អានតួអត្ថបទ
បារាំង

ទេសចរណ៍​បារាំង​កំពុង​រងគ្រោះ​បណ្តើរៗ ដោយសារ​កូរ៉ូណាវីរុស មកពី​ប្រទេស​ចិន

ស្ត្រីទេសចរ​ម្នាក់​ពាក់ម៉ាស នៅ​ក្បែរ​តួអែហ្វែល ទីក្រុង​ប៉ារីស​នៅថ្ងៃទី ១​កុម្ភៈ ២០២០
ស្ត្រីទេសចរ​ម្នាក់​ពាក់ម៉ាស នៅ​ក្បែរ​តួអែហ្វែល ទីក្រុង​ប៉ារីស​នៅថ្ងៃទី ១​កុម្ភៈ ២០២០ ©REUTERS/Gonzalo Fuentes

សម្លាប់មនុស្ស ៤២៥នាក់ និង​ឆ្លងទៅ​មនុស្ស ជាង​២ម៉ឺននាក់ មេរោគ​កូរ៉ូណា​ដែល​មាន​ប្រភព​ចេញមកពី​ទីក្រុង​វូហាន ប្រទេស​ចិន កំពុង ជះឥទ្ធិពល​អាក្រក់​ទៅលើ​វិស័យ​ទេសចរណ៍ ដែល​ជាដង្ហើម​សេដ្ឋកិច្ច​សំខាន់​មួយ​របស់​បារាំង។ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ម្សិលមិញ ប្រធាន​ក្រុមបណ្តាញ​សណា្ឋគារ​នៅប្រទេស​បារាំង បាន​លើក​ឡើង​ពីការខាតបង់ ដោយសារ​តែ ការធ្លាក់ចុះ​នៃ​ចំនួន អ្នកទេសចរ​ចិន ចាប់តាំង​ពីមាន​ផ្ទុះ​មេរោគកូរ៉ូណា​នៅប្រទេស​ចិន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​មួយ​ឆ្នាំៗ ប្រជាជន​ចិន ប្រមាណ ២លាន​នាក់ ធ្វើ​ដំណើរ​ទេសចរណ៍​មក​ប្រទេស​បារាំង។ ក្នុង​នោះ ប៉ារីស និង​តំបន់ជុំវិញ ជា​គោលដៅ​ទេសចរណ៍ សំខាន់ ជាងគេ នៅ​អឺរ៉ុប របស់​អ្នកទេសចរ​ចិន។ អ្នកទេសចរ​ចិន ដែល​នាំមុខ (នាំមុខ​ទាំង​ជនជាតិ​អាមេរិកាំង) ខាង​ចាយវាយ​ច្រើន ជាងគេ ក្នុង​ពេល​ដើរកំសាន្ត​ក្នុង​ទឹកដី បារាំង។

ប៉ុន្តែ ចាប់តាំង​ពី​ដើម​ឆ្នាំនេះ ពោល គឺ​ដោយសារ​តែ​ការរីករាលដាល​នៃ​កូរ៉ូណាវីរុស នៅ​ប្រទេស​ចិន​តែម្តង ក្រុមហ៊ុន​សណ្ឋាគារ​នៅ​ប៉ារីស និង​តំបន់​ជុំវិញ មាន​ដំណឹង​មិន​ល្អ​នោះទេ។ ការកក់បន្ទប់​សណ្ឋាគារ សម្រាប់​អតិថិជន​ចិន​ត្រូវ​បាន​គេ​ទូរស័ព្ទមក លុបចោល​ជាបន្តបន្ទាប់។

តាមការពន្យល់ របស់​ប្រធាន​បណ្តាញ​សណ្ឋាគារ ក្នុង​ប្រទេស​បារាំង លោក Jean Virgile Crance អ្នកទេសចរ​ចិន ដែល​ធ្វើដំណើរកំសាន្ត នៅ​ប្រទេស​បារាំង មាន​២ប្រភេទ។ ប្រភេទ​ទី ១ គឺអ្នកទេសចរ អ្នកមាន ដែល​ធ្វើដំណើរ​ជា​លក្ខណៈ​ឯកជន ស្នាក់នៅ​សណ្ឋាគារ និង​ចូលភោជនីយដ្ឋាន​ថ្លៃៗ។ ចំណែក​អ្នកទេសចរ​ប្រភេទ​ទី២ គឺ អ្នកទេសចរចិន ជាក្រុម ដែល​ត្បិតត្បៀត ក្នុង​ការចាយវាយ​លើ​ការធ្វើដំណើរ និង​ស្នាក់នៅ ដើម្បី យកលុយ​ទៅ​ចាយវាយ​យ៉ាងសម្បើម​សម្រាប់​ទិញ​ផលិតផល​ប្រណិតៗ​របស់​ក្រុមហ៊ុន​បារាំង ដូចជា​កាបូប ទឹកអប់​ជាដើម។ គឺ​អ្នកទេសចរចិន ធ្វើដំណើរ ​ជា​ក្រុម ដែល​លុបច្រើនជាងគេ ការកក់បន្ទប់​សណ្ឋាគារ ប្រមាណ ៨០ភាគរយ នៅ​ខែ​មករា និង​រហូត​ដល់ ១០០​ភាគរយ​តែម្តង សម្រាប់​ខែ​កុម្ភៈ។ សម្រាប់​ក្រុមហ៊ុន​សណ្ឋាគារ​មួយ​ចំនួន​ដែល​ធ្វើ​ជំនួញ​ជិតស្និទ្ធ​ជាមួយ អ្នកទេសចរចិន  ការលុបចោល​ការស្នាក់នៅ​របស់​អតិថិជន​ចិន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ប្រាក់ចំណូល ដល់​ទៅ ១ភាគ៣​នៃ​ប្រាក់ចំណូល​សរុប។

តាម​ប្រធាន​ក្រុមហ៊ុន បារាំង​មួយ​ឈ្មោះ Protourisme ក្រុមទេសចរ​ចិន បាន​សម្រេច​លុបចោល ដំណើរកំសាន្ត មក​បារាំង ដោយ​គំហុក ដោយសារ ពួកគេ​មិនអាច​ចាកចេញ​ពី​ប្រទេស​ចិន ដោយសារ​តែ​វិធានការ​បិទខ្ទប់​ទីក្រុង ដោយសារ​កូរ៉ូណាវីរុស។ ស្ថានភាព​នេះ នឹង​អាច​ពន្យារពេល​រហូត​ដល់​ខែ កក្កដា​ខាងមុខ ដែល​នឹង​ធ្វើ​ឲ្យ​បារាំង​អាច​បាត់អ្នកទេសចរ​ចិន ប្រមាណ ១លាននាក់។ ជាលទ្ធផល ទេសចរណ៍​បារាំង​នឹង​អាច​ខាតបង់ប្រាក់ ជាង ១ពាន់លាន​អឺរ៉ូ ក្នុងចំណោម​ប្រាក់ចំណូល​សរុប ៤ពាន់​លាន​អឺរ៉ូ ដែល​បារាំង​ទទួលបាន​ពីអ្នកទេសចរ​ចិន ក្នុង​មួយឆ្នាំៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ