អានតួអត្ថបទ
អឺរ៉ុប-អ៊ីរ៉ង់

នុយក្លេអ៊ែរ៖ប្រមុខការទូតសហភាពអឺរ៉ុបបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់

ប្រមុខការទូតសហភាពអឺរ៉ុបលោក Josep Borrell
ប្រមុខការទូតសហភាពអឺរ៉ុបលោក Josep Borrell Reuters

នៅ​ថ្ងៃ​អាទិត្យ ទី២ កុម្ភៈ អ៊ីរ៉ង់​បាន​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​សហភាពអឺរ៉ុប​លោក Josep Borrell នៅ​អ៊ីរ៉ង់​ក្នុង​ថ្ងៃ​ចន្ទ ទី៣ កុម្ភៈ​នេះ។ លោក Abbas Moussavi អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា លោក Borrell ត្រូវ​ជួប​សន្ទនា​ជាមួយ​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​យ៉ាវ៉ាដ ហ្សារីស្វ និង​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ផ្សេង​ទៀត​ដោយ​មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ ទាក់ទង​នឹង​ប្រធានបទ​នៃ​ជំនួប​ក៏​លោក Mossavi មិន​បាន​បញ្ជាក់​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី វត្តមាន​របស់​ប្រមុខ​ការទូត​អឺរ៉ុប​ក្នុង​ទឹកដី​អ៊ីរ៉ង់​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ភាព​តានតឹង​ថ្មី​កំពុង​កើត​មាន​ឡើង​រវាង​អ៊ីរ៉ង់ និង​បស្ចិមលោក​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ផ្សាយពាណិជ្ជកម្ម

គឺ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ មាន​បារាំង ចិន រុស្ស៊ី អង់គ្លេស អាមេរិក និង​អាល្លឺម៉ង់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តែ​ក្នុង​ឆ្នាំ ២០១៨ អាមេរិក​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង និង​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ តែ​ប្រទេស​ហត្ថលេខី​ដែល​នៅ​សេសសល់ ពិសេស​ក្រុម​ប្រទេស​បស្ចិមលោក​បាន​បន្ត​បញ្ជាក់​ពី​ការ​មិន​ដក​ខ្លួន​ចេញ​ដូច​អាមេរិក​ទេ។ គឺ​ជំហរ​ដដែល​នេះ​ដែល​ប្រមុខ​ការទូត​អឺរ៉ុប​លោក Josep Borrell ត្រូវ​និយាយ​ប្រាប់​ភាគី​អ៊ីរ៉ង់​ឡើង​វិញ។

គួរ​រម្លឹក​ថា​តាម​រយៈ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ អ៊ីរ៉ង់​បាន​យល់​ព្រម​ផ្តោត​តែ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល និង​សុខចិត្ត​រួម​សហការ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ជា​ថ្នូរ​នឹង​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ផ្នែក។ តែ​ការ​ដែល​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង និង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​អ៊ីរ៉ង់​ធ្លាក់​ដុនដាប​ខ្លាំង។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ខែ​ឧសភា ឆ្នាំ ២០១៩ អ៊ីរ៉ង់​បាន​សងសឹក​វិញ​ដោយ​ផ្តើម​មិន​គោរព​តាម​ពាក្យ​សន្យា​ខ្លះៗ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ ជាក់ស្តែង អ៊ីរ៉ង់​បាន​ស្តុក​សារធាតុអ៊ុយរ៉ាញ៉ូម​ចម្រើនរួច​លើស ៣០០គីឡូក្រាម និង​ផលិត​ក្នុង​អត្រា​ខ្ពស់​ជាង​អត្រា​កំណត់​ដោយ​កិច្ចព្រមព្រៀង។

បន្ទាប់​មក​ក្នុង​ថ្ងៃទី៥ មករា អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​មិន​កំណត់​ចំនួន​ឧបករណ៍​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម។ ទន្ទឹម​គ្នា​នេះ ក្រុង​តេហេរ៉ង់​បាន​ចោទ​ក្រុម​ប្រទេស​បស្ចិមលោក​ពី​បទ​មិន​គោរព​ពាក្យ​សន្យា​ដោយ​មិន​ជួយ​អ៊ីរ៉ង់​នៅ​ចំពោះ​គំនាប​របស់​អាមេរិក។ អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួន​ត្រៀម​ខ្លួន​នឹង​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ទាំង​ស្រុង​ឡើង​វិញ ដរាប​ណា​មាន​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ទាំង​ស្រុង និង​ដរាប​ណា​អ៊ីរ៉ង់​ទទួល​បាន​ផល​ចំណេញ​សេដ្ឋកិច្ច​ដូច​ដែល​ខ្លួន​បាន​រង់ចាំ​នោះ។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ប្រមុខការទូត​អឺរ៉ុប​លោក Josep Borrell អាច​និយាយ​ជំនះ​អ៊ីរ៉ង់​ឲ្យ​ត្រឡប់​ទៅ​គោរព​កិច្ចព្រមព្រៀង​ទាំង​ស្រុងបាន​ឬ​អត់។ អ្វី​ដែល​គេ​ដឹង បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ធ្លាប់​បាន​ព្រមាន​បញ្ជូន​សំណុំរឿង​អ៊ីរ៉ង់​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​ជា​ថ្មី​ដើម្បី​បង្ខំ​អ៊ីរ៉ង់​ឲ្យ​គោរព​តាម​កិច្ចព្រមព្រៀង​ពេញលេញ។

តែ​អ៊ីរ៉ង់​ក៏​ធ្លាប់​បាន​ព្រមាន​បក​វិញ​ថា ការ​បញ្ជូន​សំណុំរឿង​នុយក្លេអ៊ែរ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​ជា​ថ្មី​មាន​ន័យ​ស្មើ​នឹង​ការ​ស្លាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជា​ស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ