ញាធរបាន​អះអាងថា មាន​ករណីឆ្លងមេរោគ កូរ៉ូណាវីរុស ចំនួន​៤នាក់។ចំណែក​នៅបារាំងវិញ អាជ្ញាធរសុខាភិបាលបារាំង ទើបតែបានបញ្ជាក់​ កាលពីយប់ថ្ងៃសុក្រ ទី២៤មករា ថាមានករណីឆ្លងនៅប្រទេសបារាំង ចំនួនយ៉ាងហោច៣នាក់។ ករណីឆ្លងមេរោគ កូរ៉ូណាវីរុស ទាំង៣នាក់នេះ គឺជាករណីដំបូងបំផុតសម្រាប់តំបន់អឺរ៉ុប។

ផ្សាយពាណិជ្ជកម្ម

ឆ្លងបីនាក់ នៅបារាំង

លោកស្រី Agnes Buzyn រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង​ បានធ្វើសន្និសីទកាសែត កាលពីយប់ថ្ងៃសុក្រម្សិលមិញ ដោយបាន​បញ្ជាក់ថា មេរោគ កូរ៉ូណាវីរុសប្រភេទថ្មី (2019-NCoV) បានឆ្លងមកដល់បារាំង ដោយមានករណីឆ្លងចំនួន​៣នាក់។ ផ្អែកតាមព័ត៌មានបឋម ក្នុងចំណោមអ្នកផ្ទុកមេរោគនេះ មាន​២នាក់ ដែលទើបតែត្រលប់មកពីទីក្រុងវូហាន​ប្រទេសចិន និងម្នាក់ទៀត ជាសាច់ញាតិរបស់អ្នកដែលឆ្លងមេរោគនេះ។

អ្នកឆ្លងដំបូងគេបង្អស់នៅបារាំង គឺជាបុរសដើមកំណើតចិន អាយុ៤៨ឆ្នាំម្នាក់ រស់នៅទៅក្រុងបកដូ។ អ្នកជំងឺនេះ​បានមកដល់ប្រទេសបារាំង នៅថ្ងៃទី២២មករា ហើយបាន​ទូរស័ព្ទហៅពេទ្យបន្ទាន់ SOS Medecin បន្ទាប់ពីមានអាការៈក្តៅខ្លួន​ខ្លាំង។ ពេទ្យបានសួរដំណឹងទៅ ក៏ដឹងថាបុរសនោះទើបតែមកពីប្រទេសចិន ដោយបានឆ្លងកាត់ទីក្រុងវូហាន ហើយឆ្លងកាត់ប្រទេសហូឡង់ មុននឹងមកដល់បារាំង។ ពេទ្យ ក៏បានបញ្ជូន​អ្នកជំងឺទៅមន្ទីពេទ្យ Pellegrin នៅបរដូភ្លាម ដើម្បី​ដាក់ឲ្យនៅដាច់ដោយឡែក ហើយតាមដានជំងឺ។ ក្រោយការធ្វើតេស្តឈាម គឺអ្នកជំងឺនេះ ពិតជាមានផ្ទុកមេរោគកូរ៉ូណាវីរុសមែន។

ចំណែកអ្នកជំងឺ២នាក់ទៀត គេមិនទាន់ដឹងព័ត៌មានលំអិតច្រើនទេ គេគ្រាន់តែដឹងថា ស្ថិត​នៅក្រុងបារីស​។ ម្នាក់ ទើបតែមកពី​ទីក្រុងវូហានប្រទេសចិនដែរ ហើយបច្ចុប្បន្នកំពុង​ស្ថិតនៅមន្ទីរពេទ្យ Bichat ទីក្រុងប៉ារីស។ ចំណែកម្នាក់ទៀត គឺជាសាច់ញាតិរបស់អ្នកជំងឺនោះ តែគេមិនទាន់ដឹងថា ទើបតែត្រលប់​មក​ពី​ចិនដែរ ឬក៏​ឆ្លងនៅបារីសទេ។ យ៉ាងណាក៏ដោយ លោកស្រីរដ្ឋមន្ត្រីសុខាភិបាលបារាំង អះអាងថា អ្នកផ្ទុកមេរោគទាំង៣នាក់នេះ មានអាការៈធូរ គ្រាន់បើច្រើនហើយ។

អាចនៅមានករណីឆ្លងផ្សេងទៀត នៅបារាំង

លោកស្រីរដ្ឋមន្ត្រីសុខាភិបាលបារាំង លើកឡើងថា វាអាចនៅមានករណីឆ្លងនេះផ្សេងទៀត ដូច្នេះអាជ្ញាធរ​សុខាភិបាល គ្រូពេទ្យជំនាញ ត្រូវ​តែមានភាពរហ័ស ក្នុងការតាមដាន ធ្វើតេស្តសន្និដ្ឋាន និងផ្តល់ឱវាទឲ្យ​អ្នកដែលឆ្លង ឬដែលអាចប្រឈមនឹងការឆ្លងនេះ មានការប្រុងប្រយ័ត្ន។ បារាំងបានរកឃើញអ្នកផ្ទុកមេរោគនេះដំបូងគេនៅអឺរ៉ុប ក៏ដោយសារ​តែ​បារាំង​មាន​ប្រព័ន្​ធតាមដាន និងធ្វើតេស្តរកមេរោគនេះបានល្អ និងរហ័ស​ជាងប្រទេសផ្សេង។ អ្វីដែលសំខាន់ គឺត្រូវតែកំណត់បរិវេណ ឬទំហំនៃការឆ្លងនេះ ឲ្យបានឆាប់រហ័សបំផុត គឺប្រៀបដូចជាករណីពន្លត់អគ្គីភ័យ ដូច្នោះដែរ។

លោកស្រីបន្ថែមថា អាជ្ញាធរកំពុងតែ ធ្វើការអង្កេតត្រលប់ក្រោយវិញ ទាក់ទិននឹង​អ្នកផ្ទុកមេរោគទាំង៣នាក់នៅបារាំង ដើម្បីស្វែងរកប្រភពឆ្លងមេរោគ ហើយស្វែងរកមនុស្ស​ណាខ្លះ ដែលបានជួបប្រាស្រ័យ ទាក់ទងជាមួយ​អ្នកផ្ទុកមេរោគទាំង៣នាក់នេះ ដើម្បីឈានទៅទប់ស្កាត់ការឆ្លងទៅអ្នកផ្សេងទៀត ឲ្យបានទាន់ពេលវេលា។

អ្នកឆ្លងមានអាការៈជំងឺសាមញ្ញ

អ្នកជំនាញសុខាភិបាលចិន បានសន្និដ្ឋានដោយជាក់ច្បាស់ថា មេរោគកូរ៉ូណាវីរុស ពិតជាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ត្រង់ចំណុចនេះ ដែលជាការលំបាក ហើយដែលទាមទារឲ្យ​អ្នកជំងឺ ក៏ដូចជាក្រុមគ្រូពេទ្យ ត្រូវតែប្រុងប្រយ័ត្ន ផ្តោតការយកចិត្តទុក​ដាក់​ខ្ពស់។ អាការៈជម្ងឺ នៅពេលមនុស្សម្នាក់ឆ្លងមេរោគកូរ៉ូណាវីរុសនេះ គឺវាសាមញ្ញបំផុត ពោលគឺគ្រាន់តែក្តៅខ្លួន ផ្តាសាយ ក្អក ឈឺក្បាល ឬហូរសម្បោរ​ធម្មតាៗប៉ុណ្ណោះ។ ប៉ុន្តែបើទុកយូរអ្នកជំងឺ អាចនឹងប្រឈមនឹងការខូចប្រព័ន្ធផ្លូវដង្ហើម។

ហេតុដូច្នេះហើយ តោងមនុស្សម្នាក់ៗប្រុងប្រយ័ត្នខ្ពស់ ត្រូវចោទសួរខ្លួនឯងភ្លាម ថាក្តៅខ្លួនផ្តាសាយ ឬក្អក តាំង​ពីពេលណាមក មានបានធ្វើដំណើរទៅចិន ឬក៏បានជួបអ្នកណា ដែលទើបមកពីចិនដែរឬទេ។ ហើយបើ​មានការសង្ស័យ ត្រូវ​ទៅរកពេទ្យជាបន្ទាន់ ហើយធ្វើយ៉ាងណា ចៀសវាងឲ្យបា​ន​ជាទីបំផុត ក្នុងការប៉ះពាល់ ឬប្រាស្រ័យស្និទស្នាល ជាមួយមនុស្សផ្សេងទៀត ដើម្បីកុំឲ្យឆ្លងរាលដាល។

មធ្យោបាយចម្លងមេរោគនេះ គឺវាអាចតាមរយៈការប៉ះពាល់ដោយផ្ទាល់ និងតាមខ្យល់អាកាស បើសិនជាមនុស្សម្នាក់នៅមិនឆ្ងាយប៉ុន្មានពីអ្នកជំងឺ។ សារធាតុរាវ ដូចជាទឹករងៃ ទឹកមាត់ ឬសម្បោរជាដើម ទាំងនេះសុទ្ធតែអាចជាភ្នាក់ងារចម្លងមេរោគ។ ពេលអ្នកផ្ទុកមេរោគម្នាក់ក្អក ឬកណ្តាស វាអាចធ្វើឲ្យខ្ទាត​សារធាតុរាវ ទៅអ្នកផ្សេង ឬទៅលើវត្ថុដែលនៅក្បែរ។ ហើយអ្នកផ្សេងមកកាន់ ឬប៉ះវត្ថុនោះ នោះវាក៏អាចឆ្លងបាន​ដែរ។ ដូច្នេះតោងយើងពាក់ម៉ាសការពារ មាត់ច្រមុះ និង​លាងសម្អាតដៃ ឲ្យបានញឹកញាប់បំផុត ដើម្បីសម្លាប់មេរោគ។

នៅបារាំង អាជ្ញាធរសុខាភិបាល បានជូនដំណឹង ឲ្យអ្នកដែលសង្ស័យថា ខ្លួនអាចផ្ទុកមេរោគកូរ៉ូណាវីរុស មិនត្រូវទៅ​រកសេវាបន្ទាន់នៅពេទ្យដោយខ្លួនឯងទេ ព្រោះវាអាចឆ្លងដល់ផ្សេងនៅទីនោះ។ អ្នកសង្ស័យថាខ្លួនមានផ្ទុកមេរោគ ត្រូវទូរស័ព្ទទៅលេខ១៥ ដែលជាលេខបន្ទាន់ ដើម្បីឲ្យគេមកយក ទៅទុកនៅកន្លែងដាច់ដោយឡែក បិទជិត ខ្ទប់កុំឲ្យមេរោគ​ឆ្លងរាលដាល។

មិនទាន់ដល់ពេល ត្រូវផលិតវ៉ាក់សាំង

ទាក់ទិននឹងការស្រាវជ្រាវផលិតវ៉ាក់សាំង​ ដើម្បីប្រឆាំងមេរោគនេះវិញ កាលពីប៉ុន្មានថ្ងៃមុននេះ មានដំណឹងថា ក្រុមមន្ទីរពិសោធន៍រុស្ស៊ីមួយ កំពុងតែស្រាវជ្រាវ។ ក៏ប៉ុន្តែ សម្រាប់អ្នកជំនាញបារាំង ភាគច្រើនគេយល់ថា សម្រាប់ពេលនេះ គេមិនត្រូវប្រញ៉ាប់ប្រញាល់ ធ្វើវ៉ាក់សាំងនោះទេ។ លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Yasdan Yasdanpanah ប្រធានផ្នែកជំងឺឆ្លងនៅមន្ទីរពេទ្យBichat និងជាអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បានលើកឡើងថា វាជាការស្រម៉ៃសុទ្ធសាធ ដែលសម្តីខ្លះអះអាងថានឹងមានថ្នាំវ៉ាក់សាំងក្នុងពេលឆាប់ៗ។

ដូចគ្នាដែរ លោក Christophe D’Enfert អគ្គនាយកវិទ្យាសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័របារាំង បានលើកឡើងថា វាប្រញ៉ាប់ពេកហើយ ដែលចង់ធ្វើវ៉ាក់សាំងនាពេលនេះ ព្រោះថាយើងមិនទាន់ទាំងដឹង ពីទំហំនៃការឆ្លងរាលដាល​ និងទំហំគ្រោះថ្នាក់នៃមេរោគនេះច្បាស់ផង។ ព័ត៌មានសំខាន់ ដែលគេត្រូវការ ហើយដែលមិនទាន់មាននៅឡើយនោះ គឺទាក់ទិននឹងប្រភពចម្លងពីសត្វ នៃមេរោគនេះ។ ពោលគឺគេត្រូវដឹងថា វាចេញមកពីណា ចេញពីសត្វអ្វីឲ្យប្រាកដ។

លោក Arnaud Fontanet ប្រធាននាយកដ្ឋានសុខភាព​សកល នៃវិទ្យាស្ថានប៉ាស្ទ័រ ក៏បាន​អះអាងដែរថា ថ្នាំវ៉ាក់សាំងមួយមុខៗ គេត្រូវការ​ការស្រាវជ្រាវច្រើនឆ្នាំណាស់ ទំរាំអាចផលិតចេញ ហើយធានាថាមានប្រសិទ្ធិភាព។ ក្នុងករណីមេរោគកូរ៉ូណាវីរុសនេះ វាអាចជាមេរោគដែលឆ្លងតែមួយឆាវ ហើយវាអាចបាត់ទៅវិញ បើសិនជាគេទប់ស្កាត់បានទាន់ពេលវេលា។ ដូច្នេះបើធ្វើវ៉ាក់សាំង ក៏គ្មានអ្នកប្រើវាដែរទៅថ្ងៃខាងមុខ ហើយក្រុមហ៊ុនឬមន្ទីរពិសោធន៍ដែលផលិតវ៉ាក់សាំង ក៏គេមិនល្ងង់ យកប្រាក់មកចាក់ចោលបែបនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ